មហាគណៈវិនិច្ឆ័យ​តុលាការ​រដ្ឋ Georgia ចោទ​ប្រកាន់​លោក Trump នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ការ​បោះឆ្នោត​ឆ្នាំ ២០២០

រដ្ឋអាជ្ញា​ថ្នាក់​រដ្ឋ​ប្រចាំ​ស្រុក Fulton អ្នកស្រី Fani Willis ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រុង Altanta រដ្ឋ Georgia កាល​ពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៣។

មហា​គណៈវិនិច្ឆ័យ​តុលាការ​នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Donald Trump ​និង​បុគ្គល ​១៨ ​នាក់​ផ្សេង​ទៀត​ពី​បទ​ពាក់ព័ន្ធនឹង​កិច្ច​ប្រឹងប្រែងក្នុង​ការ​កែប្រែការ​ចាញ់​ឆ្នោត​ឆ្នាំ ២០២០។

បទ​ចោទ​ទាំង ១៣ លើ​លោក Trump ដែល​បាន​បង្ហាញ​ឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ​មាន​ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ការ​រំលោភ​លើ​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​របស់​លោក ការ​ឃុបឃិត​ប្រព្រឹត្ត​ការ​បន្លំ​ឯកសារ​និង​ការ​ដាក់​ជូន​ឯកសារ​ក្លែងក្លាយ និង​បទល្មើស​ផ្សេងៗ​ទៀត។

បទ​ចោទ​អំពី «ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត» មាន​ន័យ​ថា រដ្ឋអាជ្ញា​រដ្ឋ Georgia ត្រូវតែ​ផ្ដល់​ភ័ស្តុតាង​ថា​លោក Trump បាន​រំលោភ​ច្បាប់​រដ្ឋ Georgia ចំនួន ២ ឬ​ក៏​ច្រើន​ជាង​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ច្រានចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត។

អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជាមួយ​នឹង​លោក Trump ផង​ដែរ​មាន​ដូចជា​អតីត​នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows មេធាវី​របស់​លោក Trump លោក Rudy Giuliani និង​អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក Jeffrey Clark ជាដើម។

រដ្ឋអាជ្ញា​ថ្នាក់​រដ្ឋ​ប្រចាំ​ស្រុក Fulton អ្នកស្រី Fani Willis បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ជន​ជាប់​ចោទ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​ប្រទេស​និង​កន្លែង​ផ្សេង​ទៀត​ដែល​មាន​បំណង «សម្រេច​ឱ្យ​បាន​នូវ​គោល​បំណង​ខុស​ច្បាប់​នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​លោក Donald J. Trump ដណ្ដើម​តំណែង​ជា​ប្រធានាធិបតី» ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែ​មករា ឆ្នាំ ២០២១។

ដីកា​ចោទ​ប្រកាន់​នេះ​បាន​រៀបរាប់​លម្អិត​អំពី​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដែល​ត្រូវ​បាន​ចោទ​នោះ ដែល​ក្នុង​នោះ​រួម​មាន​ដូចជា​ការ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​បន្លំ​ការ​បោះឆ្នោត​ចំពោះ​មន្ត្រី​រដ្ឋ Georgia ការ​ប៉ុនប៉ង​បញ្ចុះបញ្ចូល​សមាជិក​សភា​រដ្ឋ Georgia ឱ្យ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​និង​តែងតាំង​សមាជិក​អង្គ​បោះឆ្នោត​ដែល​គាំទ្រ​លោក Trump និង​ការ​លួច​ទិន្នន័យ​បោះឆ្នោត​ជាដើម៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP និង Reuters។