លោក​​ គង់ គាំ​​ ប្រាប់​តុលាការ​ថា​ ​លោក​មិន​បាន​ដឹង​រឿង​លោក​​កឹម សុខា​ ​«ក្បត់ជាតិ»​នោះ​ទេ

លោក គង់ គាំ អតីតមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចេញពីការឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

នៅ​ថ្ងៃពុធ​នេះ​ ​លោក ​​គង់ គាំ​ ​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ ​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​តុលាការ​ចោទ​លោក​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ក្បត់​ជាតិ។​ ​លោក​បាន​ប្រាប់​តុលាការ​ថា​ លោក​មិន​បាន​ដឹង​រឿង​ដែល​ថា​​ លោក​​ កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​បរទេស​​ក្នុងការ​រៀប​គម្រោង​​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

លោក គង់ គាំ​ ​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ជា​អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធាន​បក្ស​ជំទាស់​ ​បាន​បញ្ជាក់​ប្រាប់​ ​តុលាការ​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ​លោក​មិន​បាន​ដឹង​ថា​ លោកកឹម សុខា​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​បរទស​ក្នុង​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។​

លោក គង់ គាំ ត្រូវបាន​ចៅ​ក្រម​ស៊ើបសួរ​លោក គី ឫទ្ធី ​កោះ​ហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​ដែល​តុលាការ​ចោទ​លោកកឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ក្បត់​ជាតិ​តាម​ដីកា​កោះដែល​ចេញ​កាល​ពី​ចុង​ខែធ្នូ​ឆ្នាំ​២០១៨។​

ក្រោយ​ចេញ​ពី​ការ​បំភ្លឺនៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៣ខែ​មករាឆ្នាំ​២០១៩​នេះ​ ​លោកគង់ គាំ​ ​អតីត​មន្រ្តី​ និង​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​ថា​ ចៅ​ក្រម​បានសួរ​អំពី​ទំនាក់​ទំនង​ការងាររវាង​លោក​ ​លោកកឹម សុខា​ ​និង​លោកសម រង្ស៊ី។​ ​លោក​បន្ថែម​ថា​ ​លោក​បាន​ឆ្លើយ​ប្រាប់ចៅក្រម​ថា​ ​លោក​មិន​បាន​ដឹង​រឿង​ដែល​ថា​ លោកកឹម សុខាមាន​ជាប់​ពាក់ព័ន្ធ​នឹង​បរទេស​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ ​លោក​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ការ​ថ្លែង​របស់​លោកកឹម សុខាក្នុង​វីដេអូ​មួយ​ដែល​តុលាការ​បាន​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​លោកកឹម សុខា។​

លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​តុលាការ​កោះ​ហៅ​លោក​មក​ឆ្លើយ​បំភ្លឺ។ លោកនិយាយ​ថា៖​

«ព្រោះ​ខ្ញុំ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​គេ​យល់​ថា​ ​ខ្ញុំ​អាច​ដឹង​បញ្ហា​របស់ថ្នាក់​ដឹកនាំសង្គ្រោះ​ជាតិ​ ​មាន​ប្រធានសម រង្ស៊ី​ ​និងកឹម សុខា​ហ្នឹង។​ ​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹងថា​ ​ខ្ញុំ​ពិត​ជា​មិន​បាន​ដឹង គ្មាន​ឯកសារ ​ហើយ​នឹង​មិន​បាន​ដឹង​ច្រើ​ន​ដូច​លោកសម រង្ស៊ីដែល​ថា​ ​អ្វីៗ​ទាំងអស់​មាន​តែ​គាត់​ទេ​ជា​អ្នក​ដឹង​ច្រើន​ជាង​គេ»។​

លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំងគឺ​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​និង​ជា​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ​នៅ​មុន​ពេល​ដែល​លោក​សម្រេច​បញ្ចូល​គណបក្ស​សិទ្ធិ​មនុស្ស​ជា​មួយ​គណ​បក្ស​សម រង្ស៊ី បង្កើត​ជា​គណបក្ស​សង្គ្រោះជាតិ។​

លោកកឹម សុខាត្រូវ​បាន​សមត្ថ​កិច្ច​សម្រុក​ចូលចាប់​ខ្លួន​ពីក្នុង​ផ្ទះ​ទាំង​កណ្តាលយប់​រំលង​អាធ្រាត្រ ​កាលពី​ដើម​ខែ​កញ្ញាឆ្នាំ​២០១៧​ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ​ឬស្មើ​នឹង​បទ​ក្បត់​ជាតិ​ បន្ទាប់ពី​តុលាការ​យោង​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​លោកកឹម សុខា​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ខ្លួន​ឯ​ប្រទេស​អូស្រ្តា​លី ​កាលពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣។ ​ក្នុង​វីដេអូ​ឃ្លីប​នោះ ​លោក កឹម សុខា​ បាន​លើកឡើង​អំពី​យុទ្ធសាស្រ្ត​នៃ​ការ​ផ្តួល​រំលំ​មេ​ដឹកនាំ​ផ្តាច់​ការ។​

ក្រោយ​ការ​ចាប់​ខ្លួន​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ឯខេត្តត្បូង​ឃ្មុំ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ ​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរបញ្ជា​ឲ្យ​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ក្នុង​ផ្ទះ​វិញ​ ​នៅ​ខណ្ឌ​ទួលគោក​ ​រាជធានី​ភ្នំពេញ។​ ​រហូត​មក​ដល់​ពេល​នេះ​ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួនទាំង​ក្នុង​ពន្ធនាគារ​ ​និង​ក្នុង​ផ្ទះ​សរុប​អស់​រយៈ​ពេល​ជិត​១៦​ខែ​ ​ដោយ​មិនទាន់​មាន​ការ​កាត់ទោស​ណាមួយ​នៅ​ឡើយ។​

ក្រៅ​ពី​លោក គង់ គាំ​ ​តុលាការ​ក៏​បាន​កោះ​ហៅ​សាក្សី​មួយ​ចំនួន​ទៀត​ដែល​ភាគ​ច្រើនជា​សាក្សី​ដោះ​បន្ទុក​ឲ្យ​លោក កឹម សុខា​ ​ក្នុង​នោះ​រួម​មាន​មន្រ្តី​សង្គម​ស៊ីវិល​ផង​ដែរ។

ក្រោយ​ការ​ចេញ​ដីកា​កោះ​ហៅ​លោក គង់ គាំ ឲ្យ​ចូល​បំភ្លឺ​ ​លោក សម រង្ស៊ី​ ​មេដឹក​នាំ​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​រិះគន់​តុលាការ​កម្ពុជាថា​ ​ធ្វើតាម​ការ​បញ្ជា​របស់​អ្នក​មាន​អំណាច​ទាក់ទង​នឹង​រឿង​នយោបាយ​ផ្សេងៗ។​ លោក សម រង្ស៊ី​ ​បន្ថែម​ក្នុង​សារ​នោះ​ថា ​តុលាការ​មិន​គួរ​កោះ​ហៅ​លោក គង់ គាំ​ នោះ​ទេ។​លោក​និយាយ​ថា​ លោក គង់ គាំ មិន​ដឹង​រឿង​ឡើយ។

ប៉ុន្តែលោក សម រង្ស៊ី បាន​អះអាង​ថា​ ​លោក​ជា​អ្នក​ដឹង​រឿង​ច្រើន​ជាង​គេ​បង្អស់​ ​ហើយ​លោក​ក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​គេ​បង្អស់​ដែរ​ ​ពី​ព្រោះ​លោក​ជា​អ្នកធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ​ក្នុង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«បើ​ចង់​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​លោកកឹម សុខាពី​បទ​ល្មើស​ទាំងពីរ​ដូច​បាន​បញ្ជាក់​ខាង​លើ​នេះ​ តុលាការ​អាយ៉ង​ត្រូវ​តែ​ហៅ​ខ្ញុំ​ សម រង្ស៊ីមក​សាកសួរ​មុន​គេ​បង្អស់។​ ខ្ញុំ​យល់​ព្រម​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​សំណុំ​រឿង​លោកកឹម សុខា​ជូន​តុលាការ​អា​យ៉ង ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ ​Skype ​ពី​សហ​រដ្ឋ​អាមេរិក​ ​ដែល​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ពេល​នេះ»។​

លោក លី សុផាណា​ ​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ មិនបាន​ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោកគង់ គាំ​ ​ឬ​លោកសម រង្ស៊ី​នោះទេ ប៉ុន្តែ​លោក​បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​បណ្តាញ​សង្គមតេឡេក្រាម​ថា៖

«ចៅក្រម​ស៊ើប​សួរ​ជា​អ្នក​ដែល​មាន​អំណាច​នៅ​ក្នុង​ការស៊ើប​សួរ​ដើម្បី​ជា​ប្រយោជន៍​ដល់​រឿង​ក្តី ​ដោយ​រក្សា​ការ​សម្ងាត់​នៃ​ការ​ស៊ើប​សួរ»។

លោក ផែង ហេង​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​ដែល​ការពារក្តី​ឲ្យ​លោក កឹម សុខា​ ​លើក​ឡើង​ថា ​រហូត​មក​ដល់​ពេល​នេះ ​តុលាការ​នៅ​បន្ត​ការ​សាកសួរ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា​ ​តែ​លោក​ថា ​មិន​ទាន់​មាន​ដំណឹង​ពី​ការបើក​សវនាការ​នៅ​ឡើយ។​

លោក​បញ្ជាក់​ថា៖​

«ការ​ដែល​កោះ​ហៅ​សាក្សី​ថ្មី​ ​ឯក​ឧត្តម​ ​គង់ គាំ​នេះ​គឺ​ជា​ដំណាក់​កាល​បំពេញ​កិច្ច​របស់​ចៅក្រម​តាម​ការ​ស្នើ​សុំ​របស់​តំណាង​អយ្យការ។ ​អ៊ីចឹងយើង​មិន​ដឹង​ថា​ចៅ​ក្រម​ស៊ើបសួរ​បិទ​ការ​ស៊ើបសួរ​នៅ​ពេល​ណា​ទេ។​ ​យើងអត់​ដឹង​ច្បាស់ទេ​ចំណុច​ហ្នឹង។​ មិន​ដឹង​ថា គាត់​ហៅ​សាក្សី​ណា​ទៀត​ ឬ​គាត់​ត្រូវ​បញ្ចប់? ​ធម្មតា​នីតិវិធី​កាល​ណា​សួរ​ចប់​ ​គាត់​ត្រូវ​ចេញ​ដីកា​ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ​ថា ​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ ​ឬក៏​បញ្ជូន​ទៅ​ជម្រះ»។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា ដដែល​នេះ​ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ​បាន​ដាក់​បណ្តឹង​ជា​លើកទី​៣ ​កាលពី​ខែធ្នូ ឆ្នាំ២០១៨ ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា​ ​ប៉ុន្តែ​លោក ផែង ហេង​ ប្រាប់​ថា​តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​នោះ ​ដោយ​លើក​មូល​ហេតុ​ថា​ តុលាការ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​នៅ​ឡើយ។

បើ​ទោះជា​លោក កឹម​ ​សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​និង​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញ​ក៏​ដោយ​ ​ក៏​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជា​ច្រើន​នៅតែ​ទាម​ទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ ​លោក កឹម​ ​សុខា​ ​ដោយ​ឥត​លក្ខខណ្ឌ៕