អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយគឺ លោកស្រី លី ស្រីវីណា ត្រូវបានអនុញ្ញាតឲ្យបើកគ្លីនិករបស់លោកស្រីឡើងវិញ ក្រោយពីត្រូវបានបញ្ជាឲ្យបិទទ្វារពីរសប្តាហ៍កន្លងមក ដោយក្រសួងសុខាភិបាលបានការពារថា ការអនុញ្ញាតនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
លោកស្រី លី ស្រីវីណា ត្រូវបានគេស្គាល់ថា ជាម្ចាស់មន្ទីរពេទ្យសម្រាកព្យាបាលមួយកន្លែងនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានឈ្មោះថា «លី ស្រីវីណា» និងមានសាខាមួយទៀតនៅក្នុងខេត្តសៀមរាប។ គ្លីនិករបស់លោកស្រីនៅភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទកាលពីថ្ងៃទី៦ ខែវិច្ឆិកា ដោយក្រសួងបញ្ជាក់មូលហេតុថា «ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្រ្គោះអ្នកជំងឺ»។
ការបិទនេះ ក្រោយមានការចុះផ្សាយព័ត៌មានថា អ្នកជំងឺម្នាក់បានស្លាប់នៅមន្ទីរពេទ្យរបស់លោកស្រី ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលា ដោយមានអ្នកសារព័ត៌មានចុះទៅថតព្រោងព្រាត រួចហើយបង្ហោះវីដេអូតាមប្រព័ន្ធសង្គមហ្វេសប៊ុក។
ក្រោយមក អតីតតំណាងរាស្រ្តបក្សប្រឆាំង ដែលជាវេជ្ជបណ្ឌិតផងនោះ បានសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក ហ៊ុន សែន ក៏បានយល់ព្រម។
នៅលើហ្វេសប៊ុករបស់គ្លីនិក លី ស្រីវីណា កាលពីថ្ងៃព្រហស្បតិ៍ មានការផ្សព្វផ្សាយថាគ្លីនិក នឹងចាប់ផ្តើមបើកទទួលអ្នកជំងឺឡើងវិញ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នេះតទៅ។
លោកស្រី លី ស្រីវីណា បានបដិសេធមិនអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាន នៅពេល VOA ទាក់ទងទៅនៅថ្ងៃនេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងប្រាប់ VOA តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យលោកស្រី លី ស្រីវីណា បើកគ្លីនិកឡើងវិញ ក្រោមហេតុផលថា «បានគោរពតាមការកំណត់បម្រើតែសេវាបឋម និងមានកិច្ចសន្យាត្រឹមត្រូវ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានត្រួតពិនិត្យ និងឯកភាពដែរ»។
លោកស្រី បានច្រានចោលការចោទប្រកាន់នានាដែលថា ការអនុញ្ញាតឲ្យបើកឡើងវិញនេះ មានពាក់ព័ន្ធនឹងរឿងនយោបាយ ក្រោយលោកស្រី លី ស្រីវីណា សុំចុះចូលជាមួយបក្សកាន់អំណាច។
លោកស្រីបញ្ជាក់ប្រាប់ VOA ថា៖ «[វា]មិនមែនជារឿងនយោបាយទេក្មួយ ជារឿងបច្ចេកទេស ដែលចាំបាច់ត្រូវបិទ ដើម្បីការត្រួតពិនិត្យឲ្យបានល្អិតល្អន់ និងមានការណែនាំឲ្យកំណត់ត្រឹមសេវាបឋមឲ្យបានតាមកិច្ចសន្យាផងដែរ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ មានប្រសាសន៍ថា នេះជាការប្រើប្រាស់មធ្យោបាយ «សម្លុត ចាប់បង្ខំ គំរាមកំហែង និងចាប់ចង» ដើម្បីឲ្យអ្នកមានទស្សនៈផ្ទុយពីខ្លួនចុះចូល។
លោកមានប្រសាសន៍ថា៖ «ដូចករណី លី ស្រីវីណា ហ្នឹង យើងឃើញច្បាស់ហើយ គឺគេបានបិទគ្លីនិកគាត់ដោយមិនសមហេតុផល។ យើងដឹងហើយថា គ្លីនិកសម្រាប់ព្យាបាលនីមួយៗ វាគ្មានពេទ្យណាមួយដែលព្យាបាល មនុស្សមិនមានការស្លាប់ទេ ព្រោះវាមិនមែនជាទេវតាទេ»។
លោកបន្ថែមថា អ្នកដែលមិនមានទស្សនៈរណបនឹងរដ្ឋាភិបាល និងបក្សកាន់អំណាច តែងតែទទួលរងគ្រោះ។
លោកមានប្រសាសន៍ថា៖ «នៅស្រុកយើង វាអត់មានអញ្ចឹងទេ។ អ្នកណាដែលមិនបានរណបខ្លួន អ្នកណាមិនបានសូកលុយខ្លួន គឺច្រើនយកលេសផ្សេងៗ ដើម្បីធ្វើទុក្ខបុកម្នេញគេគ្រប់បែបយ៉ាង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រាប់ VOA ថាការសម្រេចចិត្តរបស់លោកស្រី លី ស្រីវីណា មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាការបង្ខំអ្វីនោះទេ។
លោកស្រី លី ស្រីវីណា ដែលជាវេជ្ជបណ្ឌិតមួយរូប ទទួលសញ្ញាបត្រពីសាកលវិទ្យាល័យវេជ្ជសាស្រ្តមួយនៃប្រទេសប៉ូឡូញ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះមន្រ្តីគណបក្សសង្រ្គោះជាតិ១១៨រូប ដែលត្រូវបានកាត់សិទ្ធិមិនឲ្យធ្វើនយោបាយ ក្រោយតុលាការកំពូលរំលាយបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ភ្លាមៗបន្ទាប់ពីសុំចុះចូល លោកស្រី លី ស្រីវីណា ត្រូវបានផ្តល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ តាមការស្នើសុំទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កាលពី៣ឆ្នាំមុន គឺនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ មុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលលោកស្រី លី ស្រីវីណា បានសម្រេចលាលែងពីគណបក្ស ហើយលោកស្រីបកស្រាយកាលនោះថា លោកស្រី «មិនមានចេតនា» ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូចការផ្សព្វផ្សាយនានាតាមបណ្តាញសង្គមនោះទេ។ លោកស្រីបញ្ជាក់ថា ការលាលែងនេះ ដោយសារមមាញឹកនឹងការងារ៕