អតីតប្រធានាធិបតីលោក Donald Trump បានរងរបួសក្បាលកាលពីថ្ងៃសៅរ៍ ប៉ុន្តែ លោក«មិនអីទេ»។ នេះបើយោងតាមក្រុមយុទ្ធនាការរបស់លោក បន្ទាប់ពីមានការបាញ់ប្រហារក្នុងទិសដៅរបស់លោកនៅឯការប្រមូលផ្តុំយុទ្ធនាការឃោសនាមួយក្នុងរដ្ឋ Pennsylvania ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមយុទ្ធនាការរបស់លោក Trump បាននិយាយថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានទទួលការព្យាបាលនៅឯមន្ទីរពេទ្យក្នុងមូលដ្ឋានមួយ។ លោកបានទៅទីក្រុង Butler ក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងដើម្បីធ្វើការឃោសនា។
លោក Steven Cheung ជាអ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកប្រធានាធិបតី Trump ថ្លែងអំណរគុណមន្ត្រីអនុវត្តច្បាប់ និងក្រុមសង្គ្រោះបន្ទាន់ចំពោះសកម្មភាពដ៏រហ័សរបស់ពួកគេក្នុងអំឡុងពេលមានទង្វើដ៏សាហាវនេះ។ លោកមិនអីទេ ហើយកំពុងត្រូវបានគេពិនិត្យនៅមន្ទីរពេទ្យក្នុងមូលដ្ឋានមួយ»។
ហ្វូងអ្នកចូលរួមបានឮសំឡេងផ្ទុះប៉័ងៗជាច្រើនដែលស្រដៀងនឹងការបាញ់អាវុធធុនតូចមុនពេលដែលអតីតប្រធានាធិបតីបានយកដៃស្ទាបមុខម្ខាងរបស់លោកហើយក្រាបចុះ។ លោកត្រូវបានក្រុមអង្គរក្សសម្រុកចូលការពារភ្លាមៗ ហើយអាចត្រូវបានគេឮលោកស្រែកថា «ឱ្យខ្ញុំយកស្បែកជើងខ្ញុំសិន» មុនពេលដែលលោកក្រោកឈរឡើងវិញនោះមានកងភ្នាក់ងារការពារបានព័ទ្ធការពារលោកយ៉ាងណែន។
បន្ទាប់មក ដោយមានហូរឈាមចេញពីត្រចៀកខាងស្តាំ លោកបាននិយាយម្តងហើយម្តងទៀតថា «ចាំបន្តិច» ។ បន្ទាប់មក លោកបានលើកកណ្តាប់ដៃស្តាំ ហើយធ្វើកាយវិការខឹងសំដៅកន្លែងមួយនៅចំកណ្តាលហ្វូងមនុស្ស ហើយនិយាយពាក្យដដែលបីដង។ ស្តាប់ទៅដូចជាពាក្យថា «ប្រយុទ្ធ, ប្រយុទ្ធ, ប្រយុទ្ធ» ។
អ្នកនាំពាក្យកងអង្គរក្សប្រធានាធិបតីលោកAnthony Guglielmi បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X ដែលពីមុនហៅថា Twitter ថា «សេវាសម្ងាត់ការពារប្រធានាធិបតីបានអនុវត្តវិធានការការពារ ហើយអតីតប្រធានាធិបតីមានសុវត្ថិភាព។ នេះជាការស៊ើបអង្កេតរបស់សេវាសម្ងាត់បន្តទៀត ហើយព័ត៌មានបន្ថែមនឹងត្រូវបានបញ្ចេញនៅពេលណាមាន»។
ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយខ្លីដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មាន សេតវិមានបាននិយាយថា លោកប្រធានាធិបតី Joe Biden«បានទទួលដំណឹងសង្ខេបដំបូងអំពីឧប្បត្តិហេតុនៅឯការជួបជុំរបស់លោកអតីតប្រធានាធិបតី Trump»។ ប៉ុន្មាននាទីក្រោយមក ពួកគេបាននិយាយថា លោកកំពុងត្រូវបានរាយការណ៍ជូនដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់ រួមទាំងប្រធានកងអង្គរក្ស ជំនួយការកំពូល និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។
ខុទ្ទកាល័យអនុប្រធានាធិបតីក៏បានប្រាប់អ្នកយកព័ត៌មានថាអ្នកស្រី Kamala Harris កំពុងទទួលបានព័ត៌មានសង្ខេបដំបូងផងដែរ។
រដ្ឋអាជ្ញាស្រុក Butler លោក Richard Goldinger បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា ជនសង្ស័យជាខ្មាន់កាំភ្លើងបានស្លាប់ ហើយយ៉ាងហោចណាស់មានអ្នកចូលរួមក្នុងការប្រមូលផ្តុំម្នាក់ត្រូវបានសម្លាប់។
អ្នកគាំទ្រគណបក្សសាធារណរដ្ឋរបស់លោក Trump បានបញ្ចេញប្រតិកម្មយ៉ាងរហ័ស។
សមាជិកព្រឹទ្ធសភាលោក JD Vance នៃរដ្ឋ Ohio ដែលគេមើលឃើញថាជាជម្រើសនាំមុខគេសម្រាប់បេក្ខជនអនុប្រធានាធិបតីរបស់លោក Trump បានសរសេរថា៖ «អ្នករាល់គ្នាចូលរួមជាមួយខ្ញុំក្នុងការអធិស្ឋានសម្រាប់លោកប្រធានាធិបតី Trump របស់យើង និងអ្នករាល់គ្នានៅឯការជួបជុំនោះ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមិនអីទេ»។
គូប្រជែងម្នាក់ទៀតសម្រាប់តំណែងនេះ គឺសមាជិកព្រឹទ្ធសភា លោក Marco Rubio នៃរដ្ឋFlorida បានសរសេរថា «ព្រះជាម្ចាស់បានការពារលោកប្រធានាធិបតី Trump» ។
ហើយមេដឹកនាំសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា លោកMitch McConnell នៃរដ្ឋ Kentucky បានសរសេរថា៖ «យប់នេះ ពលរដ្ឋអាមេរិកាំងទាំងអស់មានអំណរគុណដែលលោកប្រធានាធិបតី Trump ហាក់ដូចជាមិនអីទេ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមលើការជួបជុំដោយសន្តិវិធី។ អំពើហិង្សាមិនមាននៅក្នុងនយោបាយរបស់យើងទេ។ យើងសូមកោតសរសើរចំពោះការងារដ៏ឆាប់រហ័សនៃក្រុមអង្គរក្សការពារ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត»។
ហើយមេដឹកនាំពិភពលោកក៏ចាប់ផ្តើមមានប្រតិកម្មផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បាននិយាយថា៖ «ភរិយាខ្ញុំSara និងខ្ញុំមានការតក់ស្លុតចំពោះហេតុការណ៍ដែលទំនងជាការវាយប្រហារលើលោកប្រធានាធិបតី Trump។ យើងអធិស្ឋានសុំឲ្យលោកមានសុវត្ថិភាព និងឆាប់ជាសះស្បើយ»។
សេចក្តីរាយការណ៍នេះចូលរួមផ្តល់ដោយអ្នកស្រី Patsy Widakuswara, លោកSayed Aziz Rahman, លោកMykhailo Komadovsky, អ្នកស្រីKatherine Gypson និងលោកSteve Herman។