ការ​ស្លាប់​របស់​នាយ​ទាហាន​បង្ហាញ​ពី​អំណាច​ខ្លាំងក្លា​របស់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន

មន្ត្រី​មាន​សមត្ថកិច្ច​ចូល​រួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​អនុសេនីយ៍​ឯក ទៀន ករុណា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​ ដែល​ត្រូវ​ក្រុម​ជួញ​ដូរ​ថ្នាំ​ញៀន​បាញ់​របួស​ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊

លោក​នាយក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​នោះ​ ត្រូវ​បាន​ឧត្តម​សេនីយ៍​ទោ​ម្នាក់​ឈ្មោះ​ រស់ ​ឧស្សាហ៍ ​លក់​ទៅ​ឲ្យ​ភរិយា​របស់​ក្រុម​អ្នក​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់។​

អាវុធ ​សម្ភារៈ​ និង​សកម្មភាព​ត​ដៃ​របស់​ក្រុម​ជួញដូរ​គ្រឿង​ញៀន​កាល​ពី​សប្តាហ៍​មុន ដែល​បាន​សម្លាប់​នាយ​កង​រាជ​អាវុធហត្ថ​ម្នាក់ ​បង្ហាញ​ថា​ ក្រុម​ជួញដូរ​គ្រឿង​ញៀន​មានអំណាច​ខ្លាំងក្លា។ ក្រៅ​ពី​មាន​អាវុធ​ជា​ច្រើន​ក្នុង​ការ​បាញ់​ត​ដៃ​ជាមួយ​សមត្ថកិច្ច​ ក្រុម​ជួញ​ដូរ​ថ្នាំ​ញៀន​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល ​ដែល​ជា​ស្លាក​លេខ​សម្រាប់​រថយន្ត​របស់​អង្គភាព។ ជា​ធម្មតា ​ការ​យក​ស្លាក​លេខ​រដ្ឋ​មក​បំពាក់​លើ​រថយន្ត​ឯកជន ហើយ​ប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​រថយន្ត។

លោក​នាយក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​នោះ​ ត្រូវ​បាន​ឧត្តម​សេនីយ៍​ទោ​ម្នាក់​ឈ្មោះ​ រស់ ​ឧស្សាហ៍ ​លក់​ទៅ​ឲ្យ​ភរិយា​របស់​ក្រុម​អ្នក​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់។​ លោក​បន្ត​ថា ​ក្រសួង​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ​ថា ​តើ​ឧត្ដមសេនីយ៍​ទោ​នេះ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ ឬ​យ៉ាងណា។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា៖​«ឥឡូវ​នេះ​ក្រសួង​ក៏​បាន​ចាត់​ចែង​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ​រឿង​ហ្នឹង។​ ចាំ​មើល​របាយការណ៍​ខាង​អគ្គស្នងការ​ រក​ឃើញ​យ៉ាង​ម៉េច​ មិន​ទាន់​មក​ដល់​ក្រសួង​នៅ​ឡើយ​ទេ»។

​ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​នាយ​ឧត្តមសេនីយ៍​បន្ត​ថា ​ករណី​នេះ​ស្មុគ​ស្មាញ ​ព្រោះ​ជំនួយការ​របស់​លោក​ឧត្តមសេនីយ៍​ទោ​ រស់ ​ឧស្សាហ៍ ​ជា​អ្នក​ចុះ​បញ្ជី​រថយន្ត​នេះ​ ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដើម្បី​ពាក់​ស្លាក​លេខ​នគរបាល។ តែ​ម្ចាស់​រថយន្ត​មាន​កំហុស​ក្នុង​ការ​លក់​រថយន្ត​ដែល​ចុះ​ក្នុង​បញ្ជី​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។​

សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើ​ក្រុម​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)

លោក ខៀវ សុភ័គ ពន្យល់​ថា៖​«[រថយន្ត​របស់]​ អ្នក​ដែល​ដាក់​ស្លាក​លេខ​នគរបាល​នោះ​ គឺ​ជា​សម្បត្តិ​របស់​រដ្ឋ​ហើយ​របស់​ក្រសួង​មហា​ផ្ទៃ​ហើយ។ ​ត្រូវ​ចុះ​បញ្ជី​សារពើ​ពន្ធ​ជា​របស់​រដ្ឋ ហើយ​មិន​អាច​លក់​ដូរ​ទៅ​អ្នក​ណា​បាន​ទេ​ ក្រៅ​ពី​សាមី​ខ្លួន​ហ្នឹង​ប្រើប្រាស់។​ អា​ហ្នឹង​មាន​ចែង​អញ្ចឹង»។

ម្យ៉ាង​ទៀត ​លោក​ ខៀវ សាម៉ន ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទាក់ទង​នឹង​ការ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​នេះ ​និង​អំពី​សាវតារ​រថយន្ត​ Audi ​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​នគរបាល ​ដែល​ក្រុម​ជួញដូរ​ប្រើ​ប្រាស់​នោះ​ទេ។

លោក ខៀវ សាម៉ន បញ្ជាក់​ប្រាប់ VOA ថា៖​«អញ្ចឹង​បាន​ថា ​សមត្ថកិច្ច​ខាង​កង​រាជ​អាវុធហត្ថ​ហ្នឹង​គាត់​ទំនាក់ទំនង​ខាង​សមត្ថកិច្ច​ខាង​ស្លាក​លេខ​ហ្នឹង​ ខ្ញុំ​មិន​យល់ ​អត់​ដឹង​ទេ»។

ពេល​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ នា​ព្រឹក​ថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ក្រើន​រំឭក​យុវជន​ឲ្យ​ចៀសវាង​ការ​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ពេល​ដែល​លោក​សរសើរ​សិស្ស​និស្សិតដែល​ខិតខំ​រៀនសូត្រ​ ហើយ​ដែល​បាន​មក​ទទួល​សញ្ញាប័ត្រ​ពី​លោក។ លោក​ថ្លែង​ថា ​នៅ​កម្ពុជា ​បញ្ហា​គ្រឿង​ញៀន​មាន​សភាព​ធ្ងន់ធ្ងរ។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា៖​«នេះ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែរ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​ ដែល​ទាមទារ​សកម្មភាព​នៃ​ការ​បង្រ្កាប​តទៅ​ទៀត។​ រឿង​នេះ​មិនមែន​ជា​រឿង​កម្ពុជា​ដាច់​ដោយ​ឡែក​ទេ។ កម្ពុជា​គ្មាន​លទ្ធភាព​ដើម្បី​ផលិត​គ្រឿង​ញៀន​ខ្លួន​ឯង​ទេ។ ​ក៏​ប៉ុន្តែ​ វា​ហូរ​ពី​ប្រទេស​នានា​មក​កាន់​ប្រទេស​របស់​យើង»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែង​ដូច្នេះ ពេល​លោក​សម្តែង​ការ​រំលែក​មរណទុក្ខ​ចំពោះ​លោក​អនុសេនីយ៍​ឯក ទៀន ករុណា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​ត្រូវ​ក្រុម​ជួញ​ដូរ​ថ្នាំ​ញៀន​បាញ់​របួស​ ហើយស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។

វីដេអូ​របស់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថរាជធានីភ្នំពេញ ស្តីពី​ការ​បង្ក្រាប​ក្រុម​មេក្លោង​ធំជួញដូរ​គ្រឿងញៀន​នៅ​ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា​កន្លងទៅនេះ

ទាក់ទង​នឹង​កំណើន ​និង​ក្តី​បារម្ភ​អំពី​សកម្មភាព​គ្រឿងញៀន​នេះ ​លោក ខៀវ សាម៉ន​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បន្ថែម​ថា ​លោក​នាយក​រដ្ឋមន្ត្រី​តែងតែ​រំឭក​សមត្ថកិច្ច​ឲ្យ​ប្រឆាំង​គ្រឿង​ញៀន និង​រំឭក​យុវជន​ សិស្ស និស្សិត​ឲ្យ​ចាក​ឆ្ងាយ​គ្រឿង​ញៀន។​

​លោក ខៀវ សាម៉ន ថ្លែង​ប្រាប់ VOA ថា៖​«គាត់​ទទូច​រហូត​ហ្នឹង។​ គាត់​បញ្ជា​ ដឹកនាំ ​ព្រមាន ​ហើយ​ឲ្យ​បង្កើន​ការ​បង្ក្រាប​គ្រឿង​ញៀន​ហ្នឹង​ឲ្យ​ល្អ​ប្រសើរ»។

នៅ​ក្នុង​ការ​បង្ក្រាប​ក្រុម​ជួញ​ដូរ​ថ្នាំញៀន​ នៅ​សង្កាត់​បឹងកក់១​ ខណ្ឌ​ទួលគោក ​នា​ល្ងាច​ថ្ងៃ​ទី​២៧​ ខែ​មេសា​នោះ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចាប់​បាន​ជន​ល្មើស​សរុប​ទាំង​អស់​៥​នាក់ បាញ់​ស្លាប់​ម្នាក់ ​និង​ដកហូត​កាំភ្លើង​វែង​ខ្លី​៥ដើម។​

យោង​តាម​របាយ​ការណ៍​ស្ដីពី​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៥​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ដើម​ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ​កំណើន​បទ​ល្មើស​ក្នុង​ប្រទេស​កម្ពុជា​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​កើន​ឡើង​នូវ​សកម្មភាព​គ្រឿងញៀន​ក្នុង​តំបន់។​

បទ​ល្មើស​ទាក់ទង​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន គឺ​ជា​កត្តា​ចម្បង​ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ​ដូច​ជា​ចោរកម្ម ​និង​អំពើ​ហិង្សា​ទូទៅ៕