វិបត្តិ​សុខភាព​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​ ខណៈ​ពេល​ដែល​ប៉ារ៉ាស៊ីត​ជំងឺ​គ្រុនចាញ់​អភិវឌ្ឍ​ភាពសុំា​នឹង​ឱសថ

  • Henry Ridgwell

រូបឯកសារ៖ សត្វមូសដែលចម្លងមេរោគគ្រុនចាញ់។

អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Mahidol ប្រទេស​ថៃ​និង​សាកលវិទ្យាល័យ Oxford នៅអង់គ្លេស​ សរសេរ​នៅក្នុង​ទស្សនាវដ្តី The Lancet និង​បកស្រាយ​ថា​​ប៉ារ៉ាស៊ីត​ដែល​មាន​ផ្ទុក​មេរោគ​គ្រុនចាញ់​កំពុង​អភិវឌ្ឍ​ភាពសុំា​នឹង​ឱសថ​ដ៏​សំខាន់​មួយ​នៅ​ទូទាំង​តំបន់​ជាច្រើន​នៃ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម។ ​​​​​

របាយការណ៍​នេះ​ព្រមាន​ថា ពពួក​ប៉ារ៉ាស៊ីត Plasmodium falciparum ដែល​បង្ក​ឲ្យ​មាន​ប្រភេទ​ជំងឺ​គ្រុនចាញ់​ដ៏​សាហាវ​បំផុត​នោះ កំពុង​សុំា​នឹង​ឱសថ​ព្យាបាល​ជម្រើស​ទី​មួយ​ដែល​ហៅថា DHA-piperaquine នៅក្នុង​តំបន់​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដែល​អ្នកជំងឺ​ជាច្រើន​កំពុង​ជួបប្រទះ​អត្រា​បរាជ័យ​៥០ភាគរយ ឬ​លើសពីនេះ​ក្នុង​ការព្យាបាល​ជំងឺ​។

ស្ថានភាព​នេះ​គឺ​សំខាន់​ណាស់​ដែល​នាំឲ្យ​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ឱសថ​ព្យាបាល​នេះ​មិនគួរ​ប្រើ​នៅក្នុង​ប្រទេស កម្ពុជា វៀតណាម និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​នោះ​ទេ ពីព្រោះ​វា​គ្មាន​ប្រសិទ្ធភាព​និង​រួមចំណែក​ដល់​ការ​កើនឡើង​នៃ​ការចម្លង​ជំងឺ​គ្រុនចាញ់។​

លោក​វេជ្ជបណ្ឌិត Sterghios Moschos នៃ​សាកលវិទ្យាល័យ​ Northumbria បាន​ឲ្យ​ដឹង​ថា យើង​ត្រូវតែ​យក​ការព្យាបាល​ថ្មីៗ​មកគិតពិចារណា។

លោក​វេជ្ជបណ្ឌិត Moschos បាន​មានប្រសាសន៍​ថា៖

«វា​ប្រហែល​ជា​មាន​ឱកាស​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​ស្វែងរក​ថាតើ​ពួកយើង​គួរតែ​នាំយក​ប្រភេទឱសថ​ព្យាបាល​ថ្មី​ៗ​ផ្សេងទៀត​ឬ​យ៉ាងណា ដូច្នេះ​នៅពេល​បញ្ហា​ចាប់ផ្តើម​ក្លាយ​ទៅជា​ធំ យើង​នឹង​មាន​ដំណោះស្រាយ​ដែល​អាច​នឹង​មាន​ប្រសិទ្ធភាព​នៅ​កម្រិត​ថ្នាំ​បញ្ចូល​គ្នា​ជាច្រើន»។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងបន្តទៀត​ថា យើង​ត្រូវ​ការ​វិធានការ​ជា​បន្ទាន់​ ដើម្បី​លុបបំបាត់​ពពួក​ប៉ារាស៊ីត Plasmodium falciparum ពី​តំបន់​ទាំងអស់​នោះ​។ បើមិនដូច្នោះទេ​ ​ពពួក​ប៉ារ៉ាស៊ីត​ដែល​សុំា​នឹង​ឱសថ​នោះ​អាច​នឹង​រាលដាល​បន្ត​ទៅទៀត​ទៅ​តំបន់​ផ្សេងទៀត​នៅ​អាស៊ី និង​អាហ្វ្រិក ដែល​នេះ​នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះអាសន្ន​ដល់​សុខភាព​ពិភពលោក។​

លោក​វេជ្ជបណ្ឌិត Moschos បាន​មានប្រសាសន៍​បន្ត​ទៀត​ថា៖

«អ្វី​ដែល​អាច​កើតឡើង​នោះ​គឺ​កប៉ាល់​មួយ​ដែល​ដឹក​អ្នកជំងឺ​គ្រុនចាញ់​ ឬក៏​អាង​ទឹក​មួយ​ដែល​មាន​មូស​នាំចូល​ទៅក្នុង​ទ្វីបអាហ្រ្វិក​ហើយ​បន្ទាប់មក​ពពួក​ប៉ារ៉ាស៊ីតនឹង​បងើ្កត​ជម្រក​របស់​ពួកវា។ ទោះ​បី​ជាយ៉ាងណាក៏ដោយ ករណី​ទំនង​ជា​កើតឡើង​នោះ​គឺថា​ការពង្រឹង​ផ្នែក​ការថែទាំ​សុខភាព​ជាប្រចាំថ្ងៃ​នៅក្នុង​ទ្វីប​អាហ្រិ្វក​នឹង​បង្កើត​ឱកាស​សម្រាប់​ពពួក​ប៉ារ៉ាស៊ីត​ទាំង​អស់​នោះ​ដើម្បី​វិវត្តភាព​សុំា»។​

ឥឡូវ​នេះ ការ​សាកល្បង​វ៉ាក់សុំាង​ជំងឺ​គ្រុនចាញ់​កំពុងតែ​ដំណើរការ​នៅ​ក្នុង​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអាហ្វ្រិក។ ប៉ុន្តែ​ការរួមបញ្ចូល​ឱសថ ដូចជា DHA-piperaquine នៅតែ​មានសារៈប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺ​គ្រុនចាញ់ ជាពិសេស​នៅក្នុង​ប្រទេស​ដែលមាន​សេវា​សុខភាព​នៅ​ខ្សោយ។

ចាប់តាំង​ពី​ឆ្នាំ​២០១៤​មក ដំណើរការ​ទូទាំង​សាកលលោក​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​បាន​ជាប់គាំង។ ​គេ​ឃើញ​មាន​ករណី​ជំងឺ​គ្រុន​ចាញ់​ប្រហែល​ជា​២១៩​លាន​ករណី​និង​ការស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ចំនួន​៤៣ម៉ឺន៥ពាន់​ករណី​នៅក្នុង​ឆ្នាំ​២០១៧ ដែល​អ្នកជំងឺ​ភាគច្រើន​គឺ​ជា​កូន​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ​នៅក្នុង​តំបន់​ភាគខាងត្បូង​វាលខ្សាច់​សាហារ៉ា៕

ប្រែ​សម្រួល​ដោយ លី វួចនា