ពលរដ្ឋ​ចំណាក​ស្រុកមីយ៉ាន់ម៉ា​ដែល​រស់នៅ​ឆ្ងាយ​ពី​ស្រុក​សោកស្តាយ​ដែល​​ក្រុម​យោធា​​​ដណ្តើម​​ក្តោបក្តាប់​អំណាច​និង​បារម្ភ​ពី​​មហន្តរាយ​​សេដ្ឋកិច្ច​ជាតិ

រូបឯកសារ៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ាម្នាក់កាន់រូបលោកស្រី Aung San Suu Kyi ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

ទីក្រុងបាងកក ថៃ — សម្រាប់​ពលករ​ចំណាក​ស្រុកជា​ច្រើនសែន​នាក់​ ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ការដណ្តើម​អំណាច​គ្រប់គ្រង​របស់ក្រុម​យោធា​ដែល​ពួកគេ​មិន​សូវ​ពេញ​ចិត្ត​ស្រាប់​ផង​នោះ ជាការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការដួល​រំលំ​ដ៏​គ្រោះថ្នាក់​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់​ប្រទេស​មីយ៉ាន់ម៉ា និងជា​ការបំផ្លាញ​ផ្លូវ​ត្រឡប់​ទៅ​កាន់មាតុភូមិ​របស់​គេ​វិញ។ ​

ការព្រួយ​បារម្ភ​ពី​មនុស្សជា​ស្រឡាញ់​របស់​គេ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ស្រប​ពេលដែល​ប្រទេស​នេះ​កំពុង​ឈាន​ជើង​ឆ្ពោះ​ទៅ​រក​អនាគត​មួយ ដែល​ដឹកនាំដោយ​ក្រុមឧត្តម​សេនីយ៍​យោធា​ដែល​គ្មាន​ចិត្ត​សណ្តោស​ប្រណី​ កំពុង​កើន​ឡើង​ដោយក្តីកង្វល់​ដែល​ថា កំណើន​សេដ្ឋកិច្ចដ៏​ស្តួ​ចស្តើង​ដែល​កើត​មាន​ឡើង​ក្នុង​រដ្ឋបាល​របស់​អ្នកស្រី ​Aung San Suu Kyi ​នឹង​រលាយ​បាត់ទៅ​វិញ។ ក្រុម​យោធា​បាន​ដណ្តើម​កាន់​កាប់​អំណាច កាលពី​ថ្ងៃចន្ទ ​ទី​១​ ខែ​កុម្ភៈ។

«យើង​ជិត​បានវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ​ពីព្រោះ​រដ្ឋាភិបាល​កំពុង​ព្យាយាមនាំយក​ការវិនិយោគទុនសម្រាប់​ការអភិវឌ្ឍន៍​ និង​ការបង្កើតការងារ​សម្រាប់​ពលរដ្ឋ»។ នេះ​បើ​តាម​ការលើក​ឡើង​របស់ពលករ​ចំណាក​ស្រុក​ម្នាក់​ឈ្មោះ ​Gant Gaw ​អាយុ​ ៤៣ ​ឆ្នាំ​ ដែលមាន​មុខ​របរ​ធ្វើ​ជា​អ្នកសម្អាត​អនាម័យ​ នៅ​ក្នុង​អគារ​ហាង​ទំនិញ​មួយកន្លែង​ក្នុងទី​ប្រជុំជនក្នុង​ទីក្រុង​បាងកក ដែលបាន​ថ្លែង​ប្រាប់​វីអូអេ។

អ្នកស្រីបន្ត​ទៀត​ថា៖​ «ប៉ុន្តែ​សុបិន​របស់​យើង​កំពុងត្រូវរសាត់ទៅ​ឆ្ងាយ​ហើយ​នៅ​ពេល​នេះ»។

ក្តី​សុបិន​នោះ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ ២០១០ ​នៅ​ពេល​ដែល​ក្រុម​យោធា​បាន​ដោះលែង​អ្នកស្រី​ Aung San Suu Kyi​ ពីការឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ហើយ​ចាប់​ផ្តើម​ឲ្យ​មាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ជា​លើក​ទី​១ ​ក្នុង​ទ្រង់ទ្រាយធំ​ទូលំទូលាយ ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍​កន្លង​ទៅ។​

ការបោះឆ្នោតនោះ​បាន​ចាប់​ផ្តើមធ្វើ​ឡើង​ ក្នុង​ឆ្នាំ​ ២០១៥ ​នៅ​ពេល​ដែលគណបក្ស​របស់​អ្នកស្រី​ Aung San Suu Kyi ​បាន​ឈ្នះ​ការបោះ​ឆ្នោតដោយ​សំឡេង​ភាគ​ច្រើន​លើស​លប់ ​ដែល​បាន​បញ្ចប់ការដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាពឯកោ​ដោយខ្លួន​ឯង ការគ្រប់គ្រង​មិន​ត្រឹម​ត្រូវ​នៃ​ផ្នែក​សេដ្ឋកិច្ច​អស់​រយៈ​ពេល​ ៥០ ​ឆ្នាំ​ ដោយ​របប​យោធា និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់​ម៉ា​លិច​លង់​ទៅ​ក្នុង​ភាពក្រីក្ រ​និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិបាត់បង់កិត្តិយស​កេរ្តិ៍ឈ្មោះ​ជាដើម។​

ក្រុម​ឧត្តម​សេនីយ៍​យោធា​និងបក្ខពួក​របស់​គេបាន​ក្លាយ​ជា​អ្នកមាន​ទ្រព្យ​ធនស្តុកស្តម ដោយសារការធ្វើ​អាជីវកម្មពី​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​មហាសាល​របស់​ប្រទេសនេះ។ ការមិន​អើ​ពើក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចបាន​បង្ខំឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​លាន​នាក់ ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រីក្រ​ខ្លាំង​នោះ ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។​

ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ភាគ​ច្រើន​បាន​ទៅ​ធ្វើការ​ក្នុងប្រទេសថៃ ដែលស្ថិត​នៅ​ក្បែរ​ខាង​ ដែល​នៅ​ទីនោះពួកគេ​ធ្វើការ​ក្នុង​វិស័យ​សំណង់អគារ​ខ្ពស់ៗ ​ក្នុង​ទីក្រុង​បាងកក ​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​ និងក្នុងនាវានេសាទ ដោយ​បាន​ផ្ញើ​ប្រាក់​កាស​ជាច្រើន​ដល់​ក្រុម​គ្រួសារ​របស់​គេ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ការដណ្តើម​អំណាចដោយ​ក្រុម​យោធា​ កាលពី​ថ្ងៃចន្ទ ទី​១​ ខែ​កុម្ភៈ​នោះ​ បាន​ធ្វើ​ឲ្យ​បណ្តាញ​ទំនាក់​ទំនង​ទៅ​កាន់​ប្រទេសមីយ៉ាន់​ម៉ា​ត្រូវ​កាត់​ផ្តាច់​ជា​បណ្តោះ​អាសន្ន។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​រស់​នៅ​បរទេស​ ការគ្រប់គ្រង​អំណាច​របស់​ក្រុម​យោធា​បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​របស់​ពួកគេ​ធ្លាក់ចុះ​ ចំពោះ​ការរីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​គេ​គិត​ថា​នឹង​កើតមាន​ឡើង​នៅ​ពេល​ណា​មួយ​នោះ។​

«អំពើ​រដ្ឋ​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំខឹងជា​ខ្លាំង។ នេះ​បើតាម​ការលើក​ឡើង​របស់​អ្នកស្រី​ Aye Mar Cho ​អាយុ​ ៤៥ ​ឆ្នាំ ​ជា​បុគ្គលិកលើក​កម្ពស់​សិទ្ធិការងារ​ សម្រាប់​ពលករ​ចំណាក​ស្រុក​មីយ៉ាន់​ម៉ាសម្រាប់ការងារលើនាវា​នេសាទត្រី ​ក្នុង​កំពង់​ផែ​ Mahachai​ ដែល​ស្ថិត​នៅ​ជាយក្រុងបាងកក។

​អ្នកស្រី​បន្ត​ទៀត​ថា៖​ «​សាច់​ញាតិ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ​ពលរដ្ឋ​ជា​ច្រើនភ័យ​ខ្លាច។ ពួកគេ​ចាប់​ផ្តើម​ទិញស្បៀង​អាហារបម្រុង​ទុក។ ពួកគេ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពីពិភពលោក​ ដោយ​មិន​ដឹង​រក​ផ្លូវ​ណាទៅ​ទេ​ក្រៅ​តែ​ពី​ការភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ»។​

រូបឯកសារ៖ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្នុងប្រទេសថៃ បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា នៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​របស់​អ្នកស្រី​ Aung San Suu Kyi ​បាន​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា មាន​ការរីក​ចម្រើន​ ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​បើក​ទ្វារ​ឲ្យ​មាន​ការផ្តល់លុយ​ពី​ខាង​ក្រៅផ្តល់​បច្ចេកវិទ្យា ​និង​ជំនាញ​ផ្សេងៗ​នោះ​ ដែល​ក្នុង​នោះ​ក៏​មាន​ការផ្តល់​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​នូវ​ពន្លឺ​ផ្លូវ​វិល​ទៅ​រក​មាតុភូមិ ដែល​មាន​សេរីភាពប្រសើរ​ជាង​មុន និង​ការរីក​ចម្រើនប្រសើរ​ជាង​មុន​ផង​ដែរ។​

​នៅ​ពេល​នេះ​ ការគំរាម​កំហែង​ពី​ការដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​ចំពោះ​ការដណ្តើម​អំណាច​របស់ក្រុម​យោធា​មីយ៉ាន់ម៉ាបាន​អូសបន្លាយ​អស្ថិរភាព​ និង​ការវិល​ត្រឡប់​ទៅ​រក​ភាព​ឯកោ​ជា​ថ្មី​ម្តង​ទៀត​ ក្រោម​ការដឹក​នាំរបស់​ឧត្តម​សេនីយ៍​ Min Aung Hlaing ​និង​ការប្រឈម​នៃ​ការដើរ​បញ្ច្រាស​ទិស​ផង​ដែរ។​

«យើង​មិន​ត្រូវការ​ក្រុម​យោធា​នោះ​ទេ។​ យើង​មិន​មាន​សង្គ្រាម​ប្រយុទ្ធ​គ្នា​ជា​មួយ​ប្រទេស​ណា​មួយ​នោះ​ទេ ​ប៉ុន្តែ​ក្រុម​យោធា​ប្រទេស​មីយ៉ាន់ម៉ា​ជា​អ្នក​រំលោភ​សិទ្ធិ​ពលរដ្ឋ​មីយ៉ាន់ម៉ា»។​ នេះ​បើតាម​ការបញ្ជាក់​របស់អ្នកស្រី ​Aye Mar Cho។

រវាង​ការដណ្តើមអំណាច​និង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​

ក្នុងឆ្នាំ​ ២០១៩​ ប្រទេស​ថៃ​បាន​ចុះ​ឈ្មោះពលករចំណាក​ស្រុកមីយ៉ាន់​ម៉ាប្រមាណ​កន្លះ​លាន​នាក់។​ នេះ​បើយោងទៅ​លើ​ទិន្នន័យ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ។ ទន្ទឹម​នឹង​ដែរ​ផង​ដែរ​ ​ក៏មាន​ពលករ​ចំណាក​ស្រុក​ និង​ពលរដ្ឋ​ផ្លាស់​ទី​លំនៅ​មីយ៉ាន់ម៉ារាប់​សែន​នាក់​ផ្សេង​ទៀត ដែលមិន​បាន​ចុះ​បញ្ជី​ដែល​ភាគ​ច្រើនមក​មក​ក្រុម​ជនជាតិ​ភា​គតិច ​ដែល​បាន​រត់​គេច​ពី​សង្គ្រាម​ស៊ីវិល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ ហើយ​មិន​បាន​វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​របស់​ខ្លួន​វិញ។​

អ្នកស្រី ​Aung San Suu Kyi​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​និង​រីករាយជា​ខ្លាំង ​ដោយក្រុម​ពលរដ្ឋ​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​ថៃ​ នៅ​ពេល​ដែល​អ្នកស្រី​មក​ធ្វើ​ទស្សន​កិច្ច​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ២០១២ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ របស់​អ្នកស្រី​ ក្រោយ​ត្រូវ​បាន​របប​យោធា​មីយ៉ាន់​ម៉ា​ ដោះ​លែង​ពី​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ។​ ​ដំណើរ​ទស្សនកិច្ច​នោះ​ជា​ការចាប់​ផ្តើម​ឡើង​វិញ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ និង​ជា​និម្មិតរូប​នៃ​ការចម្រើន​ទៅ​មុខ ​និង​ការ​ផ្លាស់ប្តូរ​តាម​បែបប្រជា​ធិបតេយ្យ​មួយ។​

ការបោះឆ្នោតក្នុង​ខែ​វិច្ឆិកាកន្លង​ទៅ ​ក្នុង​ឆ្នាំ ​២០២០ នេះបាន​ផ្តល់​ជ័យ​ជម្នះ​ជាថ្មី​ម្តង​ទៀតដល់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីលទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​ក្នុង​នោះ​ក៏​រួម​មានសន្លឹក​ឆ្នោត​របស់​ពលករ​ចំណាក​ស្រុកមីយ៉ាន់ម៉ា​ នៅ​ក្រៅ​ប្រទេសផង​ដែរ​ ដែល​អ្នក​ខ្លះ​ទើប​បាន​បោះ​ឆ្នោត​ជា​លើក​ដំបូង​ ឬ​លើក​ទី ២ ​ក្នុង​ជីវិត​របស់​ខ្លួន។​

ទន្ទឹមជាមួយ​គ្នា​នេះ​ដែរ ក្រុម​យោធា​មីយ៉ាន់ម៉ា​បានក្តោបក្តាប់​អំណាច​ក្នុង​ដៃរបស់​ខ្លួន​ជា​ច្រើន ដោយ​ការគ្រប់គ្រងវិស័យសន្តិសុខ​ទាំងអស់ ​និង​អាសនៈ​សភា​ចំនួន​ ២៥% ​ដែល​ត្រូវ​បាន​ផ្តល់ដោយ​រដ្ឋធម្មនុញ្ញ​ ដែល​ខ្លួន​បាន​តាក់​តែង​ឡើង។

​ការឈ្នះ​ការបោះឆ្នោត​ចុង​ក្រោយ​នេះ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នេះ​ ហាក់​ដូច​ជា​ហេតុផល​មួយក្នុង​ការដណ្តើម​ការគ្រប់គ្រង​អំណាចរបស់​ក្រុម​យោធា​ បន្ទាប់ពីក្រុម​នេះ​បាន​ចោទ​ប្រកាន់​ពី​ការលួច​បន្លំ​សន្លឹក​ឆ្នោតដ៏​ច្រើន​មក។​ ក្រុមអ្នកជំនាញនៅ​មាន​ភាពមន្ទិល​សង្ស័យ​នៅ​ឡើយ ​ពី​ភាព​រឹងមាំ​នៃ​ការចោទ​ប្រកាន់​របស់​ក្រុម​យោធា​ជុំវិញ​ការលួច​បន្លំ​សន្លឹក​ឆ្នោត​នោះ។

កាលពី​ថ្ងៃចន្ទ​ ក្រុម​ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ជា​ច្រើន​នាក់​បាន​មក​ជួប​ប្រមូល​ផ្តុំ​គ្នា​នៅខាង​មុខ​ស្ថានទូត​មីយ៉ាន់ម៉ា​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដោយ​ពួកគេ​ជា​ច្រើន​នាក់បាន​ពាក់​ម៉ាស់​ពណ៌​ក្រហម ​ដែលមានរូបសត្វ​ក្ងោក​ដែលជា​និម្មិតសញ្ញា​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ។​

ការប្រឆាំង​តវ៉ា​របស់​គេដោយ​ការមិន​ពេញ​ចិត្តរបប​យោធា​បានកើត​មាន​ឡើង​ក្នុង​ប្រទេសថៃ​ ដែល​ជា​ប្រទេស​មួយ​ដែល​រដ្ឋាភិបាល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​យោធា​ កំពុង​ប្រឈម​នឹង​ការតវ៉ា​មិន​សប្បាយ​ចិត្ត​ពី​ក្រុម​ចលនា​យុវជន​ ដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ផង​ដែរ។

ប៉ុន្តែ​ការដាក់​សម្ពាធ​ពី​ប្រទេស​អាស៊ីអាគ្នេយ៍​ជិតខាង​របស់​ខ្លួនទៅ​លើក្រុម​យោធា​មីយ៉ាន់ម៉ានោះ​ប្រហែល​ជា​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ។​ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក Dulayapak Preecharush​ អ្នកជំនាញ​នៃ​ការសិក្សា​តំបន់អាស៊ី​អាគ្នេយ៍​ក្នុង​សាកល​វិទ្យាល័យ ​Thammasat​ ក្នុង​ប្រទេស​ថៃ។

«មេដឹកនាំ​សមាគមនៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ នឹង​មិនចាប់អារម្មណ៍​ខ្លាំង​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ក្នុងប្រទេស​មីយ៉ាន់​ម៉ា​នោះ​ទេ​ ពីព្រោះភាគ​ច្រើន​នៃ​ពួកគេ​ក៏​ជា​អ្នកអនុវត្តភាពផ្តាច់ការ​ផង​ដែរ»។​ នេះ​បើតាម​ការបញ្ជាក់​របស់លោក Preecharush។

​អនាគត​ដ៏​គ្រោះ​ថ្នាក់​និង​មិនប្រាកដ​ប្រជាក្នុង​ពេល​ខាង​មុខបង្កើត​ឲ្យ​មាន​ភាព​អន្ទះ​សារសម្រាប់​ពលរដ្ឋ​ចំណាក​ស្រុក​មីយ៉ាន់​ម៉ា​ ដែល​មាន​ចំនួន​ដ៏​ច្រើន ដោយសារព្រំដែនត្រឡប់​ទៅ​មាតុភូមិ​វិញ​កំពុង​ស្ថិត​ក្នុង​ភាពរឹត​បន្តឹង​ដ៏​ខ្លាំង​ ដោយ​ការត្រួត​ពិនិត្យនៃ​ជំងឺ​កូវីដ​១៩។​ ជំងឺ​កូវីដ​១៩ បង្ក​ឡើង​ដោយវីរុស​កូរ៉ូណា។

«ពលរដ្ឋ​មីយ៉ាន់ម៉ា​នាពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​រវាង​រដ្ឋប្រហារ ​និង​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩»​។ នេះ​បើ​តា​មការ​បញ្ជាក់​របស់​លោក ​Ko Han Gyi នៃ​អង្គការ​សិទ្ធិមនុស្ស ND-Burma ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេសថៃ៕​

ប្រែសម្រួល​ដោយ​លោកជ្រា វណ្ណារិទ្ធ