ឃាតករ​សិប្បនិម្មិត​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្តឹង​ទារ​សំណង​ជំងឺ

ឃាតករ​សិប្បនិម្មិត​ប៊ន សំណាង(ឆ្វេង)​និង​សុខ ​សំអឿន​​ទទួលទឹកមន្ត​រំដោះគ្រោះ​ ក្រោយ​ពេលចេញ​ពី​ការជាប់ឃុំឃាំង​ដ៏​អយុត្តិធម៌។​

ពេល​វេលា​៦ឆ្នាំ​នៃ​ការ​ជាប់​ឃុំឃាំង​របស់​ជនជាប់​ចោទ​ពីរនាក់​ជា​ឃាតករ​សប្បនិមិ្មត​គឺ ​ប៊ន សំណាង​ និង​សុខ សំអឿន​ ត្រូវ​អ្នកវិភាគ​ចាត់ទុក​ថា ​ជា​ឧទាហរណ៍​នៃ​អំពើ​អយុត្តិធម៌មួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ដោយសារ​ថា​ ឃាតករ​ពិត​ប្រាកដ​ដែល​បាន​បាញ់​សម្លាប់មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​គឺ​លោក​ជា វិជ្ជា​នោះ​ មិន​ត្រូវ​គេនាំ​យក​មក​ផ្តន្ទាទោស​ តែជន​ស្លូតត្រង់​ពីរ​នាក់​ត្រូវ​គេ​រៀបចំ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទោស​កំហុស​នេះ​ទៅវិញ។​

យុត្តិធម៌​សម្រាប់​លោក​ជា វិជ្ជា​ជាង​១០​ឆ្នាំ​ មិន​ត្រូវ​កើត​ឡើង​ យុត្តិធម៌​សម្រាប់​ឃាតករ​សប្បនិម្មិតទាំង​ពីរ​បាន​ទទួល​ដោយ​មិន​ពេញ​លេញ។​ ពួកគេ​មិន​ទាន់​បាន​សម្រេច​ ​ឬ​មិន​ហ៊ាន​សម្រេច​ចិត្ត​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​ទេ បន្ទាប់​ពី​តុលាការ​កំពូល​បានសម្រេច​ដោះ​លែង​ឲ្យ​រួច​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី២៥​ កញ្ញា​ឆ្នាំ២០១៣។​

បើតាម​ការ​អះអាង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ ការ​គ្មាន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​បណ្តោយ​ឲ្យមន្ត្រី​តុលាការ​និង​ប៉ូលិស​ដែល​ប្រព្រឹត្ត​កំហុស​រួចខ្លួន​ជានិច្ច ​ជាពិសេស​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក​ជា វិជ្ជា។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន ថ្លែង​ថា ​នៅ​ក្នុង​ករណី​ឃុំខ្លួន​ដោយ​អយុត្តិធម៌​ ដូចករណី​ប៊ន សំណាង​និង​សុខ សំអឿន​នេះ ​បើស្ថិត​ក្នុង​ប្រទេស​កាន់​ប្រជា​ធិបតេយ្យ​ រដ្ឋជា​អ្នក​ទទូល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ របរ​ទទួលទាន​ជាដើម។

លោក​និយាយថា៖ ​«នៅក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​អត់មាន​ទេ​ អត់​មាន​ប្រព័ន្ធ​របៀប​ហ្នឹង គឺអ្នក​ដែល​ជាប់​ពន្ធនាគារ ​ហើយ​ដែល​គេ​ដោះលែង​វិញ​ មិន​ដែល​ហ៊ាន​ប្តឹង​ទេ​ ព្រោះខ្លាច​ជាប់​វិញ។​ អញ្ចឹង​សុំតែ​ម៉ា​រួច​ខ្លួន។​ អញ្ចឹង​វា​បាត់បង់​យុត្តិធម៌​អ្នក​ទាំង​ពីរ​ដែល​ត្រូវ​តែ​ទទួល។​ រឿង​ហ្នឹង​ ដែល​យើង​មើល​ឃើញ​ថា ​សុទ្ធតែ​ប៉ះពាល់​ដល់​យុត្តិធម៌​ទាំងអស់»។​

លោក​ថ្លែង​ថា ​គ្រាន់តែ​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ​គឺធ្វើ​ឲ្យ​បាត់​យុត្តិធម៌​ដល់​ លោក​ជា វិជ្ជា​ និង​គ្រួសារ​ ហើយ​ធ្វើ​ឲ្យមនុស្ស​ពីរនាក់ដែល​ជាជន​ស្លូតត្រង់​ ទៅជា​ទទួល​ទោស​ជំនួស​ឃាតករ​ពិត​ប្រាកដ​ទៅ​វិញ។​

«យើង​ហាក់បី​ដូចជា​ ទី១​ ប្រព័ន្ធ​និទណ្ឌភាព​នៅតែ​មាន​ ពីព្រោះ ​មកដល់​ពេលនេះ ​អ្នក​ដែល​បាញ់​សម្លាប់លោកជា វិជ្ជា​នៅ​រួច​ខ្លួន​នៅ​ឡើយ។​ ហើយ​ទី២ វា​កាន់តែ​ធ្ងន់ធ្ងរ ​អ្នកដែល​មិន​បាន​ប្រព្រឹត្ត​ត្រូវ​គេយក​មកឲ្យ​ទទួល​ទោស។​ នេះបើ​យើង​មើល​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌។ ​អញ្ចឹង​ ​ទាំង​មតិជាតិ​ និង​អន្តរជាតិ​បាន​លើក​ឡើង​ហើយ​ថា​ ប្រព័ន្ធ​តុលាការ​នៅមាន​ភាព​មិន​ឯករាជ្យ។​ អញ្ចឹង​បាន​ជា​គេ​ទាមទារ​ឲ្យមាន​ការ​ធ្វើ​កំណែទម្រង់​»។​

លោកនី ចរិយា​ ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន អះអាង​ថា​ ជន​រងគ្រោះ​ដែល​ចេញ​ពីពន្ធនាគារហើយ​ច្រើនតែ​ចង់​បាន​ត្រឹមតែ​រួច​ខ្លួន​ មិនចង់ទាមទារ​អ្វី​ទេ​ គឺឲ្យ​មន្ត្រី​តុលាការ​រួច​ខ្លួន។​ លោក​ថា ​រឿងនេះ​មិនមែន​ជា​លើក​ទីមួយ​ទេ។​

លោក​បន្ថែម​ថា​ ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​គ្មាន​ភាព​ឯករាជ្យ​ ហើយគ្មាន​ការត្រួត​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​ផង​នោះ​ ដូច្នេះ​បាន​ជា​គាត់​អត់​មាន​ជំនឿថា ​ប្រព័ន្ធ​យុត្តិធម៌​នឹង​អាច​រកយុត្តិធម៌​ឲ្យគាត់​បាន​ទេ។​

«ដោយ​សារ​អី​ ដោយសារ​គាត់​មិន​ជឿ​ថា ​គាត់ប្តឹង​ទៅ​ វា​បាន​ផល​មក​វិញ។ ​វា​អត់​ បាន​រក​យុត្តិធម៌​ឲ្យ​គាត់​មក​វិញ​ទេ។​ អញ្ចឹង​គាត់​ខំប្រឹង​លះបង់​ថា​ អ្វី​ដែល​ជា​ កំហុស​របស់​តុលាការ​ហ្នឹង​គឺគាត់​លះបង់​ចោល​ដោយ​ក្តី​ឈឺ​ចាប់​ហើយ»។​

មេធាវី​ជន​ជាប់ចោទ​ទាំង​ពីរ​បាន​អះអាង​ថា​ កូន​ក្តីរបស់​លោក​អាច​មាន​សិទ្ធិ​ប្តឹង​ ទាមទារ​ជំងឺ​ចិត្ត​បាន​ ប្រសិន​បើ​គេ​សម្រេច​ចិត្ត។​ តែ​ប៊ន សំណាង​បាន​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​បន្ត​ប្តឹង​នោះ​ទេ។​

លោក​និយាយថា៖ «រឿង​ជំងឺ​ចិត្ត ​ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។​ ខ្ញុំ​អត់ចង់​និយាយ​រឿង​ហ្នឹង​តែ​ម្តង»។​

លោក​ជុំ សុវណ្ណាលី​ មេធាវី​លោកប៊ន សំណាង ​បាន​អះអាង​ថា​ ការ​ប្តឹង​យ៉ាង​ ណា​ដើម្បី​ទាមទារ​សំណង​ជំងឺចិត្ត​គឺស្រេច​លើកូន​ក្តី​របស់​លោក។​

លោក​និយាយថា៖ «ខ្ញុំ​បាន​ទាក់​ទង​ទៅ​គាត់ដែរ។ ​គាត់​ថា​ ចាំ​គិត​មើល​សិន ​ហើយ​ចាំ​ពិភាក្សា​ជាមួយ​ ក្រុម​គ្រួសារ​គាត់ ​ហើយគាត់​នឹង​ផ្តល់​ចម្លើយតាម​ក្រោយ»។​

លោក​នី ចរិយា​បាន​អះអាង​ថា​ ការ​មិនហ៊ាន​ប្តឹងផ្តល់​នេះ​គឺ​ទុក​ឱកាស​ឲ្យ​មន្ត្រី​ តុលាការ​និង​ប៉ូលិស​ធ្វើ​អ្វីៗ​បាន​តាម​ចិត្ត។​

លោក​និយាយថា៖ «នេះ​វា​បង្ហាញ​យ៉ាង​ម៉េច?​ វា​បង្ហាញ​ពីតុលាការ​កម្ពុជា​យើង​គឺ​ថា​ តុលាការ​កម្ពុជា​ យើង​គ្មាន​កំហុស​ទាល់តែ​សោះ។​ អ្នកដែល​ធ្វើខុស​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ក៏ដូច ជា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​គឺ​ថា ​អត់ចេះ​ខុស។​ រឿង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ ជាតិ​និង​អន្តរជាតិ​ចេះ​តែ​ទិតៀន​ជារឿយៗ​ថា​ ប្រព័ន្ធ​តុលាការ​យើង​បម្រើតែ​អ្នក​ មាន​ ឬអ្នក​មាន​អំណាច​ ដែល​អ្នក​ក្រីក្រ​ អ្នក​ទន់​ខ្សោយ​មិន​អាច​ទទួល​បាន​ យុត្តិធម៌​ពីប្រព័ន្ធ​អស់​ហ្នឹង​ទេ»។​

លោកជា វិជ្ជា​ មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែលជា​ជើង​ឯក​ខាង​ ការ​តស៊ូ​ដើម្បី​សេរីភាព​ជូន​កម្មករ​រោងចក្រ​និង​ការពារ​សិទ្ធិ​កម្មករ​ ហើយ​ជា​អ្នក​ រិះ​គន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឥត​សំចៃ​នោះ​ ត្រូវ​ឃាតករ​បាញ់​សម្លាប់កាលពី​ថ្ងៃ២២​ ខែ​មករា​ឆ្នាំ​២០០៤។​ ឃាតករ​បាញ់​សម្លាប់មិន​ត្រូវ​គេ​រក​ឃើញ​ទេ។​

បើតាម​ការ​អះអាង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ​សំណុំ​រឿង​នេះ​គួរ​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​មន្ត្រី​ប៉ូលិស​ និង​មន្ត្រី​តុលាការ​ ដែល​បាន​រៀបចំ​សំណុំ​ រឿង​ក្លែង​បន្លំ​នេះ​ឡើង​ដើម្បី​ទម្លាក់កំហុស​លើ​ជន​ស្លូតត្រង់​ ដែល​មាន​ន័យ​ថា ប្រហែលជា​មន្ត្រី​ប៉ូលិស​ និង​មន្ត្រី​តុលាការ​ដឹងថា​ ​អ្នកណា​ជា​ជនដៃ​ដល់​បាញ់​សម្លាប់​លោក​ជា វិជ្ជា ហើយ​មិនហ៊ានប៉ះ​ទើប​គេធ្វើ​របៀប​នេះ។ ​

លោក​នី ចរិយា​បាន​អះអាង​ថា​ ការ​ធ្វើ​ទារុណ​កម្ម​ដើម្បី​យក​ចម្លើយ​សារភាព​ពី​ប៊ន សំណាង ​និង​សុខ សំអឿន​គឺជា​ពន្លឺមួយ​នៃ​ការ​ស៊ើបអង្កេត​ ដែល​ពេល​នោះ​ លោកហេង ពៅ​ ជា​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​ជាអ្នក​ទទួលខុស​ត្រូវ​ក្នុង​រឿង​ នេះ ហើយ​ពេល​នេះ​លោកកំពុង​ជាប់​ឃុំឃាំង​ក្នុងរឿង​ឃាតកម្ម​មួយ​ចំនួន។​

លោក​និយាយថា៖ «កាលណោះ​ លោក​ហេង ពៅ ​ដែលជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ បាន​ធ្វើ​ការ​កៀប​សង្កេត់​ ធ្វើ​ទារុណកម្ម​ដើម្បី​ឲ្យ​គាត់​ឆ្លើយ​សារភាព។ ​នេះ​ជាផ្លូវ​មួយ​ សម្រាប់​យើង​ធ្វើការ​ស៊ើប​អង្កេតឡើងវិញ​បានដោយ​សារតែ​យើងត្រូវ​តែចោទ ប្រកាន់​ទៅលើ​ក្រុម​លោក​ហេង ពៅ​កាលពេល​ដែលគាត់​នៅជា​ស្នងការ​ហ្នឹង។ពីរឿង​ធ្វើទារុណកម្ម ​ហេតុអ្វី​បាន​ធ្វើ​ទារុណ​កម្ម​គេ​ឲ្យ​ឆ្លើយ​សារភាព​ បាន​ន័យ​ថា​ ខ្លួន​បាន​ដឹង​ពី​បទ​ល្មើស​នឹង​ហើយ»។​

ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​កម្ពុជា​ត្រូវគេ​រិះគន់​ថា​ ស្ថិតនៅ​ក្រោមឥទ្ធិពល​ នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស ​ដែលគេ​ដឹង​ថា​ ពិបាក​នឹង​កែ​ទម្រង់​ ដោយសារ​ថា​ មន្ត្រី​តុលាការ​ជាន់ខ្ពស់​ភាគ​ច្រើន​ជា​សមាជិក​គណៈ​កម្មាធិការ​ កណ្តាល​និង​មជ្ឈឹមរបស់​គណបក្ស​ប្រជាជន​កម្ពុជា។​

អាជ្ញាធរ​ប៉ូលិស​ធ្លាប់​បាន​បញ្ជាក់​ថា ​គេមិន​ទាន់​បិទ​សំណុំ​រឿង​ឃាតកម្ម​ណាមួយ​ ទេ ​ហើយ​នឹង​ធ្វើការ​ស៊ើបអង្កេត​ឡើង​វិញ​តាម​ការ​បង្គាប់​របស់​តុលាការ។​

រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានសច្ចា​ជា​ថ្មីដូច​មុនៗទៀត​ ថា​ នឹង​ធ្វើ​កំណែទម្រង់ប្រព័ន្ធ​តុលាការ​ និងកំណែទម្រង់វិស័យ​ផ្សេង​ទៀត​នៅ​អាណត្តិ​ថ្មី​នេះ៕