ថ្ងៃសុកនេះគឺជាខួបលើកទី ២ នៃការវាយប្រហារវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាការបះបោរមួយដោយក្រុមអ្នកខឹងសម្បារនិងជាអ្នកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលប៉ុនប៉ងដើម្បីរាំងខ្ទប់ការអនុម័តយល់ព្រមក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ ២០២០។
ក្រុមសមាជិកសភានៃគណបក្សទាំងពីរ នឹងជួបជុំគ្នានៅលើកាំជណ្តើរខាងមុខផ្នែកខាងកើតនៃអគារវិមានសភាអាមេរិកនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីឧទ្ទិសដល់មន្ត្រីអាមេរិក ដែលបានបាត់បង់ជីវិតឬរងរបួសដោយសារព្រឹត្តិការណ៍នៃការវាយប្រហារនៅថ្ងៃនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចូលរួមក្នុងពិធីមួយនៅសេតវិមាននៅថ្ងៃនេះ ផងដែរ ដោយផ្តល់មេដាយពលរដ្ឋរបស់ប្រធានាធិបតី Presidential Citizens Medal ដល់បុគ្គលឆ្នើម ១២ រូប ដែលមន្ត្រីសេតវិមានម្នាក់និយាយថា ជាអ្នកដែល«បានចូលរួមចំណែកដ៏សកម្មក្នុងលទ្ធិប្រជាធិតេយ្យ ជុំវិញព្រឹត្តិការណ៍ថ្ងៃទី ៦ មករា ឆ្នាំ ២០២១ នោះ»។
មេដាយពលរដ្ឋរបស់ប្រធានាធិបតី គឺជារង្វាន់ដែលទទួលស្គាល់ដល់ពលរដ្ឋអាមេរិកាំងទាំងឡាយណា ដែលបានធ្វើសកម្មភាពដ៏សំខាន់បំផុតដល់ប្រទេសជាតិ ឬដល់ពលរដ្ឋរបស់ខ្លួន។
ក្នុងចំណោមអ្នកទទួលបានមេដាយទាំងនោះនៅថ្ងៃសុក្រនេះ ក៏រួមមានផងដែរ ម្តាយនិងកូនស្រី ដែលត្រូវបានគំរាមកំហែងនៅពេលកំពុងបំពេញការងារជាមន្ត្រីបោះឆ្នោតនៅក្នុងស្រុក Fulton នៃរដ្ឋ Georgia មន្ត្រីនៅវិមានសភាអាមេរិក មន្ត្រីនៅរដ្ឋធានីវ៉ាស៊ីនតោន មន្ត្រីប៉ូលិស សមាជិកសភា និងអតីតមន្ត្រីស៊ីវិលសហព័ន្ធជាដើម។
មេដាយមួយទៀត ដែលជាមេដាយបច្ឆមរណៈនោះ ក៏នឹងត្រូវផ្តល់ជូនដល់អតីតមន្ត្រីប៉ូលិសលោក Brian Sicknick ដែលជាមន្ត្រីប៉ូលិសប្រចាំវិមានសភាអាមេរិក ដែលបានបាត់បង់ជីវិត ក្នុងការការពារមន្ត្រីជាប់ឆ្នោតនានានៅពេលនោះ។ លោកបានស្លាប់កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០២១៕