លោកស្រីអធិការបតី Angel Merkel នៃប្រទេសអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន បានជួបជាមួយអធិរាជ Akihito និងនាយករដ្ឋមន្រ្តី Shinzo Abe នៅថ្ងៃច័ន្ទនេះ នៅក្នុងដំណើរបំពេញទស្សនកិច្ចលើកទីមួយទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេល៧ឆ្នាំ។
លោកស្រី Merkel បានប្រាប់អ្នកចូលរួមស្តាប់នៅក្នុងទីក្រុងតូក្យូថា អាល្លឺម៉ង់មានសំណាងដែលត្រូវបានគេទទួលយល់ព្រមឲ្យចូលក្នុងសហគមន៍ប្រទេសជាច្រើន បន្ទាប់ពីបទពិសោធដ៏គួរឲ្យរន្ធត់នៅក្នុងសង្គ្រាមលោកលើកទី២។
លោកស្រីអធិការបតី បានមានប្រសាសន៍ទៀតថា ការទទួលយល់ព្រមឲ្យចូលក្នុងសហគមន៍នេះអាចទៅរូចដោយសារ ទី១ពីព្រោះតែអាល្លឺម៉ង់បានប្រឈមនឹងអតីតកាលដ៏លំបាករបស់ខ្លួន ហើយពីព្រោះប្រទេសមហាអំណាចសម្ព័ន្ធមិត្តដែលគ្រប់គ្រងអាលឺ្លម៉ង់បានផ្តល់នូវទំនាក់ទំនងល្អជាថ្មីបន្ទាប់ពីឆ្នាំ១៩៤៥។
លោកស្រីអធិការបតីបានដកស្រង់សុន្ទរកថារបស់អតីតប្រធានាធិបតីអាឡឺម៉ង់ Richard von Weizsacker នៅក្នុងឆ្នាំ១៩៨៥ ដែលក្នុងនោះលោកបានហៅការបញ្ចប់សង្គ្រាមនៅក្នុងទ្វីបអឺរ៉ុបថាជា «ថ្ងៃរំដោះ» ។
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នឹងធ្វើសន្ទរកថាមួយពេលក្រោយនៅឆ្នាំ នេះ ដើម្បីប្រារព្ធខួបលើកទី៧០នៃការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។ ប្រទេសនានាដែលត្រូវបានត្រួតត្រាដោយជប៉ុននៅទទូចថា ជប៉ុនមិនបានសុំអភ័យទោសហើយនឹងសងជំងឺចិត្តឲ្យបានពេញលេញចំពោះសកម្មភាពក្នុងពេលសង្គ្រាមរបស់ខ្លួនឡើយ៕