ក្រុមបុរសរួមភេទ​នឹង​បុរស​ប្រឈម​មុខ​នឹងការ​ឆ្លង​មេរោគអេដស៍​ខ្ពស់​បំផុត

រូបឯកសារ៖ បាតុករ​​ខ្មែរ​ម្នាក់​​បិទ​ផ្លាក​នឹង​មាត់​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​​​​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​​ដូច​គ្នា (LGBT) នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

​ការ​សិក្សា​នៅក្នុង​ឆ្នាំ​២០១៤​ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​និង​គម្រោង ​Flagship​ ​ក្រោមជំនួយ​ឧបត្ថម្ភ​ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​​ USAID​ បាន​រកឃើញ​ថា​ចំនួន​បុរស​ស្រឡាញ់​បុរស​សរុប​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់។

បើ​ទោះ​ជា​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ​ ក៏​ការ​ឆ្លង​មេរោគ​នេះ​ក្នុង​ចំណោម​ក្រុម​ប្រុស​ស្រឡាញ់​ប្រុសនៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ។​ ​នេះ​បើ​យោង​តាមរ​បាយ​ការណ៍​អង្កេត​របស់​ ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍នៃ​ក្រសួង​សុខា​ភិបាល​កម្ពុជា​ ​ដែល​ចេញ​ផ្សាយ​នា​សប្តាហ៍​នេះ។​

​ការ​សិក្សា​នៅក្នុង​ឆ្នាំ​២០១៤​ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​និង​គម្រោង ​Flagship​ ​ក្រោមជំនួយ​ឧបត្ថម្ភ​ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក USAID​ បាន​រកឃើញ​ថា​ចំនួន​បុរស​ស្រឡាញ់​បុរស​សរុបនៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់។ ហើយ​ក្នុង​នោះ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​មាន​កម្រិត​ខ្ពស់នៅត្រឹម​២,៣%​ នា​ឆ្នាំ​២០១៤។​

ក្នុង​ចំណោម​បុរស​៣ម៉ឺន​នាក់​នោះ​ទៀត​សោត​ ​មាន​តែ​៥០% ប៉ុណ្ណោះ​ ដែល​បាន​ដឹង​ពីស្ថាន​ភាព​សុខភាពរបស់​ខ្លួន​ រីឯ​៥០%​ផ្សេង​ទៀត​មិន​ទាន់​ទទួល​យក​ការ​ពិនិត្យ​សុខ​ភាពរបស់​ខ្លួន​នៅ​ឡើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​បុរស​ស្រឡាញ់​បុរស​ដូច​គ្នា​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​ជំងឺ​អេដស៍​ ព្រម​ទាំង​ងាយ​ក្នុង​ការ​ចម្លង​ជំងឺ​ទៅ​ដៃ​គូ​រួមភេទ​ដោយ​មិន​ដឹង​ខ្លួន។ ​

​ផ្ទុយ​ទៅវិញ​អត្រានៃ​ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំ​ណោម​មនុស្ស​ទូទៅ​ បាន​ធ្លាក់​ចុះ​ពី​០.៤៨%​ នៅ​ឆ្នាំ​២០១០​ មក​ត្រឹម​០.២៨%​ ក្នុង​ឆ្នាំ​២០១៤។​ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ អង្កេត​ដែល​ឧបត្ថម្ភ​ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក USAID។​

​លោក​ ជួប សុខចំរើន​ ជា​ប្រធាន​គម្រោង​ ​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ខាណា​ ដែល​ជាផ្នែក​មួយ​នៅក្រោម​គម្រោង​Flagship​ ​បាន​ឱ្យ​ដឹង​ថា​នេះ​ជា​លើក​ដំបូង​ហើយ​ ​ដែល​កម្ពុជា​ធ្វើ​ការ​សិក្សា​ទៅ​លើ​ករណី​អត្រាឆ្លង​មេរោគ​អេដស៍​ក្នុង​ក្រុម​បុរស​ស្រឡាញ់​បុរសនេះ​ ដែល​ក្រុម​នេះមាន​អត្រា​ឆ្លង​ជំងឺ​ខ្ពស់។​

លោក​ប្រធាន​គម្រោង​រូប​នេះ​បានពន្យល់​ប្រាប់​ពី​មូល​ហេតុ​យ៉ាង​ដូច្នេះ​ថា​៖​

«ក្រុម​នេះ​ គឺទី​មួយ​ជា​ក្រុម​ចល័ត​។​ ការ​ចល័ត​របស់​គាត់​គឺ ​ខ្ពស់​ណាស់​ដោយសារ​គាត់​មាន​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ លក់ភេទ។​ ទី២​គាត់​តែង​តែ​គិត​ថា​ការ​រួម​ភេទ​ជាមួយ​បុរស​ដូច​គ្នា​វា​អត់​ឆ្លង​អេដស៍​ទេ​។​ ចឹង​ឥរិយាបទ​នៃ​ការ​ប្រើស្រោម​របស់​ពួក​គាត់​នៅ​ទាប​នៅ​ឡើយ។​ សំខាន់​មួយ​ទៀត​គឺ​ ក្រុម​នេះ​គាត់​មាន​ដៃ​គូ​ជា​ស្ត្រី​ផង​ ជា​បុរស​ផង​ ក្រៅ​ពី​បុរស ​និង​បុរស»។

​លោក​ជួប សុខ​ចំរើន​ បង្ហាញ​ក្តី​បារម្ភ​របស់​លោក​ ​ចំពោះ​ការ​លាក់​មុខ​របស់​ក្រុម​បុរស​ស្រឡាញ់​បុរស ដែល​មិន​ព្រម​ចេញ​មុខ​មក​ទទួល​ការ​ពិនិត្យ​របស់​គម្រោង​លោក​។​ ​ជាង​នេះ​ទៀត​ ពួក​គាត់​មិន​ប្រើ​ប្រាស់ស្រោម​អនាម័យ​ពេល​រួម​ភេទ​ ​ដែល​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ។

«ក្រុម​នេះ​នៅ​តែ​មិន​ទាន់​ចេញ​មុខ​នៅ​ឡើយ។​ គាត់​ទទួល​យក​ការ​អប់រំ​តែ​ឥរិយាបទ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅរក​ភាព​វិជ្ជ​មាន​របស់​គាត់​អត់​មាន។​ ​ទីមួយ​ពួក​គាត់​អត់​ទទួល​យក​ការ​ធ្វើតេស្ត​ ​គាត់​នៅ​មាន​ការ​ខ្មាស​អៀន​ គាត់​នៅ​គិត​ថា​នៅ​មាន​ការ​រើស​អើង​ខ្លួន​គាត់។​ គាត់​ខ្លាច​គេ​ដឹង​លទ្ធផល​របស់​គាត់។ ​ការ​ព្យាបាល​ជា​វិធានការ​បង្ការ​ បើ​មនុស្ស​ទៅ​ព្យាបាល​កាន់​តែ​ច្រើន​ ​លទ្ធភាព​ទៅ​ចម្លង​កាន់​តែ​ទាប​ទៅ​ៗ»។​

ក្នុង​រយៈ​ពេល​ជិត​២ឆ្នាំ​ចុង​ក្រោយ​នេះ ​អង្គការ​ខាណា​ ​និង​ដៃ​គូ​ពាក់ព័ន្ធ​ជាង​២០​ទៀត ​បាន​និង​កំពុង​បណ្តុះ​បណ្តាល​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចំនួន​ជាង​ ​៧០០​នាក់​ហើយ​ឱ្យ​ក្លាយ​ជា​អ្នកអប់រំ​ ​និង​ផ្តល់ប្រឹក្សា​ផ្នែក​សុខភាព​ ឱ្យកាន់​តែ​ខិត​ជិត​ទៅ​ដល់​ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​តាម​មូលដ្ឋាន។​

​ឃឹម ស៊ីវត្ថ​ វ័យ​២២ឆ្នាំ​ ​ជា​ភ្នាក់​ងារ​អប់​រំអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ខេត្ត​សៀម​រាប​ និង​ជា​ប្រធាន​ក្លិប​ស្រីស្រស់​ដែលលើក​កម្ពស់​ផ្នែកសុខភាព​ ​និង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ទៅ​ដល់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា។​ បើទោះ​បីជា​ ​ឃឹម ស៊ីវត្ថ​ បាន​ប្តូរ​ភេទ​មក​ជា​ស្រ្តី​អស់​រយៈ​ពេល​៥ឆ្នាំ​មក​ហើយ​ ក៏ប៉ុន្តែ​ពួកគាត់ ​នៅ​មាន​ការ​លំបាក​ក្នុង​ចេញ​មុខ​មាត់​ជា​សាធារណៈ​ក្នុង​សង្គម​កម្ពុជា​ ដោយ​សារ​តែ​ ​គំនាប​សង្គម​ និង​ការរើស​អើង។

«ការងារ​របស់​ខ្ញុំ​គឺ​ធ្វើ​ទៅ​លើក្រុមអ្នកស្រឡាញ់​ភេទ​ដូច​គ្នា ​ទាំង​ក្រុម​បុរស​ស្រឡាញ់​បុរស ​និង​ក្រុម​អ្នកបម្លែង​ភេទ​ ​ដែល​លុប​បំបាត់ការ​ម៉ាកងាយ​ និង​ការ​រើស​អើង​ ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍។​ ​គាត់​លាក់​ខ្លួន​ដោយសារ​តែ​សង្គម​រើស​អើង​គាត់​ មើល​ទៅ​គាត់​ដូច​ជា​មនុស្ស​ដែល​ចម្លែក​ ចឹង​ហើយ​បានជា​ពួក​គាត់​លាក់​មុខ ​ចឹង​ហើយ​បាន​ជា​គា​ត់​ចេះ​តែ​ខ្លាច ​អត់​ហ៊ាន​ចូល​រួម​ក្នុង​សង្គម​ទេ» ។

​ថ្វី​បើ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​យ៉ាង​ណាក្តីក៏​តួ​លេខ​នេះ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​បើ​ប្រៀប​ធៀប​ ​នឹង​ប្រទេស​ជិតខាង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។​ ​ក្នុង​នោះ​ ​ខេត្ត​ចំនួន​៣​នៅ​កម្ពុជា​ដែល​មាន​អាត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​ជាង​គេ​គឺ​ ខេត្ត​បន្ទាយ​មានជ័យ​ ខេត្ត​សៀម​រាប​ ​និង​ទី​ក្រុង​ភ្នំពេញ។​ ហើយ​ការរើស​អើង​ចំពោះ​អ្នកផ្ទុក​មេរោគ​អេដស៍​នៅ​មាន​កម្រិត​ផង​ដែរ។ ​

លោក​ លី ពេញស៊ុន​ ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ឱ្យ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​ដៃគូ​ជាតិ​ ​និង​អន្តរជាតិពាក់ព័ន្ធ​ រំពឹង​ថា​នឹង​អាច​ឈាន​ដល់​ការ​លុប​បំបាត់​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​អេដស៍។​ ​ការ​លុប​បំបាត់​ការ​ឆ្លង​ថ្មី​នេះ​គឺ​ ​សំដៅ​ដល់​ការកាត់​បន្ថយ​អ្នក​ឆ្លង​មេរោគអេដស៍​ថ្មី ​ឱ្យ​កាន់​តែ​តិច​ទៅៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

«ថវិកា​ជា​ការ​លំបាក​មួយ​ ដោយសារ​លំហូរ​ជំនួយ​ថវិកា​ពី​បរទេស​ចាប់​ផ្តើម​កាត់​បន្ថយ​ សឹង​តែ​៥០%។​ ចឹង​យើង​ត្រូវ​រក​វិធី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាយ​លុយ​ឱ្យ​ចំទិស​ដៅ។​ ​ទី២​ ការ​លំបាក​នោះ​គឺ​កត្តា​ធនធាន​មនុស្ស។​ ​កាល​ណា​លុយ​កាក់​ច្រើន​ ធន​ធាន​មនុស្ស​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្ទាល់​នៅ​សហគមន៍​ក៏​មាន​ការ​លំបាក»​។​

តាម​ការ​សិក្សា​របស់​លោក​ វេជ្ជបណ្ឌិត​ យី ស៊ីយ៉ាន​ នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​សុខ​ភាព​ប្រជាជន​របស់​អង្គការ​ខាណា​បាន​ឱ្យ​ដឹង​ថា​ក្រុម​បុរស​ស្រឡាញ់​បុរស​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ខ្លាំង​ជាង​ប៉ុន្តែ​ទទួល​បាន​ការ​អន្តរាគមន៍តិច​ជាង​និង​មាន​ការ​យល់ដឹង​តិច​តួច​ជាង​ដោយ​សារ​ការ​លាក់​ខ្លួន​របស់​ពួក​គេ​ ​និង​ការ​ម៉ាក់ងាយ។

វេជ្ជបណ្ឌិត​ យី ស៊ីយ៉ាន​បានបន្ថែម​ថា៖ ​«​ជា​ការ​សន្និដ្ឋាន​របស់​ការ​ស្រាវជ្រាវ​ថ្មី​ៗ គេ​ឃើញ​ថា​ដោយសារ​ធម្មជាតិ​របស់គាត់​ ធម្មជាតិ​របស់​ក្រុម​បុរស​ស្រឡាញ់​បុរស​ នៅស្រុក​ខ្មែរ​យើង​ក៏ដូច​គេ​ដែរ​គឺ​គាត់​អត់​សូវ​បង្ហាញ​មុខ​ ភាគ​ច្រើន​ដោយសារ​ការ​រើស​អើង»។​

ដោយ​ឡែក​តាមការ​សិក្សា​របស់​លោក​វេជ្ជ​បណ្ឌិត​ ​មុន ផល្គុន​ មន្ត្រី​ផ្នែក​អង្កេត​តាម​ដាន​នៃមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​ និង​កាមរោគ​ ​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ ​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​តិច​ជាង​អ្នក​ដែល​មាន​ចំណេះ​ដឹង​ទាប។

ក្រៅ​អំពី​ក្រុម​បុរស​ស្រឡាញ់​បុរស​ ដែល​ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់​ជាង​គេ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ ​ក្រុម​ស្ត្រី​បម្រើ​សេវា​កំសាន្ត​ ​និង​ក្រុម​ចាក់​គ្រឿង​ញៀន​ ក៏​មាន​ការ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគអេដស៍​ខ្ពស់​ផងដែរ៕