រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោកស្រី គ្រីសស្ទីន ឡាហ្កាដ(Christine Lagarde) បានទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសប្រេហ្ស៊ីលកាលពីថ្ងៃច័ន្ទសប្តាហ៍មុននេះ ដើម្បីស្នើសុំឲ្យមានការគាំទ្រពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងចាប់ផ្តើមលូតលាស់សម្រាប់ការវាយតម្លៃ ដើម្បីឲ្យលោកស្រីបានធ្វើជាអ្នកដឹកនាំមូលនិធិរូបីយវត្ថុអន្តរជាតិនៅពេលក្រោយនេះ។
ជាមួយនឹងការគាំទ្រយ៉ាងរឹងមាំពីអឺរ៉ុបចំពោះបេក្ខភាពជាប្រធានមូលនិធិរូបីយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងចាប់ផ្តើមស្វែងរកការគាំទ្រពីសំណាក់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងចាប់ផ្តើមលូតលាស់ គឺក្រុមប្រទេសដែលត្រូវកំពុងអំពាវនាវឲ្យធ្វើជាប្រធាន IMF លើកក្រោយជាអ្នកមកពីប្រទេសរបស់ពួកគេ។
ប្រទេស ប្រេហ្ស៊ីល ជាកន្លែងចុះចតទីមួយរបស់លោកស្រី Lagarde។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យជាមួយវិទ្យុEurope 1 របស់ប្រទេសបារាំង លោកស្រីបានគូសបញ្ជាក់អំពីគម្រោងការធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ឥណ្ឌានិងក្នុងប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្វ្រិក។
លោកស្រី Lagardeបានមានប្រសាសន៍ថា លោកស្រីធ្វើទស្សនកិច្ចប្រទេសទាំងនេះពីព្រោះពួកគេបានបង្ហាញពីភាពអន្ទះសាចំពោះការណ៍ដែលគេមិនបានទទួលស្គាល់ផលប្រយោជន៍របស់ខ្លួននៅក្នុងបណ្តាអង្គការពហុជាតិនិងអំពីកត្តាដែលមុខតំណែងប្រធានIMF ធ្លាប់បានជាប្រពៃណីប្រគល់ទៅឲ្យតែជនជាតិអឺរ៉ុប។
ប៉ុន្តែមកទល់ពេលនេះប្រទេសដែលមានសេដ្ឋកិច្ចកំពុងចាប់ផ្តើមលូតលាស់ដែលបានប្រកាសជាបេក្ខជនតែមួយគត់នោះ គឺ លោក អាហ្កោស្ទីន ខាស្ទេន (Agustin Carstens) ទេសាភិបាលនៃធនាគារកណ្តាលរបស់ប្រទេសម៉ិចស៊ីក ដែលធ្វើទស្សនកិច្ចប្រទេស ប្រេហ្ស៊ីលនៅថ្ងៃពុធ។
ក្រុមប្រទេសអឺរ៉ុបឲ្យហេតុផលថា ប្រធានIMFសញ្ជាតិអឺរ៉ុបមានសារៈសំខាន់ចាំបាច់ នៅពេលនេះ ដោយប្រទេស១៧នៅតំបន់អឺរ៉ុបកំពុងពុះពារ ដោះស្រាយ បញ្ហាហិរញ្ញវត្ថុនៅក្នុងប្រទេស ព័រទុយហ្គាល់ ក្រិក អេស្ប៉ាញ និងអៀរឡង់។
ប្រសិនបើត្រូវជ្រើសរើស លោកស្រី Lagarde នឹងជំនួសលោកដូមីនិក ស្រ្តូស ខាន់ (Dominique Strauss Kahn) ដែលជាបុរសជាតិបារាំងម្នាក់ទៀត ដែលបានលាលែងពីតំណែងកាលពីដើមខែនេះ ដោយសារការចោទប្រកាន់ពីបទចាប់រំលោភផ្លូវភេទ។ លោកស្រី Lagarde ប្រឈមនឹងការរិះគន់ នៅក្នុងប្រទេសបារាំង ទៅលើការដោះស្រាយរឿងក្តីមួយកាលពីឆ្នាំ២០០៨ ដែលបានយោគយល់ដល់ពាណិជ្ជករបារាំងម្នាក់។ លោកស្រីនិយាយថា លោកស្រីមិនបានធ្វើអ្វីខុសទេ។
មូលនិធិIMF រំពឹងថានឹងប្រកាសអ្នកដាក់ពាក្យជាបេក្ខជនសម្រាប់មុខតំណែងខ្ពស់របស់ខ្លួននៅថ្ងៃទី១៧ខែមិថុនា ហើយនឹងជ្រើសរើសប្រធានលើកក្រោយរបស់ខ្លួននៅថ្ងៃទី៣០ខែមិថុនា។
ប្រែសម្រួលដោយ នុច សារីតា