យុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីឈ្មោះគឺលោក មាស នី ដែលបានរងគ្រោះដោយសារអគ្គិភ័យបាត់បង់ផ្ទះសម្បែងបានដំណើរការទៅមុខយឺតៗក្នុងខណៈពេលដែលកាលបរិច្ឆេទចុងក្រោយឈានជិតមកដល់។
ក្រុមអ្នកជំនាញពីបញ្ហាសង្គមនៅកម្ពុជាដែលមានលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ ប្រធានវេទិការអនាគត លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា និងលោកប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍និងសីលធម៌កម្ពុជាបានរួមគ្នាដឹកនាំយុទ្ធនាការប្រមូលថវិកានេះដើម្បីជួយឧបត្ថម្ភដល់លោក មាស នី ក្រោយពីផ្ទះរបស់លោកត្រូវបានឆេះខ្ទេចអស់ដោយសារអគ្គិភ័យមួយបានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកប៉ា ច័ន្ទរឿន បានបញ្ជាក់ប្រាប់ VOA ពីយុទ្ធនាការនោះថា៖
«បាទ ជាការពិតដោយសារតែពួកយើងជាសហការី អ្នកធ្លាប់ស្គាល់និងធ្វើការជាមួយនឹងបណ្ឌិតមាស នីកន្លងមកហើយនៅពេលដែលលោកនិងក្រុមគ្រួសារជួបរឿងអកុសលដោយផ្ទះត្រូវបានភ្លើងឆេះអស់អីចឹងមានតែខិតខំអំពាវនាវរកវិធីឱ្យមានការបរិច្ចាគក៏ដូចជាជួយម្នាក់បន្តិចៗទៅដើម្បីដោះទាល់នៅពេលដែលខ្លួនគាត់និងគ្រួសាររបស់គាត់ជួបរឿងអកុសលបែបនេះ»។
លោកប៉ា ច័ន្ទរឿន បានបញ្ជាក់ថាការធ្វើយុទ្ធនាការដើម្បីជួយដល់លោកមាស នី ធ្វើឡើងដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជានិងការរៃអង្គាសតាមអនឡាញសម្រាប់អ្នកនៅក្រៅប្រទេសតាមរយៈគេហទំព័ររៃអង្គាសដ៏ធំគឺGOFUNDME ដែលមានទំព័រសម្រាប់លោកមាស នី គឺ៖ https://www.gofundme.com/helpmeasnee ។
គិតត្រឹមថ្ងៃពុធទី២៦ខែមិថុនា ដែលជាថ្ងៃទី៥នៃយុទ្ធនាការ គេហទំព័រនេះប្រមូលថវិកាបានចំនួន១.៦២៧ដុល្លារ ក្នុងគោលដៅរៃអង្គាសថវិការចំនួន៥០០០ដុល្លារ។ ប៉ុន្តែការរៃអង្គាសក្នុងប្រទេសដំណើរការទៅបានល្អប្រសើរ។ សរុបការរៃអង្គាសទាំងក្នុងស្រុកនិងតាមអនឡាញគឺ បានជាង១០.០០០ដុល្លារ គិតត្រឹមថ្ងៃពុធ។ នេះ បើតាមការបញ្ជាក់របស់លោក ប៉ា ច័ន្ទរឿន។
លោកប៉ា ច័ន្ទរឿនបានបន្ថែមថា៖
«យើងមានពេលវេលាកំណត់គឺ យើងធ្វើត្រឹមតែថ្ងៃ១ខែកក្កដាទេគឺដោយសារតែក្រុមយើងនេះជាក្រុមធ្វើការងារស្ម័គ្រចិត្តហើយយើងគិតថាយើងទុករយៈពេលជាង១០ថ្ងៃក្នុងការរៃអង្គាសថវិកាជូនគាត់ហើយបានប៉ុន្មានគឺ យកប៉ុណ្ណឹង។ អីចឹងនៅថ្ងៃទី១យើងនឹងមានរៀបចំពិធីប្រគល់ថវិកាជូនទៅ បណ្ឌិតមាសនី ដែលមានរបាយការណ៍ចំណូល ការបរិច្ចាគពីធនាគារក៏ដូចជាពីវេបសាយផងដែរ»។
អាជ្ញាធរប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថាអគ្គិភ័យកាលពីសប្តាហ៍មុននេះបានបណ្តាលឱ្យខូចខាតលំនៅដ្ឋាននិងទ្រព្យសម្បត្តិពលរដ្ឋចំនួន៤គ្រួសារ ក្នុងនោះមានលំនៅដ្ឋានរបស់លោកមាស នី អ្នកវិភាគនយោបាយនិងសង្គមផង។
លោកមាស នីតែងតែផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដោយមិនរើសមុខលើបញ្ហាដ៏រស៊ើបមួយចំនួនខាងផ្នែកសង្គម នយោបាយក្នុងប្រទេសនិងក្រៅប្រទេស កិច្ចការយោធា ការវិនិយោគនិងជំនួយអភិវឌ្ឍន៍ជាដើម។
អ្នកប្រើប្រាស់បណ្តាញសង្គមបានសង្ស័យថាឧប្បត្តិហេតុនេះ អាចជាការលេងល្បិចណាមួយដើម្បីបំបាក់ស្មារតីលោកមាស នី ដោយសារតែបទវិភាគរបស់លោកដែលមិនបានធ្វើឱ្យអ្នកមានអំណាចសប្បាយចិត្ត។
ប៉ុន្តែស្នងការប៉ូលិសខេត្តបាត់ដំបងបានអះអាងថាអគ្គិភ័យនោះកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី ព្រោះតែការធ្វេសប្រហែលរបស់អ្នកជិតខាងដែលមិននៅផ្ទះក្នុងពេលកើតហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្នងការខេត្តចុះថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា៖
«ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមច្រានចោលនូវរាល់ព័ត៌មានទាំងឡាយណាដែលលើកឡើងផ្ទុយពីការពិត ជាហេតុនាំបង្កឱ្យមានការភ័ន្តច្រឡំក្នុងមជ្ឈដ្ឋានមហាជន ពិសេសក្នុងមជ្ឈដ្ឋានអ្នកនិយមប្រើប្រាស់ព័ត៌មានបណ្តាញសង្គម»។
លោកប៉ា ច័ន្ទរឿនបានបញ្ជាក់ថាបើផ្អែកលើការរកឃើញរបស់ប៉ូលិសដូចនេះគឺមិនមានការសង្ស័យអ្វីទេប៉ុន្តែលោកបានបញ្ជាក់ពីការលំបាកខ្លះសម្រាប់អ្នកដែលចូលរួមវែកញែកវិភាគពីសង្គមកម្ពុជា៖
«ទិដ្ឋភាពទូទៅនៅក្នុងសង្គមយើងសម្រាប់អ្នកដែលធ្វើការងារសង្គមរួមទាំងក្រុមអ្នកវិភាគហ្នឹងផងគឺប្រឈមមុខនឹងបញ្ហាមួយចំនួនដែរបាទដោយសារតែពេលដែលយើងផ្តល់បទសម្ភាស យើងធ្វើការវិភាគទៅ ចំណុចខ្លះយើងលើកពីចំណុចវិជ្ជមាននិងអវិជ្ជមានហើយនៅក្នុងករណីខ្លះពាក្យពិតវារែងស្លែង ស្តាប់ទៅវាមិនសូវពិរោះពិសារ ប៉ុន្តែអ្វីដែលយើងលើកនឹងវាដើម្បីបង្ហាញពីចំណុចអវិជ្ជមាននិងផ្តល់ដំណោះស្រាយដើម្បីឱ្យមានការកែតម្រូវឬក៏ធ្វើឱ្យស្ថានភាពសង្គមវាប្រសើរទៅមួយកម្រិតទៀត»។
លោក មាស នីគឺជាអតីតសហការីនិងមិត្តភក្តិជិតស្និទ្ធនឹងលោកកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីឈ្មោះដែលបានរិះគន់មិនសំចៃមាត់ដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកកែម ឡីត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅរាជធានី ភ្នំពេញកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។
រយៈពេលប៉ុន្មានម៉ោងក្រោយពីអគ្គិភ័យកើតឡើងលោកមាស នី បានសរសេរតាមបណ្តាញសង្គមថាលោកមានការក្រៀមក្រំយ៉ាងខ្លាំងដែលលំនៅដ្ឋានដែលលោកបានខិតខំសន្សំថវិកាយ៉ាងយូរបានឆេះខ្ទេច៕