លោក​Gates ​និយាយ​ពីការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ធ្វើឲ្យ​មាន​ស្ថិរភាព​ ដល់​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Robert ​Gates ​ដើរ​ក្បែរ​នាវា​ចំបាំង​អាមេរិក​ USS​ Missouri​នៅ​ Hawaii ​ថ្ងៃទី​៣១ ​ខែ​ឧសភា​ ឆ្នាំ​២០១១។

លោក​Robert ​Gates​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស ​សហរដ្ឋ​ អាមេរិក​មាន​ប្រសាសន៍​ថា​ លោក​មាន​ផែនការ​ប្រើប្រាស់​ទស្សនៈកិច្ច​ អន្តរជាតិ​ ចុង​ក្រោយ​បង្អស់​របស់​លោក​នៅពេល​ដែល​លោក​នៅកាន់​តំណែង​ដើម្បី​ធ្វើ​ឲ្យ​ សម្ព័ន្ធមិត្ត​ អាមេរិកាំង​នៅ​អាស៊ី​ដឹង​ថា​រដ្ឋាភិបាល​ក្រុង ​Washington​ នៅ​តែ​តាំង ចិត្ត​ដល់​តំបន់​នោះ។​ លោក​ Gates​ បាន​ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​នៅ​កោះ​ហាវ៉ៃ​កាល​ពីយប់​ថ្ងៃ​អង្គារ​មួយ​ថ្ងៃ​មុន​ពេល​ដែល​លោក​ចាកចេញ​ទៅកាន់​សន្និសិទ​ សន្តិសុខ​ដ៏​សំខាន់​មួយ​ជាមួយ​ប្រទេស​នានា​ក្នុង​ប្រទេស​សឹង្ហបូរី។

លោក​ Gates ​មាន​ប្រសាសន៍​ថា​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​នានា​ក្នុង​ទ្វីប​អាស៊ី​ដឹង​ថា​ទោះបី​លោក​ចាកចេញ​ពីតំណែង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​ហើយ​យោធា​សហ​រដ្ឋ​អាមេរិក​ ត្រូវ​គេ​រំពឹង​នឹង​កាត់បន្ថយ​ថវិកា​រាប់ពាន់​លាន​ចេញ​ពី​ថវិការ​បស់​ខ្លួន​ក៏ដោយ​ ការតាំងចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ Washington​ដល់តំបន់​នោះ​ នឹង​មិន​ងាករេ​ទេ។

«ទោះបី​យើង​មើលឃើញ​ការកាត់​បន្ថយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏ដោយមិន​មាន​បន្ធូរ​បន្ថយ​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​វត្តមាន​របស់​យើង​ក្នុង​ទ្វីប​អាស៊ី​ទេ។ យើង​ជា​ប្រទេស​ជាតិ​មួយ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ យើង​នៅតែ​តាំងចិត្ត​ធ្វើការ​ទាក់ទិន​ដដែល។»

លោក​ Gates ​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​របស់​លោក​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​វិមាន​រំលឹក​វិញ្ញាណ​ខ័ណ្ឌ​នាវា​សង្គ្រាម ​Missouri​ នៅ​កំពង់ផែ​ Pearl​ Harbor ។ការឈប់​សំចត​រយៈពេល​ខ្លី​ នៅ​កោះ​ហាវ៉ៃ​កើតមាន​ឡើង​រយៈពេល​មួយ​ថ្ងៃមុន​ពេល​លោក​រដ្ឋមន្រ្តី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សឹង្ហបូរី​ដើម្បី​ចូលរួម​សន្និសិទ​សន្តិសុខ​ជាមួយ​ដៃគូ​នានា​ក្នុង​តំបន់​អាស៊ី។

មន្រ្តី​ក្រសួង​ការពារប្រទេស​ជាន់ខ្ពស់​ម្នាក់​ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​លោក​ Gates​ បាន​ដឹង​ពី​ការព្រួយ​កង្វល់​របស់​តំបន់​នោះ​អំពី​ការកាត់​បន្ថយ​ការ​ចំណាយនា​ពេល​ខាងមុខ​ក្នុង​វិស័យ​យោធា​របស់​សហរដ្ឋ​អាមេរិក​ហើយ​លោក ​Gates ​មាន​ផែន​ការ​ឆ្លើយតប​ដល់​ ពួកគេ​នៅ​ឯ​ការសន្ទនា​ក្នុង​ប្រទេស​សឹង្ហបូរី​នៅ​ចុង​សប្តាហ៍​នេះ។ របៀប​វារៈ​សម្រាប់​សន្និសិទ​ក៏ត្រូវ​គេ​រំពឹង​នឹង​រួមបញ្ចូល​ការពិភាក្សា​ស្តីពី​ការ​បង្កើន​ខាង​វិស័យ​យោធា​របស់​ចិន​ហើយនឹង​ស្ថានភាព​ក្នុង​ប្រទេស​អាហ្គានី​ស្ថាន។

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន