ព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ សោយទិវង្គត​នាំ​ឲ្យ​មាន​ការ​សោក​ស្តាយ​ខណៈ​ជីវិត​នយោបាយ​របស់​ទ្រង់​ក៏​រង​ការ​រិះគន់​ផង​ដែរ

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ប្រធាន​​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច មាន​​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​​ ក្នុង​អំឡុង​ការ​ជួប​ប្រជុំ​គ្នា​​មួយ​នៅ​​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០០២។ (AFP)

ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មេដឹកនាំ​នយោបាយ​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​បាន​សោយទិវង្គត​នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ព្រះជន្ម៧៧ ​ព្រះ​វស្សា។​

សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឫទ្ធិ​ ដែល​មាន​សញ្ជាតិ​បារាំង​ផង​នោះ​ប្រសូតិ​នៅ​ថ្ងៃ​ទី​២ ​ខែ​មករា​ ឆ្នាំ​១៩៤៤​ និង​ចូល​ទិវង្គត​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ឆ្នាំ២០២១។​

ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​អ្នក​ពាក់​ព័ន្ធ​នៅ​កម្ពុជា​បាន​កត់​សម្គាល់​នូវ​ស្នា​ព្រះហត្ថ​នយោបាយ​របស់​ព្រះអង្គ​ដែល​ពេល​ខ្លះ​មាន​ពន្លឺ​និង​ពេល​ខ្លះ​ជួប​នូវ​ភាព​អួអាប់។​

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​សព​របស់​សម្តេច​ព្រះរាម នរោត្តម បុប្ផាទេវី នៅ​វត្ត​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (AP)

នៅ​ក្នុង​សារ​លិខិត​ផ្ញើទៅ​កាន់​មហេសី​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​គឺ​អ្នកម្នាង ​នរោត្តម ​ម៉ារីរណឫទ្ធិ​ ​លោក​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ន័យដើម​ថា៖​ «ការ​បាត់​បង់​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​គឺ​ជាការ​បាត់​បង់​ព្រះ​រាជ​ឥស្សរជន​ក្នុង​រាជវង្ស​ដ៏ល្អ​ឆ្នើម​មួយ​ព្រះអង្គ​ដែល​ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ស្នេហាជាតិ​ សាសនា​ ព្រះ​មហា​ក្សត្រ​ប្រកប​ដោយ​ព្រះ​ឆន្ទៈ​មនសិការ​មោះ​មុត​និង​វាងវៃ​ជា​អតិបរមា»។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​រស់​និរទេស​ក្រៅ​ប្រទេស​លោក ​សម រង្ស៊ី​ បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​វិច្ឆិកា​ក្នុង​ន័យ​ដើម​ថា៖ ​«ព្រះ​អង្គម្ចាស់​ នរោត្តម​រណឫទ្ធិ​ ជា​មេដឹក​នាំ​ចលនា​តស៊ូ​មួយរូប​គួរ​ឲ្យ​គោរព​ ពីចុង​ទសវត្សរ៍​១៩៨០​ដល់​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​១៩៩៣។ ខ្ញុំ​សូម​សម្តែង​ការ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ»។​

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ដែល​ទើប​ទម្លាក់​ពី​តំណែង និង​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង ស្ដាប់​សំណួរ​ដែល​អ្នក​ចូលរួម​សួរ​នៅ​ក្លឹប​អ្នក​កាសែត​ថៃ (Foriegn Correspondants Club of Thailand (FCCT)) ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧។ ព្រះអង្គ​បាន​អំពាវនាវ​ឱ្យ​ស្ថានទូត​បរទេស​នៅ​កម្ពុជា​បិទ​ទ្វារ ក្រោយ​មាន​រដ្ឋប្រហារ​ដក​ព្រះអង្គ​ចេញ​ពី​តំណែង និង​ជំរុញ​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ (AFP)

ចំណែក​លោក ​ញ៉ឹក ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​កន្លង​ទៅ​ធ្លាប់​រិះគន់​សម្តេច​ក្រុមព្រះ​រឿង​ការ​បង្រួប​បង្រួម​គ្នា​ក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ថា​ ​ការ​សោយ​ទិវង្គត​នេះ​គឺ​ជា​«ការ​បាត់បង់​ព្រះ​ឥស្សរជន​ក្នុង​ព្រះ​រាជវង្ស​ដ៏​ឆ្នើម​មួយ​ព្រះ​អង្គ​ដែល​ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ស្នេហា​ជាតិ​សាសនា ​ព្រះមហាក្សត្រ​ប្រកប​ដោយ​ឆន្ទៈ​មនសិការ​មោះមុត​និង​វាង​វៃ​ជា​អតិបរមា»។​

ដោយ​ឡែក​លោក ​អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​តាកែវ​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ដែល​លោក​ចាត់​ទុក​ថា​ជា​ឥស្សរជន​នយោបាយ​ប្រវត្តិសាស្ត្រ​មួយ​រូប​របស់​ប្រទេស​កម្ពុជា​ដោយ​សារ​ព្រះ​អង្គ​បាន​រួម​ចំណែក​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម​និង​ពន្លត់​ភ្លើង​ជម្លោះ​ផ្ទៃ​ក្នុង​ប្រទេស​មួយ​ផ្នែក​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។​

លោក ​អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ថា៖ «ហើយ​យើង​ទទួល​ស្គាល់​ថា​លោក​ជា​បុគ្គល​ដែល​សំខាន់​នៅ​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​វៀតណាម​ នៅ​សម័យ​ទសវត្សរ៍​១៩៨០​រហូត​ដល់​ទទួល​បាន​ជោគជ័យ​មាន​ការ​ចរចា​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​អី​ហ្នឹង»។​

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ជា​អ្នក​នយោបាយ​និង​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Provence ហើយ​បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ស្រាវជ្រាវ​ច្បាប់​និង​ជា​សាស្ត្រាចារ្យ​នៅ​ប្រទេស​បារាំង។ ​ព្រះ​អង្គ​ជា​ព្រះ​រាជបុត្រ​ទីពីរ​របស់​ព្រះ​បាទ​ នរោត្តម ​សីហនុ ​នៃ​ប្រទេស​កម្ពុជា​និង​ជា​ព្រះ​រាម​របស់​ព្រះ​បាទ​ នរោត្តម ​សីហមុនី ​ព្រះ​មហាក្សត្រ​នៃ​កម្ពុជា។​ នៅ​ឆ្នាំ​១៩៨៣​ ព្រះអង្គ​បាន​ចូល​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហើយ​នៅ​ឆ្នាំ​១៩៨៦​ព្រះអង្គ​បាន​ក្លាយ​ជា​អគ្គ​សេនាធិការ និង​ជា​អគ្គ​មេ​បញ្ជាការ​នៃ​កង​ទ័ព​ជាតិ​សីហនុនិយម។​ នេះ​បើ​តាម​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះ​អង្គ។

រូបឯកសារ៖ ពី​ឆ្វេង​ទៅ​ស្តាំ៖ សម្តេច​មហាក្សត្រិយ៍​នរោត្តម មុនីនាថ​សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហមុនី និង សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រះរាជពិធី​យាង​គ្រង​រាជ្យ​របស់​ព្រះបាទ​នរោត្តម សីហមុនី​នៅ​ព្រះ​បរមរាជវាំង​កាលពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។ (AP)

សម្តេច​ក្រុម​ព្រះ​ នរោត្តម ​រណឫទ្ធិ​ ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​គណបក្ស​រាជានិយម។​ព្រះអង្គ​ក៏​ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទីមួយ​នៃ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​ស្តារ​ឡើង​វិញ​នូវ​របប​រាជា​និយម​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​ដល់​១៩៩៧​និង​បន្ត​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​នៅ​ចន្លោះ​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៦។​

ព្រះអង្គ​បាន​ក្លាយ​ជា​អគ្គ​លេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឆ្នាំ​១៩៨៩​និង​ជា​ព្រះ​ប្រធាន​នៅ​ឆ្នាំ​១៩៩២។​ នៅ​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣​ ​គណបក្ស​របស់​ព្រះអង្គ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ដឹកនាំ​រួម​គ្នា​ដោយ​សហនាយក​រដ្ឋមន្ត្រី​ពីរ​រូប។​

សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​បាន​ក្លាយ​ជា​សហនាយករដ្ឋ​មន្ត្រី​ទីមួយ​រីឯ​លោក​ ហ៊ុន សែន ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្លាយ​ជា​សហនាយករដ្ឋមន្ត្រី​ទីពីរ។ ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​ព្រះ​អង្គ​បាន​ផ្សព្វផ្សាយ​ផល​ប្រយោជន៍​ធុរកិច្ច​នៅ​កម្ពុជា​ដល់​មេ​ដឹកនាំ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ហើយ​បាន​បង្កើត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)។​

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ដែល​ជា​សហ​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មិន​គ្រោង​ទុក​មួយ​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ១៩៩៧ ដើម្បី​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ប៉ុល ពត។ (AFP)

ចាប់​ពី​ដើម​ឆ្នាំ​១៩៩៦​ ទំនាក់ទំនង​រវាង​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ និង​ លោក ​ហ៊ុន សែន កាន់​តែ​យ៉ាប់​យ៉ឺន​ខណៈ​ដែល​ព្រះអង្គ​បាន​ត្អូញ​ត្អែរ​ពី​ការ​បែងចែក​អំណាច​រដ្ឋាភិបាល​មិន​ស្មើ​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ហ៊ុន សែន។​

នៅ​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ ការ​ប៉ះទង្គិច​គ្នា​ដ៏​សំខាន់​មួយ​រវាង​កងទ័ព​ដែល​ឈរ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើត​មាន​ឡើង​ដោយ​បង្ខំ​ឲ្យ​ព្រះអង្គ​និរទេស​ព្រះកាយ​ទៅ​ក្រៅ​ប្រទេស។​នៅ​ខែ​បន្ទាប់​ព្រះ​អង្គ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ជា​សហនាយករដ្ឋមន្ត្រី​ទីមួយ។

ព្រះអង្គ​បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ខែ​មីនា​ឆ្នាំ​១៩៩៨​ហើយ​បាន​ដឹកនាំ​គណបក្ស​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​១៩៩៨។​ នៅ​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជាសម្តេច​ក្រុម​ព្រះ​ នរោត្តម​រណឫទ្ធិ​ បាន​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៨។​

នៅ​ខែ​មីនា ​ឆ្នាំ​២០០៦ ​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​រដ្ឋសភា​ហើយ​នៅ​ខែ​តុលា​ ឆ្នាំ​២០០៦ ​ព្រះ​អង្គ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ នៅ​ខែ​បន្ទាប់​មក​ព្រះអង្គ​បាន​បង្កើត​គណបក្ស ​នរោត្តម ​រណឫទ្ធិ ​(NRP)។​ ការ​ចោទ​ប្រកាន់​និង​ការ​ផ្ដន្ទាទោស​ពីបទ​កេង​បន្លំ​ដែល​មាន​ជាប់​ហេតុផល​នយោបាយ​មួយ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​និរទេស​ព្រះកាយ​ម្ដង​ទៀត។​

អ្នក​គាំទ្រ​ម្នាក់​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ របស់​សម្តេច​ក្រុម​ព្រះ ពរ​កូន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០០៧។ (Reuters)

ព្រះអង្គ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​ត្រូវ​បាន​លើកលែង​ទោស​នៅ​ខែ​កញ្ញា ​ឆ្នាំ​២០០៨។ ​ចន្លោះ​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១២ ​ព្រះអង្គ​បាន​ព្យាយាម​បញ្ចូល​គណបក្ស ​នរោត្តម ​រណឫទ្ធិ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ នៅ​ក្នុង​ឆ្នាំ​២០១៧​ព្រះ​អង្គ​បាន​ចាប់ផ្តើម​បង្កើត​សហគមន៍​នៃ​គណបក្ស​រាជានិយម ​(CRPP)​ រយៈ​ពេល​ខ្លី​មុន​ពេល​ត្រឡប់​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​ខែ​មករា​ ឆ្នាំ​២០១៥។​ ក្រោយ​មក​ព្រះ​អង្គ​ក៏​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្តង​ទៀត។​

នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣​និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​គាំទ្រ​របស់​ទ្រង់​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ និង​គណបក្ស​សម រង្ស៊ី​របស់​លោក ​សម​ រង្ស៊ី។​ គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ក្រោម​បទ​ចោទ​ប្រកាន់​«រៀប​គម្រោង​ដណ្តើម​យក​អំណាច»​ពី​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។​

លោក ​អ៊ូ ច័ន្ទរ័ត្ន​ ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ប្រាប់​វីអូអេ​បន្ថែម​ថា​ព្រះ​អង្គ​ម្ចាស់​បាន​សាង​កំហុស​នយោបាយ​មួយ​ចំពោះ​តួនាទី​របស់​ព្រះអង្គ​ដែល​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិដែល​ទទួល​បាន​អាសនៈ​សភា​ចំនួន​៥៥​និងអាសនៈ​ឃុំ​សង្កាត់​ប្រមាណ​៥.០០៧​ក្រោយ​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៣​និង​២០១៧។​ ប៉ុន្តែ​លោក​ថា​ ព្រះ​អង្គ​ម្ចាស់​ទំនង​ជា​រង​សម្ពាធ​ណាមួយ​ហើយ​លោក​ក៏មិន​ជឿ​ថា​បណ្តឹង​របស់​ព្រះអង្គ​មាន​ឥទ្ធិពល​នាំ​ដល់​ការ​រលត់​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។​

លោក​ថ្លែង​ថា៖ «មក​ដល់​ពេល​នេះ​ យើង​មិន​ដឹង​ថា​ជា​ចេតនា​ចេញ​ពី​ប្រភព​ណា​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​រលាយ។ ​ខ្ញុំ​មិន​ទាន់​ជឿ​ថា​គ្រាន់​តែ​ដោយសារ​ពាក្យ​បណ្តឹង​របស់​លោក​ហ្នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រលាយទេ!​ មែន​ទែន​ទៅ!»​

លោក​បន្ថែម​ថា៖ ​«ប៉ុន្តែ​ឃើញ​ថា​លោក​ក៏​បាន​ចូលរួម​ហើយ​បាន​យក​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​យក​ទៅ​ចែក​កូន​ចៅ​លោក​នៅ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង​មែន។​ ​ប៉ុន្តែ​មិន​ដឹង​ថា​ ​វា​ជា​សម្ពាធ​ឬ​ក៏​ជា​ចេតនា​ពិត​ប្រាកដ​មក​ពី​ខាង​ណា»។​

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក្រោយ​យាង​ចូលរួម​សមាជ​មួយ​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។ (AP)

អ្នក​វិភាគ​នយោបាយ​លោក ​ឡៅ ម៉ុងហៃ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​វាជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែល​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​មិន​មាន​ព្រះ​រាជ​ទំនាក់ទំនង​យ៉ាង​សុខដុម​ជាមួយ​បិតា​ព្រះអង្គ​និង​មិន​បាន​សិក្សា​ពី​ជំនាញ​កិច្ចការ​ដឹក​នាំរដ្ឋ​និង​នយោបាយ​ពី​បិតា​ព្រះ​អង្គ​គឺ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម ​សីហនុ។​

លោក​បាន​អធិប្បាយ​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរភាសា​ក្នុង​ន័យ​ដើម​ថា៖​ «ព្រះ​អង្គ​បាន​បរាជ័យ​ប្រើ​អំណាច​ដែល​ប្រជា​ពលរដ្ឋ​ផ្តល់​ការ​ទុក​ចិត្ត​លើ​ទ្រង់​ដើម្បី​កសាង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ​ដើម្បី​ជំនួស​កេរដំណែល​កុម្មុយនីស្ត​ហើយ​ពង្រឹង​អំណាច​ទ្រង់»។​

លោក​បន្ថែម​ដោយ​សំដៅ​ទៅ​គូ​ប្រជែង​សម្តេច​ក្រុម​ព្រះ​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា៖ «ព្រះ​អង្គ​ក្រោយ​បន្តិច​មក​ត្រូវ​បាន​ធ្វើ​ឲ្យ​ទ័ល​ច្រក​និង​ដក​ចេញ​ពី​តំណែង​ដោយ​គូ​ប្រជែង​ដែល​មាន​ទេព​កោសល្យ​ឆ្ងាយ​ជាង​ទ្រង់។ ​ករណី​ទ្រង់​អាច​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​សុភាសិត​ខ្មែរ​មួយ​ថា​ មនុស្ស​ចេះ​ដប់​បញ្ចូល​គ្នា​មិន​ស្មើ​នឹង​មនុស្ស​ប៉ិន​ប្រសប់​ម្នាក់។​ ដោយ​សារ​តែ​គ្មាន​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​ប្រសើរ​នោះ​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ត្រូវ​ធ្លាក់​ចូល​យ៉ាង​លឿន​ទៅ​ក្នុង​តាក់តិក​នៃ​ការ​កាត់​ច្រៀកជា​កង់ៗ​ដែល​ជា​ការ​បំបែក​រួច​ក្តោប​ក្តាប់​របស់​ដៃ​គូ​ចម្រុះ​របស់​ខ្លួន​ដែល​បាន​គ្រប់គ្រង​យ៉ាង​ណែន​នៃ​ក្បាល​ម៉ាស៊ីន​រដ្ឋ​ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រោយ​មក​បែក​ខ្ទេច​ជា​បំណែកៗ។​ អ្វីដែល​នៅ​សេស​សល់​នោះ​គឺ​ឈ្មោះ​តែ​ប៉ុណ្ណោះ»។

យ៉ាងណា​ក៏​ដោយបើ​តាម​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​ព្រះ​រាជ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​សម្របសម្រួល​នយោបាយ​នៅ​ក្នុង​សម័យ​រាជានិយម​ទី​ពីរ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។​

ក្នុង​ពេល​រស់​នៅ​កម្ពុជា​ព្រះអង្គ​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ឆ្នាំ​២០១៨ ​បណ្តាល​ឲ្យ​អ្នក​ម្នាង ​អ៊ុក ផល្លា ​របស់​ព្រះ​អង្គ​សោយទិវង្គត។ ​ បន្ទាប់​មក​ព្រះអង្គ​បាន​យាង​ទៅ​ព្យាបាល​ព្រះកាយ​នៅ​ប្រទេស​បារាំង​រហូត​ដល់​ពេល​ដែល​ព្រះ​អង្គ​ចូល​ទិវង្គត​នេះ៕​