Joana Mantey
ប្រែសម្រួលដោយ ជឹង ប៉ូជីន
អាក្រា, ហ្គាណា៖ ច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលមានបំណងលើកទឹកចិត្តឲ្យមានតម្លាភាព និងការទទួលខុសត្រូវប្រាក់ចំណូលក្នុងប្រទេសសម្បូរធនធានដូចជាប្រទេសហ្គាណា នឹងចូលជាធរមាននៅឆ្នាំ២០១៤។ ច្បាប់ Dodd-Frank Wall Street Reform Act តម្រូវឲ្យក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ ដែលចុះបញ្ជីជាមួយផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បង្ហាញព័ត៌មានទាំងស្រុងពីការបង់ប្រាក់ទៅឲ្យរដ្ឋាភិបាលនៃប្រទេសដែលក្រុមហ៊ុនទាំងនោះធ្វើពាណិជ្ជកម្ម។ ច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋហ្គាណា ជាពិសេសសហគមន៍ដែលរងផលប៉ះពាល់បរិស្ថានដោយសារឧស្សាហកម្មទាំងនោះប្រយុទ្ធដើម្បីសិទ្ធិរបស់ខ្លួន។
ច្បាប់នោះ រួមបញ្ចូលក្រុមហ៊ុនអន្តរជាតិជាង១.០០០ដែលរួមមានក្រុមហ៊ុនAnadarko, Hess, Kosmos និងTullow Oil ផងដែរដែលក្រុមហ៊ុនទាំងអស់នេះ មានប្រតិបត្តិការក្នុងប្រទេសហ្គាណា។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថាតម្លាភាពជាការចាំបាច់បំផុតនៅក្នុងប្រទេសហ្គាណា។ លោក បូកាយ ដានក្វា បូឌី (Boakye Dankwa Boadi) ជានាយកគមនាគមន៍នៅអង្គការWACAM ដែលជាអង្គការមិនយកកម្រៃមួយដែលបានចូលរួមក្នុងវិស័យបរិស្ថាន សិទ្ធិមនុស្ស និងនិស្សារណកម្ម។ លោកនិយាយថា កសិដ្ឋានកាកាវខ្លះ បានត្រូវបំផ្លាញនៅកេនីយ៉ាស(Kenyase) ក្នុងតំបន់ ប្រុងអាហាហ្វូ (Brong Ahafo) នៃប្រទេសហ្គាណាដើម្បីបើកផ្លូវដល់សកម្មភាពយករ៉ែ ប៉ុន្តែជនរងផលប៉ះពាល់មិនទាន់ទទួលបានសំណងពេញលេញនៅឡើយ។
«នៅពេលដែលគេចង់បង់ប្រាក់សំណងឲ្យកសិដ្ឋានកាកាវ គេបង់មិនដល់១០ដុល្លារផងសម្រាប់កាកាវមួយដើម។ ក្នុងពេលជាមួយគ្នានោះ កាកាវមួយដើម នាពេលនេះអាចឲ្យផលប្រហែល៥ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែ ពួកគេបង់ប្រាក់តែ១០ដុល្លារសម្រាប់ដើមកាកាវមួយដើមដែលដើមកាកាវនឹងមានជីវិតរហូតជាង៤០ឆ្នាំ។ ដូច្នេះ ក្នុងន័យនេះពួកគេធ្វើការផ្លាស់ប្តូរកសិករក្នុងរយៈពេលខ្លី»។
ពួកអ្នកគាំទ្រតម្លាភាពនិយាយថា ច្បាប់ Dodd-Frank នឹងអនុញ្ញាតឲ្យសហគមន៍ទទួលផលកាន់តែច្រើនពីនិស្សរណកម្មប្រេង និងរ៉ែ ពីព្រោះតែការបង់ប្រាក់ទាំងអស់ដែលធ្វើឡើងដោយក្រុមហ៊ុនបរទេសទៅឲ្យរដ្ឋាភិបាលនឹងត្រូវប្រកាសជាសាធារណៈ។
លោក អ៊ាន ហ្គារី (Ian Gary) ជានាយកជាន់ខ្ពស់ខាងនយោបាយរបស់អង្គការ អុកស្វាមអាមេរិក។
«ពេលដែលក្រុមហ៊ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីធ្វើការរុករក ជារឿយៗ គេបានបង់ប្រាក់មុន ដែលគេហៅថាប្រាក់អំណោយសម្រាប់ចុះហត្ថលេខា។ មានការបង់ប្រាក់ប្រភេទផ្សេងៗទៀតដូចជាពន្ធសាជីវកម្ម កម្រៃសគុណដែលពួកគេបង់ឲ្យថ្លៃគម្រោង ពន្ធគយ គេក៏ត្រូវតែបង្ហាញព័ត៌មានថាតើពួកគេបានបង់ប្រាក់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែរឬទេ។ ឧទាហរណ៍ ប្រសិនបើក្រុមហ៊ុនរ៉ែកសាងផ្លូវ ថ្លៃធ្វើផ្លូវនោះក៏ត្រូវតែបង្ហាញឲ្យគេដឹងតាមផ្លូវច្បាប់ដែរ»។
ប្រទេសហ្គាណាមានកម្រិតតម្លាភាពល្មមជុំវិញប្រាក់ចំណូលអាជីវកម្មរ៉ែ និងប្រេង។ ប្រទេសនេះបានអនុម័តច្បាប់គ្រប់គ្រងប្រាក់ចំណូលកាលពីឆ្នាំទៅដើម្បីធ្វើឲ្យប្រាកដប្រជាពីការប្រាប់ឲ្យដឹងពីប្រាក់ចំណូលដែលរដ្ឋាភិបាលបានទទួលពីផ្នែកប្រេង និងឧស្ម័ន។ ប៉ុន្តែ លោក ហ្គារីនិយាយថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកនឹងជួយពលរដ្ឋ សភានិងអ្នកយកព័ត៌មានធ្វើឲ្យប្រាកដថា អ្វីដែលក្រុមហ៊ុននិយាយថាគេបង់ គឺអ្វីដែលរដ្ឋាភិបាលប្រាកដនឹងបានទទួល និងប្រើប្រាស់។
«វាជាការធានាដើម្បីធ្វើឲ្យប្រាកដថា មិនមែនតែចំនួនដែលត្រូវបញ្ចេញឲ្យដឹងប៉ុណ្ណោះទេ ក៏ប៉ុន្តែចំនួនទាំងនោះត្រូវតែត្រឹមត្រូវនិងពិតប្រាកដទៀត។ ចំពោះប្រទេសហ្គាណា មានកម្រិតតម្លាភាពខ្លះនៅកម្រិតជាតិ ប៉ុន្តែនៅមូលដ្ឋាននិងសភាស្រុក មានព័ត៌មានតិចបំផុតអំពីប្រាក់ដែលសភាស្រុកទាំងនេះបានទទួល និងការប្រើប្រាស់បា្រក់ទាំងនោះ»។
លោក ហ្គារី បន្តទៀតថាវាមានសារៈសំខាន់សម្រាប់ពលរដ្ឋ ក្នុងការទាមទារឲ្យមានការទទួលខុសត្រូវ និងប្រើប្រាស់ព័ត៌មានដែលច្បាប់ថ្មីកំណត់។ លោក ហ្គារី និយាយថាមានការចាំបាច់សម្រាប់ប្រទេសប្រើប្រាស់ប្រេងក្នុងទ្វីបអឺរ៉ុបក្នុងការអនុម័តច្បាប់ស្រដៀងគ្នាដើម្បីធ្វើឲ្យប្រសើរឡើងនូវតម្លាភាពក្នុងប្រទេសសម្បូរធនធាន។ បច្ចុប្បន្ននេះ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបង្ហាញការគាំទ្រខ្លះដល់បទបញ្ញត្តិរបស់គណៈកម្មការអឺរ៉ុបឲ្យស្របគ្នាជាមួយច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក៕