Freedom ​House៖​ នៅ​កម្ពុជា​មាន​សេរីភាព​មិន​ពេញ​លេញ​ផ្នែក​ប្រព័ន្ធ​ Internet

នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​សេរីភាព​អ៊ីនធឺណិត​​ក្នុង​ពិភព​លោក​ឆ្នាំ​២០១៣​ ដែល​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ដើម​ខែ​នេះ​ អង្គការ ​Freedom House ​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខ​រៀង​ទី៤៧​ ឬ​មិនមាន​សេរីភាព​ពេញ​លេញ ​ឬ Partly Free​។

វ៉ាស៊ីនតោន៖ ក្រោយ​ពេល​អង្គការ​ Freedom House ​បាន​វាយ​តម្លៃ​ថា​ ប្រទេស​កម្ពុជា​គ្មាន​សេរីភាព​ពេញ​លេញ​ (Partly Free )​ ផ្នែក​ប្រព័ន្ធ​អ៊ីនធឺណិត មន្ត្រី​កម្ពុជា​បាន​និយាយ​ ថា​ នោះ​ជាការ​វាយ​តម្លៃ​ដោយ​យល់​ច្រឡំ។​

នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​សេរីភាព​អ៊ីនធឺណិតក្នុង​ពិភព​លោក​ឆ្នាំ​២០១៣​ ដែល​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ដើម​ខែ​នេះ​ អង្គការ​Freedom House ​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខ​រៀង​ទី៤៧​ ឬ​មិនមាន​សេរីភាព​ពេញ​លេញ ​ឬ Partly Free​ ដោយសារ​អង្គការ​នេះ​យោង​ថា ​កាលពី​ឆ្នាំ​២០១២​ អាជ្ញាធរ​កម្ពុជា​បាន​បិទ​ប្លុក​រិះគន់​រដ្ឋាភិបាល​ចំនួន​៣​ដែល​មាន​ប្រភព​ដើម​នៅ​បរទេស ​ហើយ​គំរាម​បិទ​អ្នក​បើក​អាជីវ​កម្ម​ជាតូប​ផ្តល់​សេវា​កម្ម​អ៊ីនធឺណិត​នៅក្នុង​ទីក្រុង​ភ្នំពេញ ​ក្រោម​លេស​ថា​ ប៉ះពាល់​ដល់​សីលធម៌។ ​របាយ​ការណ៍​ដដែល​បន្ត​ថា​ អាជ្ញាធរ​ក្រសួង​មហា​ផ្ទៃ​បានបង្គាប់​ឲ្យអ្នក​បើក​អាជីវកម្ម​ ជាតូប​ផ្តល់​សេរវាអ៊ីនធឺណិត​ដាក់​ម៉ាស៊ីន​ថត​ដើម្បី​ថតរូប​អ្នក​ប្រើប្រាស់​ផង​ដែរ។​

ក៏​ប៉ុន្តែ​លោក​ឯក ថា ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា​ ប្រជាជន​ខ្មែរ ​និស្សិត ​មនុស្ស​គ្រប់ស្រទាប់​វណ្ណៈ​ អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ដោយ​សេរី និង​គ្មាន​ការ​រិតត្បិត។​

«ពួក​គេ​ឈានចូល​មើល​អ៊ីនធឺណិតគ្រប់ពេល​ទាំងអស់ ​ទាំងនៅ​តាម​ហាង​ Internetcafe ​ស្ថាប័ន​សារធារណៈ​ ក្រុមហ៊ុន​ឯកជន​ ហើយនឹង​តាម​ផ្ទះ​ទៀត​ផង។​ អញ្ចឹង​សេរីភាព​សារព័ត៌មាន​និង​ការ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​គឺ​វា​ពេញ​លេញ​ បរិបូរណ៍​នៅ​ប្រទេស​កម្ពុជា»។​

ឆ្លើយ​តប​នឹង​របាយ​ការណ៍​របស់​អង្គការ​ Freedom House​ ដែល​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្នុង​ពិភព​លោក​បាន​ពង្រឹង​សមត្ថភាព​ឈ្លប​យក​ការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​បង្កើត​ច្បាប់​រិតត្បិត​អត្ថបទ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​បង្កើន​ការ​ចាប់​ ខ្លួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតជាច្រើន​ដែល​ធ្វើ​ឲ្យ​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនធឺណិតធ្លាក់​ចុះ​ខ្លាំងនោះ​ លោក​ឯក ថា​បាន​អះអាង​ថា​ មកដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​គម្រោងបិទ​ ឬ​រិតត្បិត​ ឬ​មិន​មាន​កង្វល់​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិតទេ។ ​ពលរដ្ឋ​នៅ​ប្រើប្រាស់​ជា​ធម្មតា។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ដែល​គេ​បាន់​ប្រមាណ​ថា ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ពី​៧​សែន​ទៅ​២​លាន​៨សែន​នាក់​នោះ​គឺមាន​ចំណាត់​ ថ្នាក់​ផ្នែក​សេរីភាព​ខ្ពស់​ជាង​ប្រទេស​ចិន​ វៀតណាម ​ភូមា ​និង​ប៉ាគីស្ថាន​ជាដើម​ ដែល​ត្រូវ​អង្គការ​ Freedom House ​រក​ឃើញ​ថា​ ជា​ប្រទេស​គ្មាន​សេរីភាព។​ អង្គការ​នេះ​បាន​បង្ហាញ​ថា​ ចំណាត់​ថ្នាក់​កម្ពុជា​មិនមាន​សេរីភាព​ពេញ​លេញ​ នេះ​គឺ​រួម​ទាំងក្តី​បារម្ភ​ចំពោះ​ការ​រិតត្បិត​ទៅលើ​អត្ថបទ​និង​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ ​និង​ការ​ប្រើប្រាស់​ច្បាប់​បរិហាកេរ្តិ៍ ​ព្រហ្មទណ្ម ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដើម្បី​ដាក់ទោស​ដល់ជន​ដែល​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​នោះ។​

លោកស្រី​ម៉ាឌឺលីន អឺព ​(Madeline Earp) ​អ្នកវិភាគ​នៃ​អង្គការ ​Freedom House​ បាន​អះអាង​ថា ​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​បច្ចុប្បន​នេះ។​ តែ​កម្ពុជា​ អាច​ធ្វើឲ្យ​ប្រសើរ​ឡើង​បាន​ផ្នែក​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិតនេះ។​

«ប្រទេស​កម្ពុជា​ពិត​ជា​អាច​បង្កើត​សេរីភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិតបាន។​ មាន​សញ្ញា​រំខាន​ខ្លះៗ ​ដែល​ជា​ការដាក់​កម្រិតលើ​ការ​រិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ពិសេស​ប្លក​ (Blog) ​ដែល​មាន​ប្រភព​ដើម​នៅ​បរទេស»។​

លោក​នី ចរិយា ​ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន អះអាង​ថា​ ជា​ច្រើន​ឆ្នាំមក​នេះ​ នៅ​កម្ពុជាចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ឈាន​ឡើង​ពី​ការ​ប្រើប្រាស់​សម្រាប់ទទួល​បាន​ព័ត៌មាន​ធម្មតា​និង​ការ​ស្រាវជ្រាវ​ទៅជា​ការ​ប្រើប្រាស់​ក្នុង​បំណង​រឿង​នយោបាយ។​ ទោះជា​ដូច្នេះ​ក្តី​ រដ្ឋាភិបាល​មិន​អាច​បិទ​បាន​ដែរ​ ដោយសារ​រដ្ឋាភិបាល​ធ្លាប់​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​រួច​មក​ហើយ​នោះ។​

«អញ្ចឹង​ទេ​ បើ​សិនជា​នៅ​ក្នុង​ផ្នែក​អ៊ីនធឺណិតនេះ​មាន​ការ​កំណត់​តឹងរឹង​ថែម​ទៀត​ ​ នោះ​កម្ពុជា​នឹង​រិតតែ​ធ្លាក់​លេខ​ក្នុង​វិស័យ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ថែម​ទៀត»។​

បណ្តាញ​សង្គម​ Facebook ​បាន​ឈាន​មុខ​គេ​ក្នុង​ស្រទាប់​ពលរដ្ឋ​នៅ​តាម​ទីក្រុង​ ជាពិសេស​ មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ថ្ងៃ​ទី២៨​ ខែ​កក្កដា​ឆ្នាំ​ ២០១៣​ក្នុង​ប្រទេស​កម្ពុជា​ ដែល​អង្គការ​ Freedom​ House ​បាន​ចាត់​ទុក​ថា​ ជា​ប្រទេសគ្មាន​សេរីភាព​ផ្នែក​ការ​បញ្ចេញ​មតិ​សម្រាប់​ឆ្នាំ​២០១៣​នេះ៕