អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin ចង់​ជួយ​សម្រុះសម្រួល​ជម្លោះ​នៅ​មីយ៉ាន់ម៉ា

អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ​លោក Thaksin Shinawatra បាន​មកដល់​អាកាសយានដ្ឋាន​ Don Muang នៅទីក្រុងបាងកក​ប្រទេស​ថៃកាលពីថ្ងៃទី​២២ សីហា ឆ្នាំ២០២៣។

អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ​លោក Thaksin Shinawatra បាន​ជួប​ជាមួយ​ឥស្សរជន​សំខាន់ៗ​ក្នុង​ចលនា​តស៊ូ​ដែល​ប្រឆាំង​នឹង​របប​យោធា​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​បំណង​ជួយ​សម្រុះសម្រួល​រក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​ជាង ៣ ឆ្នាំ​កន្លង​មក។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​បាន​ប្រាប់ VOA ផ្នែក​ភាសា​ភូមា​ថា លោក Thaksin បាន​ជួប​ក្រៅ​ផ្លូវការ​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល​របស់​មីយ៉ាន់ម៉ា ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ឈៀងម៉ៃ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​កាលពី​ខែ​មីនា​និង​ខែ​មេសា។

ប្រភព​នេះ​បាន​និយាយ​ថា លោក Thaksin ដែល​បច្ចុប្បន្ន គណបក្ស​នយោបាយ​របស់​លោក​ជា​ប្រធាន​សម្ព័ន្ធភាព​ដែល​គ្រប់គ្រង​ប្រទេស​ថៃ បាន​ជួប​ដាច់​ដោយឡែក​ជាមួយ​អ្នកតំណាង​នៃ​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគតិច​ផ្សេងៗ​គ្នា​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ដូចជា​ក្រុម​សហភាព​ជាតិ Karen (Karen National Union (KNU)) ក្រុម​គណបក្ស​ចម្រើន​និយម​ជាតិ Karenni (Karenni National Progressive Party) និង​ក្រុម​អង្គការ​ជាតិ Kachin (Kachin National Organization) ជាដើម។

ក្នុង​អំឡុង​ជំនួប​មួយ​នៃ​ជំនួប​ទាំងនោះ លោក Thaksin បាន​ជួប​ជាមួយ​លោក​នាយ​ឧត្តមសេនីយ៍ Yawd Serk នៃ​អង្គការ​នយោបាយ​ក្រុមប្រឹក្សា​ស្ដារ​រដ្ឋ Shan/កងទ័ព​រដ្ឋ Shan (Restoration Council of Shan State/Shan State Army)។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ផ្សេង​ទៀត​ដែល​ជិតស្និទ្ធ​នឹង​ក្រុម​ប្រដាប់​អាវុធ​នេះ។

កាលពី​ពេល​ថ្មីៗ​នេះ ប្រតិបត្តិការ​បន្លំភ្នែក​មួយ​របស់​ទីភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រឿងញៀន (DEA) របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា លោក Serk បាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សារធាតុ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ដូច​ដែល​រាយការណ៍​ដោយ VOA កាលពី​ខែ​មីនា។

បើ​យោង​តាម​ប្រភព​អនាមិក លោក Thaksin បាន​បង្ហាញ​ពី​បំណង​ចង់​សម្រុះសម្រួល​រវាង​របប​យោធា​មីយ៉ាន់ម៉ា​និង​ក្រុម​អង្គការ​តស៊ូ​ជនជាតិ​ភាគតិច (Ethnic Resistance Organizations (EROs)) ដែល​កំពុង​ប្រយុទ្ធ​នឹង​របប​យោធា​តាំងពី​ពេល​ដែល​ពួក​ទាហាន​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក។

កាសែត Bangkok Post បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​ប្រទេស​ថៃ​លោក Maris Sangiampongsa នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា ដែល​បាន​បញ្ជាក់​អំពី​ជំនួប​របស់​លោក Thaksin និង​បាន​និយាយ​ថា កិច្ច​ពិភាក្សា​ទាំងនោះ​គឺ​ធ្វើឡើង «ក្នុង​កម្រិត​ផ្ទាល់ខ្លួន​និង​មិនមែន​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ចំពោះ​ប្រទេស​ជិតខាង​នោះទេ»។

លោក Maris បាន​បន្ត​ថា របប​យោធា​មីយ៉ាន់ម៉ា​ចាត់ទុក​លោក Thaksin ថា​ជា​អ្នក​ដែល «អាច​ជួយ» បញ្ចប់​ជម្លោះ​នេះ​បាន​ដោយសារតែ​ទំនាក់ទំនង​និង​ឥទ្ធិពល​របស់​លោក។ លោក Maris បាន​លើកឡើង​ដូចនេះ​នៅ​ឯ​វិមាន​រដ្ឋាភិបាល​របស់​ប្រទេស​ថៃ​នៅ​មុន​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈរដ្ឋមន្ត្រី​ថៃ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្ញើ​មកកាន់ VOA នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា លោក Kyaw Zaw Wai អ្នក​នាំពាក្យ​ការិយាល័យ​ប្រធាន​ចលនា​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ថៃ​នៅ​ក្នុង​សមាគម​អាស៊ាន (ASEAN) ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាជន​មីយ៉ាន់ម៉ា។

លោក​ក៏​បាន​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​ប្រទេស​ថៃ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផ្តល់​ស្បៀង​អាហារ​និង​ទីជម្រក​ដល់​ជនភៀសខ្លួន​រាប់​ពាន់​នាក់​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​នៅ​ក្រុង Myawaddy ដែល​ជា​ក្រុង​សំខាន់​ជា​យុទ្ធសាស្ត្រ​មួយ​នៅ​ជាប់​ព្រំដែន​រវាង​ថៃ​និង​មីយ៉ាន់ម៉ា ដែល​កងកម្លាំង​តស៊ូ​ដណ្តើម​បាន​កាលពី​ពេល​ថ្មីៗ​នេះ​ផងដែរ។

លោក Kyaw Zaw Wai ក៏​បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) បាន​ស្នើ​ឱ្យ​ប្រទេស​ថៃ​បង្កើន​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ផ្ទាល់​និង​ក្រុម​អង្គការ​តស៊ូ​ជនជាតិ​ភាគតិច ជាពិសេស​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជន​ផ្លាស់ទី​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Sai Htun Aung Lwin អ្នក​ជំនាញ​កិច្ចការ​មីយ៉ាន់ម៉ា​និង​កិច្ចការ​ជាតិសាសន៍ Shan បាន​និយាយ​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​លោក Thaksin អាច​មាន​បំណង​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អាច​សម្រុះសម្រួល​ឆ្ពោះ​ទៅរក​ដំណោះស្រាយ»។

លោក​បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា​ដោយ​សង្កត់ធ្ងន់​ថា ការ​ពាក់ព័ន្ធ​របស់​លោក Thaksin នៅក្នុង​ការ​តស៊ូ​របស់​ប្រទេស​មីយ៉ាន់ម៉ា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់​ចំពោះ​ប្រទេស​ជិតខាង ដែល​មាន​ចំណាប់​អារម្មណ៍​ទាំងស្រុង​ចំពោះ​លទ្ធផល​នៃ​ជម្លោះ​នេះ។

លោក​បាន​និយាយ​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ពិចារណា​អំពី​តួនាទី​របស់​លោក Thaksin ជាពិសេស​ដោយសារ​គណបក្ស Pheu Thai របស់​លោក​គ្រប់គ្រង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន។ លើសពី​នេះ​ទៅទៀត សេចក្តី​ថ្លែងការណ៍​របស់​លោក Thaksin អាច​ផ្តល់​ការ​យល់ដឹង​អំពី​គោល​បំណង​នៃ​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​ថៃ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ស្ថិរភាព​ព្រំដែន​និង​ការ​ដោះស្រាយ​ជម្លោះ»។

លោក Lwin បាន​ចង្អុល​បង្ហាញ​ថា លោក Thaksin ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​ប្រទេស​ថៃ។ លោក​បាន​លើកឡើង​ថា​ វិធីសាស្រ្ត​របស់​លោក Thaksin ចំពោះ​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ទំនងជា​ស្រប​នឹង​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ថៃ។

លោក Lwin បាន​បន្ថែម​ថា៖ «លោក Thaksin មាន​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​អតីត​នាយ​ឧត្តមសេនីយ៍​យោធា​នានា​របស់​មីយ៉ាន់ម៉ា​និង​ឥស្សរជន​នយោបាយ​ដែល​ជិតស្និទ្ធ​នឹង​យោធា ហើយ​ក៏មាន​ទំនាក់ទំនង​ដ៏​ល្អ​ផងដែរ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគតិច ជាពិសេស​អង្គការ​នយោបាយ​ក្រុមប្រឹក្សា​ស្ដារ​រដ្ឋ Shan/កងទ័ព​រដ្ឋ Shan»។

ក្នុង​អំឡុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ចុង​ខែ​មេសា នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​លោក Srettha Thavisin បាន​ផ្តល់​យោបល់​ថា របប​យោធា​មីយ៉ាន់ម៉ា​អាច​មាន​ទំនោរ​ជាងមុន​មក​រក​ការ​ចរចា​សន្តិភាព បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​បាន​បរាជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​ជាច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Srettha បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​នោះ​ថា៖ «របប [យោធា​មីយ៉ាន់ម៉ា] បច្ចុប្បន្ន​កំពុង​ចាប់ផ្តើម​បាត់បង់​កម្លាំង​មួយ​ចំនួន​ហើយ។ ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​ទាក់ទង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ហើយ»។

អ្នក​នាំពាក្យ​ការិយាល័យ​ប្រធាន​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) លោក Kyaw Zaw ក៏​បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​ការ​គាំទ្រ​ដែល​ក្រុម​របស់​លោក​បាន​ទទួល​ពី​រដ្ឋាភិបាល​ថៃ​និង​បាន​ទទួលស្គាល់​នូវ «បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ជួប​ប្រទះ​ទាក់ទិន​នឹង​ប្រទេស​មីយ៉ាន់ម៉ា» ផងដែរ។

លោក​បាន​និយាយ​ថា៖ «យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​នេះ ហើយ​ចាត់ទុក​ការ​បង្កើន​ការ​ចូលរួម​របស់​រដ្ឋាភិបាល​ថៃ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ថា​ជា​ការ​វិវឌ្ឍ​បែប​វិជ្ជមាន»៕


ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ