ការគាំទ្រជាសាកលលើភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកមានកម្រិតខ្ពស់ជាងប្រទេសចិន។ នេះបើយោងតាមការវិភាគរបស់ក្រុមហ៊ុនស្ទង់មតិនិងវិភាគទិន្នន័យ Gallup កាលពីថ្ងៃទី៦ខែឧសភាកន្លងទៅ។ របាយការណ៍របស់ក្រុមហ៊ុននេះ បាននិយាយថា បើទោះបីជាមានប្រទេសកាន់តែច្រើនឡើងមានកម្រិតការគាំទ្រសម្រាំងលើភាពជាអ្នកដឹកនាំរបស់អាមេរិកក្តី ក៏ការគាំទ្រជាសាកលចំពោះទាំងអាមេរិកនិងចិន មានការធ្លាក់ចុះក្នុងឆ្នាំ២០២៣។
របាយការណ៍របស់ក្រុមហ៊ុននេះក៏បានបញ្ជាក់ផងដែរថា ខណៈដែលអាមេរិកទទួលបានកម្រិតគាំទ្រខ្ពស់ជាងប្រទេសចិនក្នុងភាពជាអ្នកដឹកនាំសាកលនោះ ការគាំទ្រនេះមានការប្រែប្រួលអាស្រ័យទៅលើថា តើគណបក្សមួយណាជាអ្នកដឹកនាំប្រទេសអាមេរិក។ ទិន្នន័យរបស់ក្រុមហ៊ុននេះក្នុងរយៈពេលជិត២០ឆ្នាំបង្ហាញថា ការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ហាក់ដូចជាទទួលបានការគាំទ្រជាសាកលខ្ពស់ជាងការដឹកនាំរបស់គណបក្សសាធារណរដ្ឋ។
នៅប្រទេសចំនួន១៣៣ ដែលត្រូវបានធ្វើការស្ទង់មតិក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិកនៅរក្សាបានការគាំទ្រនាំមុខចំនួន៨១ប្រទេសក្នុងចំណោម១៣៣ប្រទេសនេះ ដោយប្រទេសចិនមានការគាំទ្រនាំមុខតែចំនួន៥២ប្រទេសប៉ុណ្ណោះ។ សហរដ្ឋអាមេរិកមានប្រៀបលើចិនខ្លាំងបំផុតក្នុងប្រទេសកូសូវ៉ូ ខណៈប្រទេសចិនមានភាគរយគាំទ្រមានប្រៀបលើអាមេរិកច្រើនបំផុតក្នុងប្រទេសរុស្ស៊ី។
ក្រុមហ៊ុន Gallup បញ្ជាក់នៅក្នុងរបាយការណ៍នោះថា ការទទួលបាននូវការគាំទ្រក្នុងភាពជាអ្នកដឹកនាំនេះ មានសារៈសំខាន់ ក្នុងការធ្វើឱ្យប្រទេសនោះមានលទ្ធភាពដើម្បីបញ្ចេញឥទ្ធិពលរបស់ខ្លួន។ របាយការណ៍នេះបញ្ជាក់ថា៖ «បើកត្តាផ្សេងទៀតមិនមានការប្រែប្រួល នោះប្រទេសមហាអំណាចណាដែលមានកម្រិតគាំទ្រខ្ពស់ជាងនៅក្នុងប្រទេសដែលពេញចិត្តខ្លួន មហាអំណាចនោះអាចមានឱកាសច្រើនជាង ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន»។
របាយការណ៍នេះក៏និយាយផងដែរថា ពិន្ទុការទទួលបាននូវការគាំទ្រនេះ «ផ្តល់នូវមធ្យោបាយគាំទ្រដ៏សំខាន់មួយ សម្រាប់សមាសភាពនៃអំណាចទន់ដែលមានសារៈសំខាន់ក្នុងចំណោមពលរដ្ឋ»។
បើទោះជាអាមេរិកទទួលបានការគាំទ្រខ្ពស់ខ្លាំងជាងប្រទេសចិនក្តី ក៏ការគាំទ្រជារួមដល់ប្រទេសមហាអំណាចទាំងពីរនេះបានធ្លាក់ចុះ ដោយក្រុមហ៊ុន Gallup បាននិយាយនៅក្នុងរបាយការណ៍នោះថា នេះ«ជាការបង្ហាញនូវការធ្លាក់ចុះកាន់តែខ្លាំងនូវការសាទរចំពោះប្រទេសមហាអំណាចទាំងពីរនេះ»។
ហើយបើទោះបីជាការគាំទ្រដល់ភាពជាអ្នកដឹកនាំនៃប្រទេសទាំងពីរនេះមានការធ្លាក់ចុះជាទូទៅក្តី ក៏សហរដ្ឋអាមេរិកនិងប្រទេសចិន បានទទួលការគាំទ្រច្រើនក្នុងរយៈពេលវែង នៅក្នុងប្រទេសជាក់លាក់មួយចំនួនក្នុងពិភពលោកផងដែរ។ ប្រទេសចិនបានទទួលការគាំទ្រកើនឡើងនៅក្នុងប្រទេសតំបន់ទ្វីបអាហ្រ្វិក ដូចជាប្រទេសតង់សានី អូហ្គង់ដា អាហ្វ្រិកខាងត្បូង និងប្រទេសម៉ាឡាវីជាដើម។ ចំណែកអាមេរិកបានទទួលការគាំទ្រកើនឡើងនៅប្រទេសឥណ្ឌា ហ្វ៊ីលីពីន កូរ៉េខាងត្បូង និងវៀតណាម។
បើយោងលើរបាយការណ៍នេះ «សកម្មភាពដ៏ខ្លាំងក្លារបស់ចិនក្នុងតំបន់ជិតខាងរបស់ខ្លួន ហាក់ដូចជាបង្ហាញពីការឆ្លើយតបនៃការគំរាមកំហែងមួយ ដែលបានជំរុញប្រទេសទាំងនេះឱ្យងាកកាន់តែជិតទៅរកអាមេរិក ដែលទំនងជាចង់និយាយសំដៅទៅលើភាពដ៏គឃ្លើនដែលកំពុងកើនឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
កម្រិតការគាំទ្រក្នុងឆ្នាំនេះផ្អែកលើកត្តាមួយចំនួន ដូចជាការផ្លាស់ប្តូរក្នុងភាពជាអ្នកដឹកនាំ ឬការវិវត្តទៅមុខនៃជម្លោះសាកលសំខាន់ៗមួយចំនួន។ ឆ្នាំ២០២៤នេះ ជាឆ្នាំបោះឆ្នោតដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលបានកត់ត្រាទុក ដោយមានពលរដ្ឋជាងពាក់កណ្តាលពិភពលោក នៅក្នុងប្រទេសជាង៥០ រៀបចំធ្វើការបោះឆ្នោត។
អ្នកស្រី Julie Ray សហស្ថាបនិកនៃរបាយការណ៍របស់ក្រុមហ៊ុន Gallup នេះ បាននិយាយថា ផលប៉ះពាល់នៃការបោះឆ្នោតក្នុងឆ្នាំនេះ នឹងមានការលំបាកក្នុងការព្យាករទុក ប៉ុន្តែថា«ហានិភ័យនានា ប្រាកដជានឹងកើនឡើងខ្ពស់ក្នុងឆ្នាំនេះ»។
ការគាំទ្រលើភាពជាអ្នកដឹកនាំរបស់អាមេរិកអាចក្លាយជាសំណួរមួយ ខណៈពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលរងការរិះគន់ពីក្នុងស្រុកនិងក្រៅប្រទេសលើការបន្តការគាំទ្ររបស់អាមេរិកទៅលើប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលនៃសង្គ្រាមរបស់ប្រទេសនេះក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនអស់ជាង៣ម៉ឺននាក់ហើយរហូតមកដល់ពេលនេះ។ អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាប្រឆាំងនឹងក្រុមហាម៉ាស់ ក្រោយពីយុទ្ធជននៃក្រុមនេះបានឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំទៅ ដោយសម្លាប់មនុស្សអស់១.២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រមាណ២៥០នាក់។
អ្នកស្រី Ray និយាយថា ផលប៉ះពាល់ពីការគាំទ្ររបស់អាមេរិកលើប្រទេសអ៊ីស្រាអែល នៅមិនទាន់ឃើញច្បាស់នៅឡើយ។ អ្នកស្រីបន្ថែមថា «នៅពេលដែលយើងវិភាគលើប្រទេសដែលត្រូវបានស្ទង់មតិកាលពីឆ្នាំ២០២៣ ជាមួយនឹងការចុះទៅធ្វើការដល់ទីកន្លែងនៅមុននិងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលានោះ យើងមិនឃើញមានការខុសប្លែកគ្នាខ្លាំងឡើយនៅក្នុងការគាំទ្រនេះ»។
អ្នកស្រី Ray បន្ថែមទៀតថា ការគាំទ្ររបស់អាមេរិកលើប្រទេសអ៊ីស្រាអែល ពិតជាមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ក្នុងប្រទេសអ៊ីស្រាអែល សម្រាប់ការគាំទ្រលើភាពជាអ្នកដឹកនាំរបស់អាមេរិក ដោយអ្នកស្រីនិយាយថា កម្រិតនៃការគាំទ្រនេះមានការកើនឡើងខ្ពស់មិនធ្លាប់មានក្នុងពេលកន្លងទៅ។
ការស្ទង់មតិរបស់អង្គការ Gallup វិភាគទៅលើកម្រិតនៃការគាំទ្រសម្រាំង ឬ net approval ដែលជាផលដករវាងភាគរយដែលគាំទ្រ និងភាគរយដែលមិនគាំទ្រជុំវិញភាពជាអ្នកដឹកនាំរបស់ប្រទេសមួយ។
សម្រាប់ប្រទេសនិមួយៗ គេយកការគាំទ្រសម្រាំងលើប្រទេសអាមេរិកដកនឹងការគាំទ្រសម្រាំងលើប្រទេសចិន ដោយចេញជាលទ្ធផលនៃពិន្ទុមួយ ដែលមានរង្វង់ពី +២០០ ដល់ -២០០។
ពិន្ទុក +២០០ បង្ហាញនូវការគាំទ្រសរុបលើភាពជាអ្នកដឹកនាំរបស់អាមេរិក និងការមិនគាំទ្រសរុបលើភាពជាអ្នកដឹកនាំរបស់ប្រទេសចិន។ ពិន្ទុ -២០០ បង្ហាញពីលទ្ធផលបញ្ច្រាស់គ្នាវិញ ហើយពិន្ទុសូន្យបង្ហាញពីភាពស្មើគ្នាក្នុងការគាំទ្រនៃប្រទេសទាំងពីរ។
ប្រទេសកូសូវ៉ូដែលជាអ្នកគាំទ្រដ៏ធំបំផុតលើភាពជាអ្នកដឹកនាំរបស់អាមេរិក មានពិន្ទុគាំទ្រ +១៥៤ ចំណែករុស្ស៊ីដែលជាប្រទេសគាំទ្រចិនដ៏ធំបំផុតនោះ មានពិន្ទុគាំទ្រ -១៣២៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ