ការអះអាង​អំពី​អំពើ​ពុករលួយ​ប្រឆាំង​អ្នក​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី​បារាំង​

លោក​​ប្រធានាធិបតី ​​នីកូឡាស​ សារកូស៊ី​​នៃ​​ប្រទេស​​បារាំង​​ ខាង​​ស្ដាំ​​ដៃ​​ស្ដាប់​​លោក​​ប៊្រីស​ អរតឺហ្វឺស៍​ រដ្ឋ​មន្ដ្រី​​ក្រសួង​​មហាផ្ទៃ​​និ​ង​អន្ដោប្រវេសន៍​​នៅ​​កិច្ច​​ប្រជុំ​​ស្ដី​​ពី​កសិកម្ម​​ នៅ​​ទីក្រុង​​ម៉ាយេ​​ដឺ​​ម៉ុងតាញ​​នៅ​​ភាគ​​កណ្ដាល​​នៃ​​ប្រ

រដ្ឋ​អាជ្ញា​នៃ​ប្រទេស​បារាំង​កំពុងតែ​ពិចារណា​មើល​ការ​អះអាង​អំពី​ប្រាក់​សំណូក​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សម្ព័ន្ធមិត្រ​បី​នាក់​របស់​លោក​ប្រធានាធិបតី ​ នីកូឡាស សារកូស៊ី​ (Nicholas Sarkozy) ​នៅ​ក្នុង​រឿង​អាស្រូវដែល​កាន់​តែ​រីក​ធំឡើង​ ហើយ​ដែល​គម្រាម​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ ដល់​ការឈរ​ឈ្មោះ​សម្រាប់​អាណត្ដិ​ទី​ពីរ​របស់​លោក​។

នៅ​ប្រទេស​បារាំង​ គេ​ស្គាល់​ហៅថា​ រឿង​ ការ៉ាឈី​ ឬ (Karachi affairs)។ រឿង​អាស្រូវ​នេះ​ជា​រឿង​ជំពាក់​ទាក់ទិន​នឹង​រឿង​ពុករលួយ​ដែល​កើត​មាន​ឡើង​នៅ​ឆ្នាំ​១៩៩៥​ នៅ​ពេល​ដែល​ប្រទេស​បារាំង​លក់​នាវាមុជទឹក​បី​គ្រឿង​ទៅ​ឲ្យ​ប្រទេស​ ប៉ាគិស្ថាន។ ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​ឥឡូវនេះ​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ថា​ ប្រាក់​ចំណូល​ ​បានមក​ពី​ការលក់​នាវា​មុជទឹក​នោះ​ ដែល​ពិត​ជា​បាន​ជួយ​ផ្ដល់​ប្រាក់​សម្រាប់​យុទ្ធនាការ​តំណែង​ប្រធានាធិបតី​ របស់​អតីត​នាយករដ្ឋមន្ដ្រី​ ​អេឌូអារដ៍ បាល់ឡាឌួរ(Eduard Balladur) នៃ​ប្រទេស​បារាំង​ ពី​ឆ្នាំ​ ១៩៩៣​ដល់​ឆ្នា​១៩៩៥។ លោក​ ប្រធានាធិបតី​ នីកូឡាស សារកូស៊ី​ជា​រដ្ឋមន្ដ្រី​ទទួលបន្ទុក​ខាង​កិច្ចការ​ថវិកា​នៅ​ពេល​នោះ​ ហើយ​មាន​ទំនាក់ទំនងជិតដិតជាមួយ​លោក​ បាល់ឡាឌួរ។ ក្រុម​ចៅក្រម​ថ្នាក់ក្រោម​ សង្ស័យ​ដែរ​ថា​ខសន្យានេះ​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​គ្រាប់បែក​នៅ​ប្រទេស​ប៉ាគិសស្ថាន​ ដែល​បណ្ដាល​ឲ្យ​ជនជាតិ​បារាំង​១១​នាក់​ស្លាប់។

ឥឡូវនេះ​ បុរស់​បី​នាក់​នោះ​ ដែល​ជិតស្និទ្ធ​ជា​មួយ​លោក​ សារកូស៊ី​ ជាប់ចោទ​ ក្នុង​បទ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ចោទ​រឿង​ប្រាក់សំណូក​នោះ។ ប៉ូលីស​បាន​ចាប់​បុរស​ពីរ​នាក់​កាល​ពី​អាទិត្យ​មុន​ ហើយ​បាន​ដោះលែង​ពួកគេ​វិញ​ក្រោយ​ពី​បាន​សាកសួរ​ពួកគេ។ ក្រុម​រដ្ឋអាជ្ញា​ក៏​ប្រកាស​ផង​ដែរ​ថា​ អស់​លោកកំពុង​ស៊ើបអង្កេត​ការ​អះអាង​ថា​បុរស​ទី​បី​គឺ​លោក ​ប៊្រីស អរតឺហ្វឺស៍ ​(Brice Hortefeux) ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បាន​ទទួល​ព័ត៌មាន​ដោយ​ខុសច្បាប់អំពី​ការ​ស៊ើប​អង្កេត​នោះ​ ហើយ​ឲ្យ​ព័ត៌​មានទៅ​បុរស​ម្នាក់ពី​ក្នុង​ចំណោម​បុរស​បី​នាក់​អំពី​ការ​ទទួល​សារភាព​របស់​ភរិយា​របស់​លោក​ចំពោះ​ប៉ូលីស​ គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ហេឡិន​(Helen)​ នៃ​ប្រទេស​ យូកូសឡាវី​ (Yugoslavie)។

«នៅ​ក្នុង​ការ​ធ្វើ​សម្ភាសន៍​ជា​មួយ​វិទ្យុ​ យូរ៉ុប វ័ន​ (Europe One) នៃ​ប្រទេស​បារាំង​ ព្រះអង្គ​ម្ចាស់​ក្សត្រិយ ហេឡិន​ ប្រកាន់​ខ្ជាប់​នូវពាក្យ​អះអាង​របស់​ទ្រង់​ដែល​ថា​ស្វាមី​របស់​ទ្រង់​វិល​ទៅ​ផ្ទះ​វិញ​ពី​ការ​ធ្វើ​ដំណើរ​ ដោយ​នាំ​យក​វ៉ាលីស​មួយ​ចំនួន​ពេញ​ទៅ​ដោយ​ប្រាក់។ ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​មិន​បាន​ដឹង​ថា​តើ​ប្រាក់​នោះ​បាន​មក​ពី​ណា​ទេ»។

នៅ​អាទិត្យ​មុនសេចក្ដី​ថ្លែង​របស់​លោក​ប្រធានាធិបតី​បារាំង​ បាន​ប្រកែក​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​អ្វី​ទាំង​អស់​របស់​លោក​ សារកូស៊ី​ នៅ​ក្នុង​រឿង​នេះ​ ដោយ​បាន​ថ្កោល​ទោស​ នូវ​អ្វីដែល​ខ្លួន​ពិព័ណ៌នា​ហៅ​ថា​ជា​ការ​មួល​បង្កាច់​ ហើយ​នឹងការ​ប្រើ​កល​ល្បិច​ផ្នែក​នយោបាយ​យ៉ាង​ប៉ិន​ប្រសប់ ។

រដ្ឋាភិបាល​និយម​ស្ដាំ​កណ្ដាល​របស់​លោក ក៏​មាន​សម្ព័ន្ធ​មិត្រ​ជិត​ដិត​នៅ​ជុំវិញ​លោក​ដែរ។

នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​ផ្សាយ​តាម​វិទ្យុ​បារាំង​ លោកស្រី​ សង់តាល់​ជូអានណូ​(Chantal Jouanno) រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ខាង​កីឡា​ ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដោយ​ផ្ទាល់​ស្ដី​អំពី​រឿង​នេះ​ទេ។ ក៏​ប៉ុន្ដែ​លោក​ស្រី​ក៏​រិះ​គន់​យ៉ាង​ខ្លាំង​ដែរ​ចំពោះ​អ្វី​ដែល​លោក​ស្រីហៅ​ថា​ជា​ការ​ប្រើ​កល​ល្បិច​ផ្នែក​នយោបាយ​យ៉ាង​ប៉ិន​ប្រសប់ ប្រាំពីរ​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។

លោក​ សារកូស៊ី ​កំពុង​ប្រឈម​មុខ​នឹង​ប្រជាប្រិយភាព​ទាប​ក្នុង​រយ:ពេល​រាប់​ខែ​ហើយ​ក្រុម​គូ​ប្រជែងរបស់​លោក​ បាន​ឆ្លៀត​យក​ប្រយោជន៍​អំពី​រឿង​អាស្រូវ​នេះ​យ៉ាង​ឆាប់​រហ័ស។ លោក​ ម៉ារីន ឡឺប៉ង់ ​(Marine Le Pen)​ បេក្ខជន​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​មក​ពី​គណបក្ស​ស្ដាំ​និយម​ហួស​ថ្កោល​ទោសចំពោះអំពើ​ពុករលួយ​នយោបាយ​ដែល​កំពុង​តែ​កើត​មាន​ជា​បន្ដ​ទៅ​ទៀត​ដូច​គ្នា​នឹង​សមាជិក​នៃ​គណបក្ស​សង្គមនិយម​ ជំទាស់​សំខាន់​ដែរ។

លោក​ស្រី​ ម៉ារទីន អូប៊្រី (Martine Aubry)​ ប្រធាន​គណបក្ស​សង្គមនិយម​ដែល​ជា​បេក្ខនារីឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ម្នាក់​ដែរ​នោះ​ ពិព័ណ៌នា​ហៅ​រឿង​នោះ​ថា​ ជា​រឿង​មួយ​ធ្ងន់​ធ្ងរជាង​គេ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​បារាំង។​ លោក​ស្រី​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ។

លោក សារកូស៊ី​ ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​បារាំង​នៅ​ឆ្នាំ​២០០៧​ ដោយ​បាន​សន្យា​ថា​ នឹង​បង្កើត​រដ្ឋា​ភិបាល​ល្អ​ស្អាត​ស្អំ​ មួយ។​ ប្រធានាធិបតី​កាន់​តំណែង​មុន​លោក​ គឺ​លោក​ ហ្សាក់ស៍ ​ឈីរ៉ាក់ (Jacques Chirac) ត្រូវ​បាន​តាម​ដាន​ដោយ​សារ​ការ​អះអាង​ អំពី​អំពើ​ពុក​រលួយ​មួយ​ចំនួន​ ដែរ​ក្នុង​ពេល​វិជ្ជាជីវ:​នយោបាយ​របស់​ដ៏​យូរ​លង់​របស់​លោក។ នា​បច្ចុប្បន្ននេះ​លោក​ត្រូវ​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ក្នុង​បទ​ពាក់​ព័ន្ធ​នឹង​ អំពើ​ពុក​រលួយខ្លះៗ។ ក៏​ប៉ុន្ដែ​រដ្ឋ​អាជ្ញាបាន​សុំ​ឲ្យ​តុលាការ​លុប​ចោល​ករណី​រឿង​លោក​ ឈីរ៉ាក់​ ដោយ​មក​ពី​ការ​ខ្វះ​ភស្ដុតាង​គ្រប់​គ្រាន់៕

ប្រែ​សម្រួល​ដោយ​ កង​ស៊ីវន