សកម្ម​ជន​នយោបាយ​បក្ស​ជំទាស់​ចោទ​រដ្ឋាភិបាល​ថា​ យក​ពាក្យ​«សន្តិភាព»​មក​បំបិទ​មាត់​អ្នក​ប្រជា​ធិបតេយ្យ

រូបឯកសារ៖ រថយន្ត​ដឹក​សកម្មជនគណបក្ស​ប្រឆាំង​ទាំង​១៣​នាក់ ចេញ​ពី​ច្រកទ្វារ​ខាងក្រោយ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​ពន្ធនាគារវិញ ក្រោយ​បញ្ចប់​ការ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២។ (រូបភាព៖ កាន់ វិច្ឆិកា/វីអូអេ)

សកម្ម​ជន​នយោបាយ​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ហៅ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ថា​«សន្តិភាព»​សំខាន់​ជាង​ប្រជា​ធិបតេយ្យ​ គឺ​ជា​«លេស»​ ដែល​ពួក​គេ​ថា​ ដើម្បី​ធ្វើ​បាប​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល។​

កាល​ពី​ចុង​ខែ​មីនា ​ក្នុង​ពេល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ និង​ផ្លូវក្រោម​ដី​ចោម​ចៅ ​លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា​ សន្តិភាព​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​អភិវឌ្ឍ​ ហើយ​បើ​គ្មាន​សន្តិភាព​ទេ​ កុំ​និយាយ​ដល់​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។​លោក​បាន​លើក​ឧទាហរណ៍​ទាក់​ទិន​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​របស់​រុស្ស៊ី។​

លោក​ថ្លែង​ថា៖​ «ឥឡូវ​អ្នក​ណា​ទៅ​និយាយ​ពី​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​អ៊ុយក្រែន? ឥឡូវ​ម៉ោង​នេះ​ ពេល​នេះ​ គេ​និយាយ​ពី​សន្តិ​ភាព​ នៅ​អ៊ុយក្រែន​...​ និយាយពីសន្តិភាព​នៅ​អ៊ុយ​ក្រែន។ ​ អ៊ីចឹង ​សម្រាប់​យើង​កាល​ពីពេល​មុន​ យើង​ទាមទារ​រក​សន្តិភាព។ ក្រោយ​រក​សន្តិភាព​បាន​ហើយ​ យើង​ខិតខំ​និយាយ​ធ្វើ​ម៉េច​ការពារ​សន្តិភាព​ឱ្យ​បាន»។​

ការ​ថ្លែង​របស់​ថ្នាក់​ដឹកនាំ​ប្រទេសនេះ ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ក្នុង​សំណុំ​រឿង​ដែល​ពួក​គេ​ថា ​ជា​រឿង​នយោបាយ។ ​ លិខិត​របស់​សកម្ម​ជន​នយោបាយ​ថ្នាក់​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី​៤ ​ខែ​មេសា ​ឆ្នាំ​២០២២​ ហើយ​វីអូអេ​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ​សរសេរ​ថា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​«មិន​យក​ចិត្ត​ទុក​ដាក់​ ចាប់​អារម្មណ៍​លើ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស» ​ហើយ​វា​គឺ​ជា​«ការ​រំលោភ​ដ៏​ធ្ងន់​ធ្ងរ​ទៅលើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​២៣ ​តុលា​ ឆ្នាំ​១៩៩១»។​

លិខិត​ដែល​តំណាង​ឱ្យ​មតិ​សកម្មជន​នយោបាយ​ចំនួន​១៧​នាក់​ ក្នុង​នោះ​មាន​លោក​កែវ ថៃ​ លោក​ ស៊ុន ធន់ ​ លោក ឡុង ផារី​ និង​លោក ​ឃឹម ភាណា​ សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «កម្ពុជា​ជា​រដ្ឋ ​ភាគី​ដែល​បាន​ទទួល​យក​ការ​គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សេចក្តី​ប្រកាស​ជា​សាកល​ និង​កតិការ​សញ្ញា​ ព្រម​ទាំង​អនុសញ្ញា​នានា​ស្តីពី​សិទិ្ធ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ។ ​ក្នុង​ន័យ​នេះ​ យើង​មិន​អាច​និយាយ​ពាក្យ​សន្តិភាព​ដោយ​គ្មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​គ្រឹះ​បាន​ឡើយ»។​

លិខិត​ដដែល​បាន​បន្ថែម​ថា៖​ «យើង​ខ្ញុំ​ជា​អ្នក​រង​គ្រោះ​ពី​ការ​គំរាម​កំហែង​ ធ្វើ​ទុក្ខ​បុកម្នេញ​ដ៏​ធ្ងន់ធ្ងរ​ ចំពោះ​សេរីភាព​ បញ្ចេញ​មតិអំពី​កិច្ចការ​សង្គម​ និង​នយោបាយ​រហូត​ដល់​មាន​ការ​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ម្នាក់ៗ​ដ៏​អយុត្តិធម៌​ ក្រោម​លេស​ថា​ សន្តិ​ភាព»។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ សំណុំ​រឿង​របស់​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ ដូច្នេះ​មាន​តែ​ការ​ស្រុះស្រួល​ផ្នែក​នយោបាយ​ ទើប​ពួកគេ​អាច​ទទួល​បាន​សេរីភាព​មក​វិញ។​លោក​បន្ថែម​ថា​ សន្តិភាព​ពេញ​លេញ​អាច​មាន​ទៅ​បាន​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​ លុះត្រា​តែ​មិន​មាន​ការ​គំរាម​កំហែង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត។​

លោក​ថ្លែង​ថា៖ ​«បញ្ហា​សនិ្តភាព​នេះ​ ជា​រឿង​មួយ​ហើយ​ដែល​ប្រទេស​ដែល​គ្មាន​សង្គ្រាម ​គ្មាន​បញ្ហា​អី​កើត​ឡើង។​នៅ​ក្នុង​ប្រទេស​មិន​មាន​ការ​ឈ្លាន​ពាន​ មិន​មាន​សង្គ្រាម​ស៊ីវិល​ មិនមាន​អី។ ​ អាហ្នឹង​ ដូច​កម្ពុជា​យើង​អ៊ីចឹង​ តាំង​ពី​ឆ្នាំ​ ....​ចុង​ឆ្នាំ​១៩៩៨​ មក​យើង​ទទួល​បាន​សន្តិភាព​ផ្នែក​សង្គ្រាម​ស៊ីវិល​ បាន​ន័យ​ថា​ចប់​សង្គ្រាម​ស៊ីវិល​អស់​ហើយ។ អាហ្នឹង​ផ្តល់​លទ្ធភាព​សម្រាប់​ប្រទេស​ជាតិ​ក្នុង​ការ​កសាង​ប្រទេស»។​

លោក​បន្ថែម​ថា៖ ​«ប៉ុន្តែ​និយម​ន័យ​សន្តិភាព​ពេញ​លេញ​ជា​សាកល​ហ្មង​ គេ​ថា​សន្តិភាព​វា​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត»។​

គួរ​បញ្ជាក់​ថា សកម្មជន​នយោបាយ​របស់​អតីត​បក្ស​ជំទាស់​ខាង​លើ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ត្រឡប់​ចូល​ប្រទេស​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក ​សម រង្ស៊ី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ និង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ យល់​ថា​ សកម្មជន​នយោបាយ​ទាំង​នោះ​មិន​បាន​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់​ទេ​ តែ​បាន​ធ្វើ​សកម្ម​ភាព​នាំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​សង្ស័យ ​ ទើប​ចាប់​ខ្លួន។ ​ លោក​បន្ថែម​ថា​ សកម្ម​ជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ដដែល​នោះ​ គួរ​ខិតខំ​កែ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ ដើម្បី​បាន​ក្លាយ​ជា​ពលរដ្ឋ​ល្អ ​ ពេល​ចាក​ចេញ​ពី​ពន្ធនាគារ​ ឬ​ក៏​ទទួល​បាន​ការ​អនុ​គ្រោះ​មួយ​ចំនួន​ពេល​កំពុង​ជាប់​ឃុំ​នោះ៕