ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីពីរ ដែលជាជុំចុងក្រោយ បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតលើកនេះ ត្រូវបានពលរដ្ឋបារាំងភាគច្រើនបាននិយាយថា ជាការបោះឆ្នោតដ៏ស្វិតស្វាញបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសបារាំង ដោយហេតុថា វាជាការបោះឆ្នោតដែលអាចសម្រេចថាតើប្រទេសបារាំងគួរតែស្ថិតនៅក្នុងសហភាពអឺរ៉ុប ឬក៏ចាកចេញពីសហភាពអឺរ៉ុប។
នៅក្នុងការប្រកួតប្រជែង ដែលគ្របដណ្ដប់ដោយបញ្ហាជាច្រើនដូចជា បញ្ហាការងារ និងបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខជាដើម ជម្រើសសម្រាប់អ្នកបោះឆ្នោតលើកនេះ នៅក្នុងការជ្រើសរើសបេក្ខជន មួយរូប ក្នុងចំណោមបេក្ខជនពីររូប គឺលោក Emmanuel Macron អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលមានទំនោរទៅរកសហភាពអឺរ៉ុប និងលោកស្រី Marine Le Pen អ្នកមានទស្សនៈជាតិនិយម ប្រឆាំងនឹងអន្តោប្រវេសន៍ គឺជាជម្រើសដែលពិបាកធ្វើការសម្រេចចិត្ត។
មូលហេតុចម្បងរបស់លោកស្រី Le Pen នៅក្នុងការប្រឆាំងនឹងសហភាពអឺរ៉ុប គឺស្រដៀងទៅនឹងអ្វីដែលអ្នកគាំទ្រការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប បានលើកឡើងថា គោលនយោបាយសេរីភាពនៃការធ្វើដំណើរនៅក្នុងសហភាពអឺរ៉ុប មានន័យថា សហភាពអឺរ៉ុបជាអ្នកគ្រប់គ្រងព្រំដែន មិនមែនប្រទេសជាសមាជិកជាអ្នកគ្រប់គ្រងនោះទេ។
រីឯគោលនយោបាយរបស់លោក Macron វិញ គឺគាំទ្រសហភាពអឺរ៉ុប ប៉ុន្តែលោកបានបញ្ជាក់ថា លោកចង់ធ្វើការកែទម្រង់សហភាពអឺរ៉ុប ដើម្បីឲ្យមានលក្ខណៈប្រជាធិបតេយ្យជាងមុន និងបានព្រមានថា ការអនុវត្តរបស់សហភាពអឺរ៉ុបជាបន្តដូចសព្វថ្ងៃ អាចធ្វើឲ្យបារាំងចាកចេញពីសហភាពអឺរ៉ុប។
ការស្ទង់មតិនានា គិតមកទល់នឹងថ្ងៃអាទិត្យនេះ បានបង្ហាញថា លោក Macron បាននាំមុខ ដោយទទួលបានសំឡេងគាំទ្រចំនួន ៦៣ ភាគរយ។ ចំណែកឯលោកស្រី Le Pen វិញ ទទួលបានសំឡេងគាំទ្រតែ ៣៧ ភាគរយ ប៉ុណ្ណោះ៕