រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​ ​ប្រសិន​បើ​លោក​វិល​ចូល​កម្ពុជា​វិញ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងនៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម ​៨​ ឧសភា លើក​ទី​១៥៤​នៅ​ស្នាក់ការ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។(រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក​​ផ្លូវការ​លោក​ហ៊ុន​ សែន)

បន្ទាប់​ពី​ក្រុម​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​បាន​ប្រកាស​រៀបចំ​កម្លាំង​ត្រៀម​​ទទួល​លោក​ សម រង្ស៊ី​ ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ចូល​មក​កម្ពុជា​វិញ​នោះ​​  ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​រដ្ឋាភិបាល​បាន​ប្រកាស​ចាត់​វិធានការ​លើ​លោក​សម រង្ស៊ី​ ​និង​អ្នក​ដែល​ប្រមូល​ផ្តុំ​ឲ្យ​មាន​ការ​គាំទ្រ​ ​នៅ​ពេល​ដែល​លោក​ សម រង្ស៊ី ​​ត្រឡប់​ចូល​មក​កម្ពុជា​វិញ។

រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃអង្គារ​នេះ​ ​ប្រកាស​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​លោក​ សម រង្ស៊ី​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អ្នក​ដែល​ប្រមូល​ផ្តុំ​ឲ្យ​មាន​ការ គាំទ្រ​ ​នៅ​ពេល​ដែល​លោក​ សម រង្ស៊ី ត្រឡប់​ចូល​មក​កម្ពុជា​វិញ។

សេចក្តីថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ចេញ​នៅ​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៩​ នេះ​បាន​បញ្ជាក់​ថា​ ​ការ​ចាកចេញ​ពី​កម្ពុជា​ ​និង​ការ​ត្រឡប់​មកវិញរបស់​លោក​សម រង្ស៊ី គឺ​ជា​ជម្រើស​ផ្ទាល់​ខ្លួន​ និង​មាន​ចរិត​ជា​ឯកជន​របស់​បុគ្គល​សុទ្ធ​សាធ​ ​ដូច្នេះ​ការ​ប្រើប្រាស់​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី​ តាមរយៈ​ណា​ក៏​ដោយ​ ​ដើម្បី​បង្កើត​ជា​រូបភាព​នយោបាយ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​គណបក្សដែល​ត្រូវ​បាន​រំលាយ​ចោលត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ប្រឆាំង​នឹង​អំណាច​តុលាការ​ដែល​ច្បាប់​បាន​កំណត់​ ​និង​ហាមប្រាម។

សេចក្តីថ្លែងការណ៍​ដដែល​នោះ​ត្រូវ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«រាជ​រដ្ឋាភិបាល​សូម​បញ្ជាក់​ថា ​គឺ​នៅ​តែ​រក្សា​ ​និង​គោរព​អនុវត្ត​នូវ​គោល​ការណ៍​ប្រជាធិបតេយ្យ​នៃ​ការ​បែង​ចែក​អំណាច​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​អំណាច​នីតិ​ប្រតិបត្តិ​ ​និង​អំណាច​តុលាការ​ ​ក៏ដូចជា​អំណាច​នីតិ​ប្បញ្ញត្តិ​ផង​ដែរ។​ ​នៅ​ក្នុង​បរិការណ៍​នេះ​ ​បើ​មាន​ការ​ស្នើ​សុំ​ណាមួយ​ពី​តុលាការ​ ​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​សមត្ថ​កិច្ច​ពាក់ព័ន្ធ​នឹង​ចាត់​វិធាន​ការ​អនុវត្ត​តាម​អំណាច​ផ្លូវ​ច្បាប់»។​

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​បាន​ប្រកាស​រៀបចំ​កម្លាំង​ត្រៀមទទួល​លោក​ សម រង្ស៊ី ចូល​មក​កម្ពុជា​វិញ។

លោក​ ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​ សម រង្ស៊ី គឺជា​ជន​ដែល​មាន​ទោស​ជាប់​ខ្លួន​ ដូច្នេះ​លោក​ថា ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ ​ប្រសិន​បើ​លោក​ចូល​មក​កម្ពុជា​វិញ។​ ​លោក​បន្ត​ថា​ ​ការ​ប្រមូល​ផ្តុំ​កម្លាំង​ណាមួយ​ដើម្បីចាំ​ទទួល​លោក​ សម រង្ស៊ី ក៏​នឹង​ត្រូវ​រង​នូវ​ការ​ចាត់​វិធានការ​ផង​ដែរ​ ប្រសិន​បើការ​ប្រមូល​ផ្តុំ​នោះធ្វើ​ឡើង​ខុស​ច្បាប់។​

លោក​បញ្ជាក់​ថា៖​

«ការ​ប្រមូល​ផ្តុំ​ដែល​មិន​ស្រប​ច្បាប់​ ​អាហ្នឹង​បើ​និយាយ​ឲ្យ​ចំ។​ ​បើសិន​មាន​ការ​ញុះញង់​ការ​ប្រមូល​ផ្តុំ​ធ្វើ​ឲ្យ​បាត់​សណ្តាប់​ធ្នាប់​ ​អាហ្នឹង​តែ​មនុស្ស​មក​គេ​ទទួល​ហើយ​ជារឿង​ធម្មតា​ ​ជាសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ជា​សិទ្ធិ​របស់​បុគ្គល។​ ក៏​ប៉ុន្តែ​កាល​ណា​ខ្ញុំ​ឃើញ​ភាគធំ​ ​អាហ្នឹង​ត្រូវ​តែ​មាន​ការ​សុំ​ការ​អនុញ្ញាត​ ​និង​កិច្ច​សហការ​ពី​មន្រ្តី​មូលដ្ឋាន​នេះ​ឯង»។​

VOA​ ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សម រង្ស៊ី​ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះមិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

ក្នុង​ឆ្នាំ​២០១៦​ ​លោក​ សម រង្ស៊ី​ បាន​ចាកចេញ​ពី​កម្ពុជា​ ​ដោយ​និរទេស​ខ្លួន​ទៅ​បរទេស​ ​ក្រោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចោទ​ប្រកាន់​លោក​ពី​បទ​ល្មើស​ផ្សេងៗ​ជា​បន្ត​បន្ទាប់។

ការ​ចាក​ចេញ​របស់​លោក​ សម រង្ស៊ី​ ​ធ្វើឡើង​មុន​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​ ​និង​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧​ ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ។​ ​ចំ​ណែក​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដោយ​ចោទ​ពីបទ​ក្បត់ជាតិ​ ​ស្រប​ពេល​ដែលមន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀស​ខ្លួន​ទៅ​បរទេស​ជា​បន្តបន្ទាប់។

ក្រោយ​ហេតុការណ៍​ទាំង​នេះ​កើត​ឡើង​ ​គេ​ឃើញ​រដ្ឋាភិបាល​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួនបាន​រិះគន់​ថា​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន កំពុង​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ​សហ​រដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប​បាន​ព្រមាន​ចាត់​វិធានការ​ផ្សេងៗ​លើ​រដ្ឋាភិបាល​កម្ពុជា​ ​ប្រសិន​បើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ​និង​នយោបាយ​នៅ​កម្ពុជា​មិន​បាន​ប្រសើរ​ឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៩​ទេ​នោះ៕