អតីតអ្នកភូមិបឹងកក់ជាង៦០នាក់តំណាងឲ្យប្រជាពលរដ្ឋ១៦៩គ្រួសារ ដែលបានទទួលសំណងចំនួន៨.០០០ដុល្លារសហរដ្ឋអាមេរិក និងលុយខ្មែរ២លានរៀល បានធ្វើបាតុកម្មជាថ្មីម្តងទៀត កាលពីថ្ងៃច័ន្ទ នៅមុខការិយាល័យរបស់ធនាគារពិភពលោក។
ពួកគាត់បាននិយាយថា ពួកគាត់ចង់ឲ្យធនាគារពិភពលោកចាកចេញពីប្រទេសកម្ពុជា ដោយចោទថា ស្ថាប័នហិរញ្ញវត្ថុនេះឃុបឃិតជាមួយរដ្ឋាភិបាលក្នុងការរំលោភសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ ដោយការដាក់សម្ពាធ និងបង្ខំឲ្យពួកគាត់ទទួលសំណងមិនយុត្តិធម៌។
ក្រៅពីស្រែកទាមទារឲ្យស្ថាប័នហិរញ្ញវត្ថុពិភពលោកនេះដោះស្រាយការទាមទារដោយធ្វើការចរចាជាថ្មីជាមួយរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន ស៊ូកាគូអ៊ីន ពួកគាត់ដែលភាគច្រើនជាស្ត្រីបានយកពងមាន់ពងទាគប់ស្លាកសញ្ញារបស់ស្ថាប័នហិរញ្ញវត្ថុពិភពលោកនេះ។
អ្នកស្រី ស៊ា សារ៉េត តំណាងបាតតុករបានប្រាប់ VOA ថា អតីតអ្នកភូមិបឹងកក់ ខឹងនឹងធនាគារពិភព ព្រោះធនាគារនេះមិនអនុវត្តគម្រោងឆ្នាំ២០០៦ ដែលស្ថាប័នហិរញ្ញវត្ថុនេះគ្រោងផ្តល់ប្រាក់កម្ចី២៦លានដុល្លារ ឲ្យរដ្ឋាភិបាលធ្វើប្លង់កម្មសិទ្ធិផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញនេះ។ ពួកគាត់ចង់ឲ្យធនាគារពិភពលោកជួយឲ្យគាត់ទទួលបានសំណងបន្ថែមពីលើសំណង ដែលពួកគាត់ទទួលទាំងបង្ខំនោះ។
លោកស្រី ស៊ា សារ៉េតបានបន្ថែមថា៖«World Bank [ធនាគារពិភពលោក] វាបានប្រើប្រាក់កម្ចីទៅឲ្យរដ្ឋាភិបាល ធ្វើការបណ្តេញពួកខ្ញុំចេញពីតំបន់បឹងកក់»។
មន្ត្រីធនាគារពិភពលោកមិនបានចេញមកជួបបាតុករទេ។
VOA បានព្យាយាមសុំការពន្យល់ពីមន្ត្រីធនាគារពិភពលោក ប៉ុន្តែមិនមានអ្នកហ៊ានធ្វើអត្ថាធិប្បាយទេ។
អតីតអ្នករស់នៅក្នុងសហគមន៍បឹងកក់ទាំងនេះត្រូវបង្ខំចិត្តទទួលសំណង ហើយទៅរស់នៅបុរីសន្តិភាព២។ ពួកគាត់និយាយថា ពួកគាត់មិនអាចរស់នៅទីតាំងថ្មីបានទេ ព្រោះឆ្ងាយពីសាលារៀន មន្ទីរពេទ្យ ហើយគ្មានការងារធ្វើអាចរស់បាន។
អ្នកស្រី ទេព វន្នី សកម្មជនដែលបានការពារសិទ្ធិរស់នៅតំបន់បឹងកក់ ដោយជោគជ័យ បង្ហាញការអាណិតអាសូរ ហើយគាំទ្រការតវ៉ារបស់អតីតអ្នករួមសុខរួមទុក្ខជាមួយគ្នានេះ។
«ពេលហ្នឹងគឺយើងពិបាកនឹងសន្និដ្ឋានថា គាត់សម្រេចចិត្តខុស ឬត្រូវណាស់ ដោយសារតែស្ថានភាពហ្នឹង វាធ្វើឲ្យគាត់ប្រថុយនឹងការទទួលណា៎។ ចា៎ ទទួលសំណងចាកចេញ ដោយសារស្ថានភាពកាលហ្នុងក្តៅមែនទែន»។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានប្រាប់ VOA ថា ការគប់ពងមាន់ពងទាដោយស្ត្រីបឹងកក់នេះ គ្រាន់តែជាការបញ្ចេញកំហឹង ហើយមិនមែនជាអំពើហិង្សាដែលបង្កគ្រោះថ្នាក់ទេ។
«ធ្វើបាបគាត់ បណ្តេញពួកគាត់ចេញ។ ហើយឥឡូវពួកគាត់ធ្លាក់ខ្លួនវេទនា ក្រីក្រ បានគាត់ធ្វើយុទ្ធនាការហ្នឹង ដើម្បីទាមទាររកសំណងបន្ថែមនោះណា៎»។
លោកបន្ថែមថា អំពើហិង្សាទៅលើស្លាកសញ្ញារបស់ធនាគារពិភពលោកនេះមិនអាចប្រៀបបាននឹងអំពើហិង្សា ដែលពួកគាត់ប្រឈមកន្លងមកនោះទេ។
ទោះជាយ៉ាងណាក្តី លោកនិយាយថា វាជាការប្រសើរជាង បើសិនបើពួកគាត់ធ្វើការតវ៉ាដោយមិនប៉ះពាល់ស្លាកសញ្ញានេះ៕