បារាំង​ថា ​រុស្ស៊ី​នឹង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម បើ​លោក Navalny ស្លាប់

ស្ត្រីម្នាក់កាន់រូបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ពាក់ព័ន្ធនឹងការឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក Alexie Navaly នៅទីក្រុងមូស្គូ រុស្ស៊ី កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១។

លោក Jean-Yves Le Drian រដ្ឋមន្រ្តី​ក្រសួងការបរទេស​បារាំង​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​រុស្ស៊ី​និង​លោក​ប្រធានាធិបតី Vladimir Putin នឹង​ប្រឈម​មុខ​ការដាក់​ទណ្ឌកម្ម​ ប្រសិនបើ​មេដឹកនាំ​ប្រឆាំង​គឺ​លោក Alexey Navalny ស្លាប់។

ថ្លែង​ប្រាប់​បណ្តាញ​ទូរទស្សន៍​បារាំង លោក Le Drian បាន​និយាយ​ថា៖ «យើង​នឹង​ដាក់​ទណ្ឌកម្ម​ចាំបាច់​ ហើយ​វាជា​ការទទួល​ខុសត្រូវ​របស់លោក​ Putin ​និង​អាជ្ញាធរ​រុស្ស៊ី»។

លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ​បាន​ធ្វើ​អត្ថាធិប្បាយ​ស្រដៀង​គ្នា​នេះ​ដែរ ប្រាប់​កម្មវិធីទូរទស្សន៍ CNN Sunday ដោយ​ព្រមាន​ពី «ផលវិបាក» នៅ​ក្នុង​ការស្លាប់លោក​Navalny។

លោក Navalny ត្រូវបាន​ចាប់​ខ្លួន​កាលពី​ខែមករា​ បន្ទាប់ពី​វិលត្រឡប់​មក​ពី​ប្រទេស​អាល្លឺម៉ង់​ ជា​ទីកន្លែង​ដែល​លោក​បាន​ចំណាយ​ពេល ​៥ ខែ​ព្យាបាល​ជំងឺ​ពី​ថ្នាំ​ពុល​បំផ្លាញ​សរសៃ​ប្រសាទ។ លោក Navalny បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​រុស្ស៊ី​ ចំពោះ​ការបំពុលនេះ ​តែ​មន្រ្តី​រុស្ស៊ី​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លោក Navalny មេដឹកនាំ​ប្រឆាំង​និង​ជា​អ្នក​រិះគន់​ជាញឹកញាប់​ចំពោះ​លោក Putin ​បាន​ចុះ​ខ្សោយ​សុខភាព​ ចាប់តាំង​ពី​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ ​កាលពី ​៣ ​សប្តាហ៍​មុន។

អ្នកគាំទ្រ​លោក​បាន​ចេញ​មក​តវ៉ា​ទាម​ទារ​ឲ្យដោះលែងលោក។ ប៉ូលិស​បានចាប់​ខ្លួន​អ្នក​តវ៉ា​ជាង​ ១.៧០០នាក់ ​កាលពី​ថ្ងៃ​ពុធ​ ពេលមាន​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ជាច្រើន ​នៅក្នុង​ប្រទេស​រុស្ស៊ី៕