សំណុំរឿង​អតីត​មេបញ្ជាការ​ជើងទឹក​ខ្មែរ​ក្រហម​ មាស មុត ​ជាប់គាំង

រូបឯកសារ៖ លោក​ មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរក្រហម អង្គុយនៅក្នុង​​​គេហដ្ឋាន​របស់​​លោក​ នៅស្រុក​សំឡូត ខេត្តបាត់​ដំបង កាលពីថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​។ (សុខ ខេមរា/វីអូអេ)

សំណុំរឿង ​០០៣ ​របស់​លោក មាស មុត​ អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​មួយ​រូប​ ត្រូវ​បាន​ជាប់គាំង​បន្ទាប់ពី​ចៅក្រម​អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​មិន​មាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​សម្រេច​បន្ត​ដំណើរការ​កាត់ទោស ​ឬ​ទម្លាក់ចោល។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ ដែល​ផ្សាយ​នៅថ្ងៃ​ពុធ។

ចៅក្រម​អន្តរជាតិ​ពីរ​រូប​បាន​សម្រេច​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ ទទួល​យក​សំណុំរឿង​ ០០៣​ មក​ពិនិត្យ​ ខណៈ​ចៅក្រម​ជាតិ​ទាំងបីរូប​បាន​ជំទាស់​ ដោយ​ស្នើ​ឲ្យ​បញ្ជូន​ទៅ​រក្សាទុក​ក្នុង​បណ្ណសារ​របស់​សាលាក្តី។

លោក មាស មុត ​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃ​របប​ខ្មែរ​ក្រហម ​ត្រូវ​បាន​សាលាក្តី​កូនកាត់​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​បទល្មើស​ជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​កម្ពុជា។

​ក្រោយ​ពី​ការសាកសួរ​ជាច្រើន​ឆ្នាំ​ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ចេញ​ដីកា​ដំណោះស្រាយ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​ ២០១៨ ​បញ្ជូន​សំណុំរឿង​លោក មាស មុត​ ទៅ​ជំនុំ​ជម្រះ ​ប៉ុន្តែ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​ដែរ​ សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​បាន​ចេញ​ដីកា​សម្រេច​លើកលែង​ការចោទប្រកាន់។ ការណ៍​នេះ​ដោយសារ​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​ យល់ថា ​មាស មុត​ មិនស្ថិត​ក្រោម​យុត្ថាធិការ​របស់​សាលាក្តី​នេះ​ទេ។

ប៉ុន្តែ​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​យល់​ឃើញ​ថា ​មាស មុត ​ស្ថិត​នៅក្រោម​យុត្ថាធិការ​របស់​សាលាក្តី និង​ជា​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់ ​១ ​រូប ​នៃ​របប​វាលពិឃាត​ខ្មែរ​ក្រហម ​ហើយ​បាន​នាំ​ឲ្យ​មាន​ការប្តឹង​តវ៉ា​ទៅ​អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី។

ចៅក្រម​នៃ​អង្គបុរេ​ជំនុំ​ជម្រះ​បាន​ចាត់ទុក​ការចេញ​ដីកា​ដំណោះស្រាយ​ពីរ​ព្រមគ្នា ប៉ុន្តែផ្ទុយ​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ ​គឺ​ជា​ការខុស​ច្បាប់​និង​បាន​បិទ​ផ្លូវ​តវ៉ា។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម។

អ្នកច្បាប់​នានា​មើល​ឃើញ​ថា ​ដោយសារ​ការជាប់​គាំង​នេះ ​គឺ​សំណុំរឿង​នេះ​អាច​នឹងត្រូវ​បាន​រក្សា​ទុក​ជា​បណ្ណសារ​ដោយ​មិន​ចាត់ការ​អ្វី​ទាំងអស់​ ដូច​សំណុំរឿង​កន្លង​មក ​ក្នុង​ករណី​ជនជាប់ចោទ​ឈ្មោះ​ អោ អាន​ ហៅ ​តាអាន។

ក្រៅពី​សំណុំរឿង​របស់​លោក មាស មុត​ សាលាក្តី​ខ្មែរ​ក្រហម​នៅ​សល់​សំណុំរឿង ​០០៤ ​ពាក់ព័ន្ធ​នឹង​លោក យឹម ទិត្យ​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន ​រួម​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រោម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដែល​រួម​ទាំង​ការ​ធ្វើ​ទុក្ខ​ម្នេញ​លើ​ខ្មែរ​ក្រោម​និង​ជនជាតិ​វៀតណាម។

លោក ​នេត្រ ​ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​ករណី​របស់​លោក​ យឹម ទិត្យ ​គឺ​អង្គបុរេ​ជំនុំ​ជម្រះ​អាច​នឹង​សម្រេច​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២១​ នេះ​ ថា​តើ​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ​ឬ​ក៏​ទម្លាក់​ចោល។

រីឯ​សំណុំរឿង​មួយ​ទៀត ​គឺបណ្តឹង​សារទុក្ខ​របស់​លោក ខៀវ​ សំផន ​អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​ត្រូវ​តុលាការ​គ្រោង​នឹង​បើក​សវនាការ​នៅ​ក្នុង​ខែ​ឧសភា​ខាងមុខ ​ហើយ​គ្រោង​នឹង​ប្រកាស​សាលក្រម​ស្ថាពរ​នៅ​ចុង​ឆ្នាំ​ ២០២២។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ​នេត្រ ​ភក្ត្រា៕