ក្រោយពីជម្លោះរយៈពេលជិត៩ឆ្នាំកងទ័ពប្រយុទ្ឋរបស់សហរដ្ឋអាមេរិកលែងនៅក្នុងប្រទេសអ៊ីរ៉ាក់(Iraq)ទៀតហើយ។
សហរដ្ឋអាមេរិកបានចូលឈ្លានពានអ៊ីរ៉ាក់កាលពីខែមីនាឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ លោក សាដាម ហ៊ូសេន(Saddam Hussein) និងស្វែងរកអាវុធមហាប្រល័យដែលត្រូវបានសង្ស័យ។ លោក សាដាម ហ៊ូសេនត្រូវបានទម្លាក់ពីតំណែងប៉ុនែ្តអាវុធមហាប្រល័យរបស់លោក មិនដែលត្រូវបានរកឃើញឡើយ។
លោក ចន បូលតុន (Jonh Bolton)អតីតឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិថ្លែងថា៖
កិច្ចការសំខាន់ដែលយើងសម្រេចបាននោះគឺការទម្លាក់ លោក សាដាម ហ៊ូសេន ពីមុខតំណែង និងលុបបំបាត់របបរបស់លោក ដែលបានបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តជាតិ នៅក្នុងតំបន់ និងជាពិសេស ពិភពលោកតែម្តង។ហើយ នោះជាការពិតបើទោះជារឿងរ៉ាវចុងក្រោយ ស្ថិតនៅលើអាវុធមហាប្រល័យក៏ដោយ ដែលបញ្ជាក់ថា របបរបស់លោកបានបង្កការគំរាមកំហែង។
ប៉ុន្តែ លោកឧត្តមសេនីយ៍ ប្រេន ស្កូក្រូហ្វ (Brent Scowcroft)អតីតទីប្រឹក្សាសន្តិសុខជាតិដែលបានជំទាស់ទៅនឹងការធ្វើអន្តរាគមន៏របស់កងទ័ពសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ ពិនិត្យមើលរឿងនេះ តាមន័យផ្សេងមួយទៀត។
ខណៈដែល លោក សាដាមបានក្លាយផ្នែកមួយនៃកិច្ចការដ៏គ្រោះថ្នាក់ប្រទេសអ៊ីរ៉ាក់ត្រូវបានបង្ក្រាប។ លោក សាដាមមានមហិច្ឆតានៅក្នុងតំបន់ ប៉ុន្តែ លោក គា្មនផ្លូវដើម្បីអនុវត្តកិច្ចការនោះទេ។ កងទ័ពរបស់លោកមានភាពទន់ខ្សោយណាស់ដូចដែលយើងស្តែងឲ្យឃើញ នៅពេលដែលយើងវាយលុកចូលប្រទេសនោះ។ ហើយ លោក សាដាមមិនបង្កការគំរាមកំហែងខ្លាំងចំពោះតំបន់ទេ។ ហើយ តម្លៃដែលយើងចំណាយដើម្បីលុបបំបាត់ លោក សាដាមពិតជាខ្ពស់ខ្លាំងណាស់។
កងទ័ពសហរដ្ឋអាមេរិកជិត៤ពាន់ ៥០០នាក់ ត្រូវបានសម្លាប់ ហើយកងទ័ពប្រហែល៣ម៉ឺននាក់ បានរងរបួស។ នៅពេលជម្លោះនេះឡើងដល់ចំណុចកំពូល ទាហាននិងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកប្រហែល ១សែន ៧ម៉ឺននាក់ត្រូវបានបញ្ចូនទៅអ៊ីរ៉ាក់។ ជនជាតិអ៊ីរ៉ាក់រាប់ម៉ឺននាក់ បានបាត់បង់ជីវិត។ ទឹកប្រាក់ចំនួនរាប់រយលានដុល្លារត្រូវបានចំណាយលើកិច្ចប្រឹងប្រែងក្នុងសង្រ្គាម។ ឥឡូវនេះបន្ទាប់ពីសង្រ្គាមអស់រយៈពេលជិត៩ឆ្នាំមក កងទ័ពប្រយុទ្ធរបស់ ស.រ.អ. បានវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញហើយ។
លោក វីលៀម ខូហេន(William Cohen)អតីតរដ្ឋមន្ត្រីការពារជាតិ បានពិនិត្យទៅមើលអ្វីដែលអាចសម្រេចបាន ក្នុងកំឡុងពេលអន្តរាគមន៏របស់ស.រ.អ.នៅអ៊ីរ៉ាក់។
«យើងបានទទួលជោគជ័យ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់ចូលរួមក្នុងការបោះឆ្នោត។ ពន្លកនៃប្រជាធិបតេយ្យ ត្រូវបានរីកសុះសាយ ប៉ុន្តែថាតើពន្លកនោះ អាចមាននិរន្តភាពដែរឬទេ គឺជាកិច្ចការដែលត្រូវរង់ចាំមើលតទៅទៀត។ ប្រជាពលរដ្ឋអ៊ីរ៉ាក់ត្រូវបានផ្តល់ឱកាសឲ្យទទួលបានលទ្ធិប្រជាធិតេយ្យដែលផ្ទុយទៅនឹងរបបគ្រប់គ្រងផ្តាច់ការ។ ថាតើពលរដ្ឋអ៊ីរ៉ាក់ មានលទ្ធភាពថែរក្សាលទ្ធិប្រជាធិបតេយ្យដែរឬអត់ គឺជាបញ្ហារបស់ពួកគេផ្ទាល់ ក្នុងការសម្រេចចិត្ត នៅពេលនេះ»។
បើក្រឡេកមើលតួនាទីរបស់សហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់លោកឯកអគ្តរដ្ឋទូតបូលតុន មានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនប្រហែលជាមានវត្តមានយូរពេកដែលហួសពីការស្វាគមន៏ទៅទៀត។
«យើងនឹងស្ថិតក្នុងលក្ខខណ្ឌប្រសើរជាងនេះចំពោះការផ្ទេរការទទួលខុសត្រូវផ្នែកនយោបាយរបស់ប្រទេសអ៊ីរ៉ាក់ទៅជនជាតិអ៊ីរ៉ាក់វិញឲ្យបានកាន់តែឆាប់ជាងនេះ។ ខ្ញុំគិតថាស្ថានភាពរបស់យើងប្រហែលជាល្អជាងនេះឆ្ងាយណាស់ ប្រសិនបើយើងមិនបានបង្កើត អាជា្ញធរបណ្តោះអាសន្នចម្រុះ ដែលជារដ្ឋាភិបាលអន្តរកាលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីព្យាយាមនិងទទួលខុសត្រូវសម្រាប់ពួកយើងដើម្បីគ្រប់គ្រងអ៊ីរ៉ាក់ ក្នុងរយៈពេលយូរជាងនេះ។
សំរាប់ថ្ងៃអនាគត លោកឧត្តមសេនីយ៍ ស្កូក្រូវបានមានប្រសាសន៏ដូច្នេះថា៖
«ជំហានបន្ទាប់សម្រាប់ប្រទេសអ៊ីរ៉ាក់ គឺត្រូវចុះសម្រុងជាមួយខ្លួនឯងសិន។អ៊ីរ៉ាក់ជាប្រទេសមួយប្រកបដោយភាពស្មុគស្មាញយ៉ាងខ្លាំង។ ប្រទេសនេះ បែកខ្ញែកដោយសារសាសនានិងជនជាតិ។ ប្រទេសនេះ ជាប្រទេសសម្បូរភោគទ្រព្យប៉ុន្តែភោគទ្រព្យទាំងនោះមិនត្រូវបានចែករំលែកស្មើគ្នានោះទេ។ ប្រទេសនេះពិតជាត្រូវ«រួបរួមគ្នា»ច្រើនថែមទៀត ដែលចាំបាច់ត្រូវដោះស្រាយ។
ចាប់តាំងពីការដកកងទ័ពរបស់សហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់បានប្រឈមមុខនឹងវិបត្តិនយោបាយកាន់តែខ្លាំង ហើយបានក្លាយជាទីតាំងទម្លាក់គ្រាប់បែករាប់មិនអស់។ ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានព្រមានថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងខែខាងមុខសា្ថនភាពនយោបាយ និងសន្តិសុខនៅប្រទេសអ៊ីរ៉ាក់ អាចរំជើបរំជួល៕
ប្រែសម្រួលដោយ ចាប ចិត្រា