អាល្លឺម៉ង់​ថា ខ្លួន​នឹង​មិន​ជំទាស់​ទេ ប្រសិនបើ​ប៉ូឡូញ​ផ្តល់​រថក្រោះ​ធុន Leopard 2 ទៅ​ឱ្យ​អ៊ុយក្រែន

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron (កណ្តាល) និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz (ស្តាំ) ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន នៅពេល​ពួកអស់លោក​ចូលរួម​បទបង្ហាញ​អំពី​គម្រោង​ឧស្សាហកម្ម Franco-German នៅ​វិមាន Elysee ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

ក្រុម​មន្ត្រី​បារាំង​និង​អាល្លឺម៉ង់​បាន​បើក​សន្និសីទ​កំពូល​នៅ​ក្នុង​ប្រទេស​បារាំង​កាលពីថ្ងៃ​អាទិត្យ ​នៅពេល​ដែល​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ឱ្យ​យល់ព្រម​បញ្ជូន​រថក្រោះ​ធុនធ្ងន់ Leopard 2 ទៅ​ឱ្យ​អ៊ុយក្រែន។

លោក​អធិការបតី​មិន​បាន​និយាយ​ថា​ តើ​អាល្លឺម៉ង់​នឹង​យល់ព្រម​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​រថក្រោះ​ចម្បាំង​នោះ​ដែរ​ឬ​ទេ ក៏ប៉ុន្តែ ​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ​បាន​ដកស្រង់​សម្តី​លោក​អធិការបតី​មកចុះ​ផ្សាយ​ថា​ ការសម្រេច​បែប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សម្រប​សម្រួល​ជាមួយ​សម្ពន្ធមិត្ត​រួមទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា​ លោក​មិន​ច្រានចោល​ពី​លទ្ធភាព​នៃ​ការបញ្ជូន​រថក្រោះ​ប្រភេទ Leclerc ទៅ​ឱ្យ​អ៊ុយក្រែន​ទេ។ ក៏ប៉ុន្តែ លោក​បាន​ព្រមាន​ថា ការបញ្ជូន​រថក្រោះ​នោះ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​បារាំង ​ឬ​ពង្រីក​សង្គ្រាម​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​ទេ។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក James Cleverly បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky News ថា​ លោក​ចង់​ឃើញអ៊ុយក្រែន​បាន​ទទួល​យុទ្ធោបករណ៍​ដូចជា​រថក្រោះ​ធុន Leopard 2។ សមាជិក​រដ្ឋសភាសហរដ្ឋ​អាមេរិក​លោក Michael McCaul ដែល​ជា​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​កម្មវិធី «This Week» ​របស់​បណ្តាញ​ទូរទស្សន៍ ABC ថា ​សហរដ្ឋ​អាមេរិក​គួរ​ផ្តល់​រថក្រោះ​ចម្បាំង​ប្រភេទ​ធ្ងន់ Abrams ​ដល់​អ៊ុយក្រែន​ដើម្បី​លើក​ទឹកចិត្ត​ប្រទេស​អាល្លឺម៉ង់​ឱ្យ​បញ្ជូន​រថក្រោះ Leopard ​របស់​ខ្លួន​ដែរ។

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​លោក Chris Coons ក៏​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC​ ដែរ​ថា ​វា​ជា​ពេលវេលា​ដើម្បី​ទុកចោល​មួយ​ឡែក​នូវ​ការព្រួយ​កង្វល់​របស់​សហរដ្ឋ​អាមេរិក​អំពី​ការផ្តល់​រថក្រោះ​ប្រភេទ Abrams នោះ។

អត្ថាធិប្បាយ​របស់​ក្រុម​មេដឹកនាំ​កាលពី​ថ្ងៃ​អាទិត្យ​បន្ទរ​ទៅតាម​មន្ត្រី​អឺរ៉ុប​កាលពី​ថ្ងៃ​សៅរ៍ប្រឆាំង​ការមិន​សម្រេច​របស់​អាល្លឺម៉ង់​អំពី​ការបញ្ជូន​រថក្រោះ​ធុនធ្ងន់​របស់​ខ្លួន​ទៅ​ឱ្យ​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការបរទេស Latvia លោក Edgars Rinkevics បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាល្លឺម៉ង់​ឱ្យ​បញ្ជូន​រថក្រោះ Leopard ​ទៅឱ្យ​អ៊ុយក្រែន​នៅពេល​ឥឡូវ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ អាល្លឺម៉ង់​នឹង​មិន​ជំទាស់​ទេ ​ប្រសិនបើ​ប៉ូឡូញ​សម្រេចចិត្ត​បញ្ជូន​រថក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់​ទៅ​កាន់​អ៊ុយក្រែន​ដើម្បី​ជួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។

លោកស្រី​ Annalena Baerbock ​បាន​ប្រាប់​ទូរទស្សន៍​បារាំង​ LCI​ ថា​ ខណៈពេល​ដែល​ប៉ូឡូញ​មិនបាន​ស្នើសុំ​ការអនុញ្ញាត​ឱ្យ​នាំចេញ​រថក្រោះ​ Leopard 2 ​របស់​ខ្លួន​ទៅកាន់​អ៊ុយក្រែន​ នៅឡើយ​ លោកស្រី​បាន​និយាយ​ថា ​ប្រសិនបើ​សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ «យើង​នឹង​មិន​ឈរ​រាំង​ផ្លូវ​នោះ​ទេ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។