អតីត​ប្រធាន​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក៖ ប៉ាគីស្ថាន​ត្រូវ​តែ​ឈប់​លេង​ជាមួយ​ភាគី​ទាំង​សង​ខាង​

កងកម្លាំងប៉ាគីស្ថានដើរល្បាតនៅអំឡុង​កិច្ច​ប្រតិបត្តិការ​យោធា​មួយ​ប្រឆាំង​​ពួកឧទ្ទាម​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ Khurram​ ក្នុង​ប្រទេស​​ប៉ាគីស្ថាន។​ រូបថត​នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១១។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ ប៉ាគីស្ថាន​ ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អក់​កករ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​ អតីត​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​កំពូល​ពីរ​រូប​បាន​ប្រាប់​វីអូអេ​ថា​ ទំនាក់​ទំនង​នេះ​ត្រូវ​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ដ៏​ជូរចត់​ដោយ​សារ​តែ​ ប៉ាគីស្ថាន​ កំពុង​ព្យាយាម​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ​ទាំង​សងខាង​ តាម​រយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​ ខណៈ​ដែល​ខ្លួន​ចង់​រក្សា​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​ តាលីបាន​ (Taliban)​ ផង​ដែរ។

នៅ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ពី​គ្នា​លោក​ ម៉ៃឃល​ ហេដេន​ (Michael​ Hayden)​ អតីត​នាយកទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​កណ្តាល​ (Central​ Intelligence​ Agency)​ ហៅ​កាត់​ថា​ CIA​ និង​លោក​ ដេនីស​ ប្លែរ​ (Dennis​ Blair)​ អតីត​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​ មាន​ប្រសាសន៍​ថា​ ប៉ាគីស្ថាន​កំពុង​ព្យាយាម​ប្រើ​ប្រាស់​ក្រុម​ តាលីបាន​ ដើម្បី​រក្សា​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​អាហ្វកានីស្ថាន​ (Afghanistan)។

លោក​ ហេដេន​ ដែល​ធ្លាប់​បម្រើការ​ជា​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​ CIA​ ពី​ឆ្នាំ​២០០៦​ដល់​២០០៩ និយាយ​ថា​ កងទ័ព​ ប៉ាគីស្ថាន​ (Pakistan)​ និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចម្បង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​នាយកដ្ឋាន​អន្តរ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ ឬ​ហៅ​កាត់​ថា​ ISI ​បាន​កំពុង​ប្រើ​បណ្តាញ​របស់​ ហាហ្កានី​ (Haqqani)​ ដើម្បី​ស្ថាបនា​ឥទ្ធិពល។

«វា​ច្បាស់​ណាស់​និង​មិន​អាច​ប្រកែក​បាន​ឡើយ​ ដែល​ថា​រដ្ឋាភិបាល​ ប៉ាគីស្ថាន​ ជាពិសេស​ស្ថាប័ន​សន្តិសុខ​ ប៉ាគីស្ថាន​ ដែល​រួម​មាន​កងទ័ព​និង​ ISI ​ចាត់​ទុក​បណ្តា្​ញ​ហាហ្គានី​ ដែល​ជា​ក្រុម​ តាលីបាន​ នៅ​តំបន់​ វ៉ាហ្សីរីស្ថាន​ភាគ​ខាង​ជើង​ (North​ Waziristan)​ ថា​ជា​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​ នេះ​បើ​តាម​ការ​គិត​របស់​ពួក​គេ​ ប៉ុន្តែ​ការ​គិត​របស់​ពួក​គេ​នេះ​ គឺ​ភាគ​ច្រើន​មាន​សង្កត់​ខ្លាំង​ទៅ​លើ​ការ​ពិត​ដែល​ថា​ ពួក​គេ​ជឿ​ជាក់​ថា​បណ្តាញ​ ហាហ្កានី​ ក៏​ជា​មិត្ត​ភក្តិ​របស់​ប៉ាគីស្ថាន​ដែរ។​ ប្រការ​នោះ​អាច​ជា​ទិដ្ឋភាព​តែ​មួយ​គត់​ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ធំ​បំផុត​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៖​ គឺ​ការ​ខ្វែង​គំនិត​របស់​យើង​ទៅ​លើ​បណ្តាញ​មួយ​នេះ»។

បណ្តាញ​ ហាហ្កានី​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ តាលីបាន​ ដ៏​ប្រល័យ​បំផុត​របស់​ អាហ្វកានីស្ថាន​ ដែល​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​ អាហ្វកានីស្ថាន​ មក​ពី​ជម្រក​សុវត្ថិភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​នៃ​ប្រទេស​ ប៉ាគីស្ថាន​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​លើ​កង​កម្លាំង​អូតង់​(NATO)។

លោក​ ដេនីស​ ប៊្លែរ​ អតីត​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​ បាន​ថ្លែង​ថា​ ប៉ាគីស្ថាន​កំពុង​លេង​ជាមួយ​ភាគី​ទាំង​ពីរ​នេះ​ ក្នុង​ក្តី​រំពឹង​ថា​នឹង​មាន​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ពី​ អាហ្វកានីស្ថាន​ នៅ​ទី​បំផុត។

«តាម​ពិត​ទៅ​ ពួកគេ​រៀប​ចំ​ការពារ​ទុក​មុន។​ ពួក​គេ​បាន​ព្យាយាម​ ហើយ​នៅ​តែ​កំពុង​ព្យាយាម​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ជំនួយ​ ដែល​ពួកគេ​អាច​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក​ ខណៈ​ដែល​ខ្លួន​កំពុង​តែ​គិត​ពិចារណា​ថា​ សហរដ្ឋ​អាមេរិក​ប្រហែល​ជា​នឹង​មិន​នៅ​ទី​នេះ​ទេ​ យើង​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ហើយ​យើង​ត្រូវ​ទាក់ទង​ជាមួយ​ក្រុម​ផ្សេងៗ​ ដែល​ជា​ប្រទេស​ផង​និង​ក្រុម​ភេរវកម្ម​ផ្សេងៗ​ទៀត​ផង។​ លើស​ពី​នេះ​ទៀត​ ពួក​គេ​មាន​ប្រពៃណី​មួយ​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​ជ្រុល​និយម​ទាំង​នេះ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក»។

មន្រ្តី​ទាំង​ពីរ​នាក់​នេះ​ផ្តល់​ការ​ស្ងើច​សរសើរ​ដល់​ ប៉ាគីស្ថាន​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​ខ្លួន។​ លោក​ ហេដេន​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​នេះ​គឺ​ជា​ដៃ​គូ​ប្រឆាំង​ភេរវកម្ម​«ដ៏​មាន​ឥទ្ធិពល»​ ហើយ​ថា​សហរដ្ឋ​អាមេរិក​អាច​ចាប់​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុម​ អាល់កៃដា​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​ ប៉ាគីស្ថាន​ ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ទទូច​សុំ​ ប៉ាគីស្ថាន​ ឲ្យ​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ជាង​មុន​ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​ទី​ជម្រក​សុវត្ថិភាព​របស់​ពួក​ តាលីបាន​ និង​ អាល់កៃដា​ (al-Qaida)។​ លោក​ ប្ល៊ែរ​ ថ្លែង​ថា​ ទីក្រុង​ អ៊ីស្លាម៉ាបាដ​ មាន​ភាព​ស្ទាក់​ស្ទើរ​មិន​ចង់​ធ្វើ​កិច្ចការ​នេះ​ទេ។

«ប៉ាគីស្ថាន​ បាន​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត។​ ប៉ុន្តែ​ ពួកគេ​នៅ​តែ​មាន​គំនិត​ថា​ ពួក​គេ​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​ក្រុម​ជាច្រើន​ទៀត​ អាច​ជ្រើស​រើស​មិត្ត​ភក្តិ​របស់​ពួកគេ​ និង​អាច​ធ្វើ​ការ​ប្រឆាំង​នឹង​សត្រូវ​របស់​ពួកគេ​បាន។​ ហើយ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​រឹង​មាំ​ទេ​ថា​ យើង​ត្រូវ​តែ​បោស​សម្អាត​ប្រទេស​របស់​យើង​ ហើយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​ ទោះ​បី​ជា​ពួក​ភេរវករ​នោះ​ជា​នរណា​ក៏​ដោយ ​ដោយ​មិន​គិត​ថា​ពួក​ភេរវករ​គំរាម​កំហែង​មក​លើ​ ប៉ាគីស្ថាន​ ឥណ្ឌា​ សហរដ្ឋ​អាមេរិក​ អាហ្វកានីស្ថាន​ ឬ​មនុស្ស​ណា​ម្នាក់​ផ្សេង​ទៀត​ឡើយ»។

ពី​សំណាក់​ភាគី​ ប៉ាគីស្ថាន​ វិញ​ សេចក្តី​ថ្លែងការណ៍​ពី​ក្រុម​មន្ត្រី​ បាន​គូស​បញ្ជាក់​ពី​កំហឹង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​មុខ​សញ្ញា​ភេរវកម្ម​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​របស់​ខ្លួន​ វត្តមាន​នៃ​ក្រុម​ប្រតិបតិ្តការ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ដី​របស់​ខ្លួន​ ហើយ​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ​ គឺ​ការ​ជ្រៀត​ចូល​របស់​សហរដ្ឋ​អាមេរិក​ទៅ​ក្នុង​ប្រទេស​ ប៉ាគីស្ថាន​ ដើម្បី​សម្លាប់​ អូសាម៉ា​ ប៊ិនឡាដិន​ (Osama bin Laden)។

ក្រុម​សហរដ្ឋ​អាមេរិក​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​ពេល​យប់​ នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ហើយ​បាន​ប្រទះ​ឃើញ​មេដឹកនាំ​ អាល់កៃដា​ កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ នៅ​ទី​ក្រុង​អាបុតតាបាដ​ (Abbottabad)​ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​បណ្ឌិត្យ​សភា​មន្រ្តី​យោធា​របស់​ប៉ាគីស្ថាន​ទេ។​ ក្រុម​នេះ​បាន​សម្លាប់​ ប៊ិនឡាដិន​ និង​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រទេស​ អាហ្វកានីស្ថាន​ វិញ​ ដោយ​គ្មាន​ការ​រារាំង​ណា​មួយ​ពី​សំណាក់​កង​កម្លាំង​ ប៉ាគីស្ថាន​ ឡើយ។

លោក​ ហេដេន​ ឧត្តមសេនីយ៍​ចូល​និវត្តន៍​កងទ័ព​អាកាស​ បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​ ប៊ិនឡាដិន​ គ្រាន់​តែ​គូស​បញ្ជាក់​អំពី​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​អ៊ីស្លាម៉ាបាដ​ ដែល​បាន​វិល​ធ្លាក់​ចុះ​អស់​មួយ​រយៈ​ពេល​មក​ហើយ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង