កំណើនសេដ្ឋកិច្ចតិចតួច បំណុលកើនខ្លាំង និងសង្គ្រាមកាន់តែរាលដាលគឺជាបញ្ហាកំពូលក្នុងរបៀបវារៈផ្លូវការក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក។ ប៉ុន្តែ មេដឹកនាំនានាខាងហិរញ្ញវត្ថុបានចំណាយពេលច្រើនព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតឡើងក្នុងករណីដែលលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ។
ការកើនឡើងពិន្ទុគាំទ្ររបស់បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋរូបនេះនៅក្នុងការស្ទង់មតិថ្មីៗនេះបានធ្វើឲ្យរលុបបាត់ការមានប្រៀបរបស់គូបដិបក្សរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris។
ករណីនេះបានក្លាយជាផ្នែកមួយនៃការសន្ទនាស្ទើរតែទាំងអស់ក្នុងចំណោមមន្ត្រីហិរញ្ញវត្ថុ មន្ត្រីធនាគារកណ្តាល និងក្រុមអង្គការសង្គមស៊ីវិលដែលចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
កង្វល់មួយចំនួនក្នុងចំណោមកង្វល់ទាំងនោះគឺលទ្ធភាពដែលលោក Trump អាចធ្វើឲ្យក្រឡាប់ចាក់ដល់ប្រព័ន្ធហិរញ្ញវត្ថុសាកលលោកដោយការបង្កើនពន្ធនាំចូលដ៏សម្បើម ការចេញបណ្ណបំណុលបន្ថែមទៀតរាប់លានលានដុល្លារ និងការបង្អាក់កិច្ចការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុដើម្បីផ្តល់អាទិភាពលើការផលិតថាមពលឥន្ធនៈផូស៊ីលបន្ថែមទៀត។
ទេសាភិបាលធនាគារកណ្ដាលជប៉ុនលោក Kazuo Ueda បានថ្លែងថា៖ «គ្រប់គ្នាហាក់ដូចជាបារម្ភអំពីភាពមិនប្រាកដប្រជាខ្ពស់អំពីថាតើនរណានឹងក្លាយជាប្រធានាធិបតីថ្មី [របស់សហរដ្ឋអាមេរិក] និងថាតើគោលនយោបាយអ្វីដែលប្រធានាធិបតីថ្មីនោះនឹងដាក់ចេញ»។
មន្ត្រីធនាគារកណ្តាលម្នាក់ទៀតដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានពណ៌នាក្តីបារម្ភនេះចំៗតែម្តងថា៖ «គេមានអារម្មណ៍ថាលោក Trump នឹងឈ្នះ»។
លោក Trump បានប្តេជ្ញាថានឹងបង្កើនពន្ធ ១០% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់និង ៦០% លើទំនិញនាំចូលពីចិន។ ការបង្កើនពន្ធនេះនឹងប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅទូទាំងពិភពលោក ដែលទំនងជានឹងញ៉ាំងឲ្យមានការសងសឹកនិងធ្វើឲ្យតម្លៃផលិតផលកើនឡើង៕