អតីត​សមាជិកព្រឹទ្ធសភា​ដែល​ទើប​​ចេញ​ពីពន្ធនាគារ​​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​មុន​ទៅ​ពិនិត្យ​ជម្ងឺ

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ តុលាការ​បាន​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក។ (រូប​ថត ៖ EPA/MAK REMISSA)

លោក​ ​ហុង សុខហួរ​ ដែល​ទើប​នឹង​មាន​សេរីភាព​អតីត​សមាជិកព្រឹទ្ធសភា​ដែល​ទើប​​ចេញ​ពីពន្ធនាគារ​​ថ្លែង​ថា​ លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​មុន​ទៅ​ពិនិត្យ​ជម្ងឺ។

អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ជំទាស់​គឺលោក​ ​ហុង សុខហួរ​ ​ដែល​ទើប​តែ​មាន​សេរី​ភាព​ឡើង​វិញ​ ​គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ក្រោយ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ ​២០១៨។

​ភ្លាមៗ​ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ ​លោក​ ​ហុង សុខហួរ​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ពុធ​ថា​ បញ្ហា​សំខាន់​បំផុត​សម្រាប់រូប​លោក​ ​គឺ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​មុន​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ដើម្បី​ព្យាបាល​ជម្ងឺ​នៅ​ឯ​ប្រទេស​បារាំង​ ​ដែល​លោក​ខកខាន​ទៅ​ពិនិត្យ​ជម្ងឺ​ជាង​២​ឆ្នាំ​មក​ហើយ។​

​លោក​ ​ហុង សុខហួរ​ ​ដែល​មាន​សញ្ជាតិ​ពីរ​គឺ​បារំាង​ និង​ខ្មែរ​ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​ក៏​មាន​ការ​ត្រេក​អរ​ដែរ​ ​ដោយ​សារ​តែខ្ញុំ​មាន​បញ្ហា​ជម្ងឺ​ព្យាបាលរោគ​ ​តាម​ធម្មតា​ខ្ញុំ​ត្រូវ​ទៅជួប​គ្រូពេទ្យ​ខ្ញុំ​៦​ខែ​ម្តង។​ ​អីចឹង​ក្នុង​រយៈ​ពេល​២ឆ្នាំ​ហ្នឹង​ ​ខ្ញុំមិន​បាន​ទៅ​ជួប​គ្រូពេទ្យ​ខ្ញុំ​ទេ។​ ​ជា​ឱកាស​ ​ខ្ញុំ​នឹង​ទៅ​ជួប​គ្រូពេទ្យ​ខ្ញុំ​ដើម្បី​ព្យាបាល​ជម្ងឺ​ ​ឱ្យ​ជា​សះស្បើយ​ ​បន្ទាប់​ពី​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ»។​

អតីត​សមាជិក​ព្រឹទ្ធសភា​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​នេះត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ ​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ ​ឆ្នាំ២០១៥​ ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​នូវ​ឯកសារ​មួយ​ស្តីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។​ ​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ ​ក្រោយរង​ការ​ចោទប្រកាន់បទ​ល្មើស​ចំនួន​៣​ ​រួម​មានបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ​និង​បទ​ញុះញង់​ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​ព្រះ​មហា​ក្សត្រ​ ​បាន​ព្រះរាជទាន​ទោស​ដល់​លោក​ហុង សុខហួរ​ ​ក្រោម​ការ​ស្នើ​សុំ​របស់​លោក​ ​ហ៊ុន សែន​ ​និង​ក្រោយ​ពី​លោក​ ​ហុង សុខហួរ​ ​សរសេរ​លិខិត​សុំ​ទោស​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ចំពោះ​ទង្វើ​របស់​លោក។​

លោក​ ហុង សុខហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​របស់គណបក្ស​ ​សម រង្ស៊ី​ ​បាន​សរសេរ​លិខិត​លាឈប់​ពី​គណ​បក្ស​ជំទាស់​ ​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​ ​មុន​ពេលវិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​ ​ដែល​ហាមឃាត់​មិន​ឱ្យ​បក្ស​នយោបាយ​ជាប់​ទំនាក់​ទំនង​នឹង​ទណ្ឌិត​ ឬ​ជនជាប់​ទោស។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​យប់​ថ្ងៃ​ពុធ​ ​លោក​ ​ហុង សុខហួរ​ ​ក៏​បាន​អះអាង​ផង​ដែរ​ថា លោក​ ​មិន​ទាន់​បាន​សម្រេច​ចិត្ត​អំពី​គម្រោង​បន្ទាប់​របស់​ខ្លួន​ថា ​តើ​ត្រូវ​បន្ត​ការងារ​នយោយ​បាយ​ ឬ​យ៉ាង​ណា​នៅនោះ​ទេ។​

«ខ្ញុំ​មិនទាន់​បាន​ដឹង​ថា ​ទៅ​ណា!​ ​មក​ណាទេ!​ ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​គឺជា​ប្រជាជន​សាមញ្ញ​ធម្មតា​ ​ហើយ​យើង​គិត​បន្ត​ទៀត​ ​មិន​ដឹង​ថា​ ទៅ​ធ្វើ​ស្អី​ទេ!​ ​ទៅ​ពិនិត្យ​ជម្ងឺ​សិន​ ​ចាំ​ជា​ ​ចាំ​គិត​ទៀត»។

ការ​ដោះលែងលោក​ ​ហុង សុខហួរ​ ​ធ្វើ​ឡើងចំពេល​ដែល​ ​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​កំពុង​ឡើង​កំដៅ ​និង​មានគម្រោង​រំលាយគណបក្ស​សង្គ្រោះជាតិ​ ​ដែលជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន។​

លោកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ប​ដែល​ជា​គណបក្ស​ជំទាស់​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​តាមរយៈ​ទូរ​ស័ព្ទ​ថា​ ​ការ​ដោះលែង​លោក​ ​ហុង សុខហួរ​ ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​គឺ​ជា «សញ្ញា​វិជ្ជមាន​មួយ»​ ​ខណៈ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ឡើង​កំដៅ និង​ចំ​ពេល​ដែល​មាន​ការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ។​ ទោះ​យ៉ាង​ណា​ ​លោកស្រី​ ​មូរ សុខហួរ​ ​បន្តថា​ ​ការ​ដោះលែង​លោក​ ​ហុង សុខហួរ​ ​គឺ​ធ្វើ​តាម​សាច់​រឿង​ ​ដែល​ធ្លាប់​ធ្វើ​ឡើង​ដោយ​គណ​បក្ស​កាន់​អំណាច​ក្នុង​ការ​គំរាម​គណ​បក្ស​ជំទាស់ ហើយលោកស្រី​ថ្លែង​ថា ​កម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់ឡើង​វិញ។​

​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះបាន​ប្រាប់​ ​VOA​ ​ក្នុង​ន័យ​ដើម​ថា៖​

«ការចាប់ចង​ ចូល​តុលាការ​កាត់ទោស​ ​ចូល​ពន្ធនាគារ​ ​ហើយ​បាន​ទៅ​តាម​នីតិវិធីគឺ​សរសេរ​លិខិត​សុំ​ទោស​ហើយ​ថ្វាយ​ព្រះ​ករុណា​ ​លោក​ព្រះ​រាជទានឱ្យ​មាន​សេរីភាព​ឡើង​វិញនេះ​មិនមែន​ជា​ការណ៍​មួយ​ប្រសើរ​ទេ។​ ​ត្រូវ​មាន​ការ​កែទម្រង់ប្រព័ន្ធ​តុលាការ​មួយ​ឱ្យ​បាន​ច្បាស់។​ ​អីចឹង​ហើយបាន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ ​សិទ្ធិ​អ្នក​សារ​ព័ត៌មាន​ ​សិទ្ធិ​ទទួល​ព័ត៌មាន​ហើយ​អ្វី​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ យើង​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន...​សំខាន់​ណាស់​គឺ ​តុលាការ»។

​យ៉ាង​ហោច​ណាស់​មានអតីតសមាជិក និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជិត​២០​នាក់​ ​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំឃាំង​ពី​បទ​ផ្សេងៗ​គ្នា។​ ​ពួក​គេ​បាន​ប្រកាស​លាលែង​ និង​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​គណ​បក្សសង្គ្រោះជាតិ ​ជា​បន្តបន្ទាប់​កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ​ ​មុន​ពេល​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន។​ ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​ន​យោបាយ​នេះ​បាន​ចែង​ថា ​គណ​បក្ស​នយោបាយ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ពិរុទ្ធជន​ ឬ​ជន​ជាប់​ទោស​ គណ​បក្ស​នោះ​នឹង​ត្រូវ​រំលាយ។

យ៉ាង​ណា​មិញ​ ​គណបក្សសង្គ្រោះ​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ​ក្រោយ​ពី​ការ​ចាប់​ឃាត់​ខ្លួនមេ​បក្ស​នេះ​ ​គឺ​លោក​ ​កឹម សុខាពី​បទ​ឃុបឃិត​ជា​មួយ​បរទេស​ ​ដើម្បី​ផ្តូល​រំលំ​រដ្ឋាភិបាល​ ​ដែល​អាច​មាន​ទោស​ ​«ក្បត់ជាតិ»។

ការ​ប៉ុនប៉ង​រំលាយ​គណ​បក្សសង្គ្រោះជាតិ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជានិង​អង្គការ​នានា​ ចាត់​ទុកថា ជា​ការ​បំបាត់​សំឡេង​ប្រឆំាង​ ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ ២០១៨​ ​ហើយ​ការណ៍​នេះ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ កម្ពុជា​ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ​រួមមាន​សហ​រដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អ.ស.ប.​ ​អូស្ត្រាលី​ ​កាណាដា​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរ​ជាតិ​ធំៗ​ជា​ច្រើន​ ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា៕​