លោកប្រធានាធិបតីបារាំង Francois Hollande មានប្រសាសន៍ថា ទំនងនឹងគ្មានមនុស្សនៅរស់រានមានជីវិតលើយន្តហោះធុន Airbus A320 ដែលបានធ្លាក់នៅតំបន់ភ្នំ Alps នៃប្រទេសបារាំងឡើយ។
ជើងហោះហើរលេខ៩៥២៥របស់ក្រុមអាកាសចរណ៍ Germanwings ដែលបានដឹកអ្នកដំណើរនិងអ្នកបើកបរ១៤៨នាក់ បានធ្លាក់នៅព្រឹកថ្ងៃអង្គារនេះក្នុងអំឡុងពេលនៃការហោះហើរចេញពីទីក្រុង Barcelonaនៃប្រទេសអេស្ប៉ាញទៅកាន់ទីក្រុង Dusseldorf នៃប្រទេសអាល្លឺម៉ង់។ ក្រុមអាជ្ញាធរនិយាយថា កំទេចបាក់បែកពីការធ្លាក់យន្តហោះនោះ បានត្រូវប្រទះឃើញដោយឧទ្ធម្ភាគចក្រនៅក្នុងតំបន់ដាច់ស្រយាលនៃភាគអាគ្នេយ៍ប្រទេសបារាំង ដែលនឹងមានការលំបាកសម្រាប់ក្រុមអ្នករុករកដើម្បីឲ្យបានទៅដល់ទីកន្លែងនោះ។
យន្តហោះនោះបានបញ្ជូនសញ្ញានៃភាពអាសន្នភ្លាមៗមុនពេលវាបានបាត់ពីកញ្ចក់រ៉ាដា។
ក្រុមហ៊ុនអាកាសចរណ៍ Germanwing ជាសាខារបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ដែលមានទីតាំងនៅក្នុងប្រទេសអាល្លឺម៉ង់។
លោកប្រធានាធិបតី Hollande បានមានប្រសាសន៍ថា ជនរងគ្រោះជាច្រើនអាចនឹងជាពលរដ្ឋអាល្លឺម៉ង់៕