ក្រុមអតីតសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំងពីរគឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងជំរុញឲ្យសមាជិកសភាបច្ចុប្បន្ន «ការពារលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក» និងមិនឲ្យយករឿងគណបក្សរបស់ខ្លួនមកពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍របស់ប្រទេស ស្របពេលដែលប្រទេសកំពុងឈានដល់ «ដំណាក់កាលសំខាន់» មួយ។
អតីតសមាជិកសភាចំនួន ៤៤ នាក់ បានសរសេរអត្ថបទបញ្ចេញមតិមួយដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទម្សិលមិញដោយកាសែត Washington Post ថា សហរដ្ឋអាមេរិកកំពុង «ឈានដល់ដំណាក់កាលគ្រោះថ្នាក់មួយ»។ ពួកគេមានអារម្មណ៍ថា ពួកគេចាំបាច់ត្រូវ «ហ៊ាននិយាយអំពីការប្រឈមធ្ងន់ធ្ងរនានាដែលប៉ះពាល់ដល់នីតិរដ្ឋ រដ្ឋធម្មនុញ្ញ ស្ថាប័នគ្រប់គ្រង និងសន្តិសុខជាតិរបស់ប្រទេស»។
ពួកគេលើកឡើងពីការសន្និដ្ឋានចុងបញ្ចប់របស់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller លើករណីជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ និងការឃុបឃិតដែលអាចទៅរួចរវាងរុស្ស៊ី និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump ថាជាការប្រឈមដែលកើតឡើងចំពេលដែលមានជម្លោះនៅក្នុងតំបន់ និងនៅលើពិភពលោក។
ពួកគេក៏លើកឡើងពីគម្រោងស៊ើបអង្កេតរបស់សមាជិករដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យទៅលើរដ្ឋបាលរបស់លោកប្រធានាធិបតី Trump ដែលគ្រោងនឹងចាប់ផ្ដើមនៅខែក្រោយថាជាការប្រឈមដែលកំពុងតែកើតឡើងផងដែរ។
ក្រុមអតីតសមាជិកព្រឹទ្ធសភាទាំងនោះមានដូចជាលោក John Kerry លោក Tom Daschle និងលោក Chris Dodd ខាងគណបក្សប្រជាធិបតេយ្យ និងលោក John Warner លោក Richard Lugar និងលោក Chuck Hagel ខាងគណបក្សសាធារណរដ្ឋ៕