យោធា​មីយ៉ាន់ម៉ា​ថា​ មនុស្ស​បួននាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​និង​កង​ជីវពល​ប្រឆាំង​រដ្ឋប្រហារ

រូបថត​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​វីដេអូ​នេះ​បង្ហាញ​ថា មនុស្ស​ដើរ​ចេញ​ពី​ផ្ទះមួយ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ត្រូវ​បាន​ចូល​វាយឆ្មក់​ដោយ​កងកម្លាំង​សន្ដិសុខ នៅ​ទីក្រុង Mandalay ប្រទេស​មីយ់ាន់ម៉ា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១៊។

របប​យោធា​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​និង​កងកម្លាំង​សន្តិសុខ​នៅ​ទីក្រុង​ម៉ាន់ដាឡេ​កាលពី​ថ្ងៃអង្គារ​បាន​ធ្វើឱ្យ​បាតុករ​៤​នាក់​ស្លាប់។​ សេចក្តី​ថ្លែង​ការណ៍​មួយ​និយាយ​ថា​ កម្លាំង​សន្តិសុខបាន​ប្រឈម​នឹង​អាវុធ​តូចតាច​និង​គ្រាប់បែក​ដៃ​អំឡុង​ការ​វាយឆ្មក់​ផ្ទះមួយ​នៅក្នុង​ទីក្រុង​ធំ​បំផុត​ទី​២​ របស់​ប្រទេស​នេះ។​

បន្ថែម​លើ​បាតុករ​ដែល​បាន​ស្លាប់​ទាំង​៤​នាក់​ដែល​របប​យោធា​បាន​ហៅ​ថា​ជា​ភេរវជន ​នោះ​ ​នៅមាន​សមាជិក​២០​ នាក់​ទៀត​ បាន​រង​របួស​ ខណៈ​មនុស្ស​៨​ នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​មាន​មីន​កែច្នៃ គ្រាប់បែកដៃ ​និង​អាវុធ​តូចៗ។​

របប​យោធា​បាន​តស៊ូ​បង្ក្រាប​បាតុកម្ម​ធំៗ​ជារៀង​រាល់ថ្ងៃ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់តាំង​ពីបាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​នៅថ្ងៃ​ទី១ ​ខែ​កុម្ភៈ​ និង​បាន​ឃុំខ្លួន​មេ​ដឹកនាំ​ពិតប្រាកដ​គឺ​លោកស្រី Aung San Suu Kyi និង​មន្ត្រី​ដទៃ​ទៀត​មក។​ បាតុករ​ជាច្រើន​ត្រូវតែ​ភៀសខ្លួន​ចូល​ព្រៃ​ដើម្បី​បង្កើត​កម្លាំង​ការពារខ្លួន​ជាមួយ​នឹង​កង​ជីវពល​ឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ទៀងទាត់​ទៅលើ​កម្លាំង​សន្តិសុខ​ដែល​មាន​ឧបករណ៍​ល្អ​ជាង។​

ក្រុម​ឃ្លាំមើល​ឯករាជ្យ​និយាយ​ថា ជន​ស៊ីវិល​ជាង​៨៧០​នាក់ត្រូវ​បាន​សម្លាប់​ និង​ជាង​៦.០០០​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ។​ របប​យោធា​បាន​លើក​ឡើងថាមាន​ការ​លួច​បន្លំ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី Aung San Suu Kyi ​បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី។ ​គណៈ​កម្មការ​បោះឆ្នោត​ស៊ីវិល​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕