ក្រុមសប្បុរសជនខ្មែររស់នៅប្រទេសបារាំងបានចូលរួមសកម្មភាពមនុស្សធម៌ដោយបាននាំយកអំណោយទៅចែកជូនពលរដ្ឋអ៊ុយក្រែនដែលបានរត់ភៀសខ្លួនទៅប្រទេសជិតខាងដើម្បីគេចចេញពីសង្គ្រាមដែលបង្កឡើងដោយប្រទេសរុស្ស៊ី។
ក្រុមសប្បុរសជនដែលមានព្រះសង្ឃ៤អង្គនិងឧបាសកចំនួន៥នាក់បានធ្វើដំណើរទៅជួបជនភៀសខ្លួននៅតាមជំរំបណ្តោះអាសន្នជាច្រើននៅតាមព្រំដែនហុងគ្រីជាមួយនឹងអ៊ុយក្រែនកាលពីដើមខែមេសា។ ក្នុងនោះមានជំរំនៅក្រុងZahony ក្រុងBeregsurany និងក្រុង Barabasនៃប្រទេសហុងគ្រី។
ព្រះតេជគុណទឹម សាខន គង់នៅវត្តធម្មរង្សីនៃទីក្រុងប៉ារីសប្រទេសបារាំងបានថ្លែងប្រាប់វីអូអេខេមភាសាថា៖
«ឃើញភៀសខ្លួន អ្នកខ្លះត្រូវគ្រាប់។ ខ្លះដេកពេទ្យ ខ្លះរត់មក ពិបាកណាស់អត់បាយអត់ទឹកហើយបានគេសម្រួលធ្វើបាយ ហើយយើងយកសម្ភារៈ យកនំប៉័ង យកសម្ភារៈជាច្រើនមានថ្នាំពេទ្យមានអី ដែលដឹកនាំដោយព្រះតេជគុណទូច សារិទ្ធហើយនឹងញ៉ោមមឿង សុន»។
Your browser doesn’t support HTML5
សម្រាប់ពលរដ្ឋអ៊ុយក្រែនខ្លះនេះគឺជាលើកទីមួយហើយដែលពួកគេបានឃើញព្រះសង្ឃព្រះពុទ្ធសាសនានិងសប្បុរសជនខ្មែរ។
ព្រះតេជគុណទឹម សាខនបានមានសង្ឃដីកាថា៖
«គេមានសេចក្តីរីករាយហើយគេសួរលោកសង្ឃហើយនឹងគេសួរថាអ្នកដែលចូលរួមចែកអំណោយដល់ជនជាតិអ៊ុយក្រែននេះជាជនជាតិណា ហើយពួកអាត្មាប្រាប់ថាកម្ពុជាដែលភៀសខ្លួនមកនៅប្រទេសបារាំង មានសិទ្ធិរស់នៅប្រទេសបារាំងហើយរៃគ្នាមកជួយជនជាតិអ៊ុយក្រែនដែលមានការលំបាកព្រោះថាកម្ពុជាធ្លាប់លំបាកវេទនាជាងអ៊ុយក្រែន១០ដងទៅ១០០ដងទៅទៀតព្រោះថាកម្ពុជាស្លាប់ច្រើនជាងអ៊ុយក្រែនហើយបាត់ទឹកបាត់ដីបាត់ប្រទេសទៅខាងវៀតណាម ទៅខាងថៃ។ គេយក របស់ខ្លួនហើយគេសម្លាប់យើងច្រើនជាងអ៊ុយក្រែនអ៊ីចឹងហើយមានសេចក្តីអាណិតអាសូរក៏មកជួយជនជាតិអ៊ុយក្រែនអ៊ីចឹងទៅ»។
ព្រះសង្ឃក៏បានសូត្រធម៌ដើម្បីសុំសន្តិភាពជូនអ៊ុយក្រែននិងដល់ពិភពលោកក្នុងខណៈសង្គ្រាមនៅអ៊ុយក្រែនហាក់មិនមានសញ្ញាចប់នៅពេលណានៅឡើយ។
ព្រះតេជគុណទឹម សាខនបានភៀសព្រះកាយពីកម្ពុជាក្រោមក្នុងខែកក្កដាឆ្នាំ២០០៩ដោយសារសកម្មភាពសង្គមរបស់ព្រះអង្គនិងដោយសារត្រូវអាជ្ញាធរវៀតណាមតាមយាយីធ្វើបាប។ រីឯលោកមឿង សុនបានភៀសខ្លួនទៅប្រទេសបារំាងក្នុងឆ្នាំ១៩៧៩ក្រោយការដួលរលំរបបខ្មែរក្រហម។
លោក មឿង សុន អតីតប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានបញ្ជាក់ថា៖
«ខ្ញុំធ្លាប់ខ្លួនខ្ញុំផ្ទាល់ពេលដែលខ្ញុំរត់ចេញពីស្រុកខ្មែរជាជនភៀសខ្លួន នៅពេលដែលយើងជួបគ្រួសារនៅប្រទេសមួយណាដែលគេទទួលយើង ដូចខ្ញុំមកដល់ប្រទេសបារាំងអ៊ីចឹងដែលគេមកជួបយើងគេយករបស់របរ គេមកជួបសំណេះសំណាលសួរសុខទុក្ខយើងមានការរំភើបណាស់។ យើងអរគុណគេខ្លាំងណាស់»។
អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនវាយតម្លៃថា សង្គ្រាមដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ខែកុម្ភៈបានបណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនជាង៤,៥លាននាក់ភាគច្រើនជាស្ត្រីនិងកុមារបានរត់ភៀសខ្លួនទៅប្រទេសជិតខាង។
លោកមឿង សុនបានសរសើរដល់ស្មារតីតស៊ូរបស់ជនជាតិអ៊ុយក្រែន៖
«ខ្ញុំបានជួបគ្រួសារមួយហើយខ្ញុំឆ្ងល់ថាអត់ឃើញមនុស្សប្រុសមកឃើញតែមនុស្សស្រី គាត់ថាគាត់មកចោលប្តីរបស់គាត់។ ប្តីរបស់គាត់នៅក្នុងប្រទេសដើម្បីតស៊ូ។ គេអត់សុខចិត្តរស់នៅក្រោមរបបកុម្មុយនិស្ត ផ្តាច់ការរបស់រុស្ស៊ីទេ។ គេស្គាល់របបហ្នឹងហើយ។ អីចឹងគេសុខចិត្តស្លាប់ដោយការរំដោះប្រទេសគេឲ្យរួចផុតពីការជិះជាន់នៃប្រទេសកុម្មុយនិស្ត»។
លោកមឿង សុន ថែមទាំងបានចុះឈ្មោះទទួលយកជនភៀសខ្លួនអ៊ុយក្រែនឲ្យស្នាក់នៅផ្ទះរបស់លោកក្នុងទីក្រុងLyon ប្រទេសបារាំងផងដែរ។
ក្នុងបេសកម្មរយៈពេលជាង១សប្តាហ៍លើចម្ងាយផ្លូវជាង៥០០០គីឡូម៉ែត្រ ក្រុមសប្បុរសខ្មែរក៏បានចូលទៅដល់ក្រុងUzhhorodដែលនៅភាគខាងលិចរបស់ប្រទេសអ៊ុយក្រែននិងមានចម្ងាយជាង៣០គីឡូម៉ែត្រពីព្រំដែនប្រទេសហុងគ្រី។
ព្រះតេជគុណ ទឹម សាខនបានមានសង្ឃដីកាថា៖
«ចូលទៅដល់ទឹកដីអ៊ុយក្រែនហ្នឹងគឺថាពិបាកណាស់មិនស្រួលទេគឺផ្ទះមានសភាពស្ងាត់ជ្រងំអត់មានមនុស្សដើរ អត់ឃើញអ្វីទេ ឃើញតែបិទទ្វារចោល។ ផ្ទះច្រើនណាស់បិទទ្វារចោលហើយផ្លូវថ្នល់ក៏ស្ងាត់អត់សូវមានឡានបើកច្រើនទេ។ សង្គ្រាមបិទតាំងពីផ្សារបិទទាំងការលក់ដូរ ហើយការដើរហើរវាមិនសូវច្រើនដូចមុនកើតសង្គ្រាមព្រោះថាគេខ្លាចគ្រាប់កាំភ្លើងដែលច្បាំងគ្នា»។
សប្បុរសជនឲ្យដឹងដែរថាការរៃអង្គាសថវិកាពីសប្បុរសជនខ្មែរនៅបារាំងលើកនេះមានរយៈពេលខ្លីនិងចំនួនមានកំណត់។ អ្នករៀបចំសង្ឃឹមថានឹងអាចជួយជនរងគ្រោះបន្តទៀតក្នុងពេលខាងមុខ៕