រដ្ឋអាជ្ញាចិនបានបញ្ជាក់កាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅនេះថា លោក Liu Liange អតីតប្រធានធនាគារ Bank of China របស់ចិន ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក។ ការចោទប្រកាន់នេះធ្វើឱ្យលោក Liu ស្ថិតក្នុងចំណោមមន្ត្រីផ្នែកអាជីវកម្មនិងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបដែលត្រូវបានបង្ក្រាបដោយវិធានការប្រឆាំងអំពើពុករលួយជាច្រើនឆ្នាំកន្លងមករបស់មេដឹកនាំចិនលោក Xi Jinping។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Liu ត្រូវបានចោទប្រកាន់ពីបទកេងប្រយោជន៍ពីមុខតំណែងរបស់លោកនៅធនាគារ Bank of China និងពីមុខតំណែងពីមុនរបស់លោកជាប្រធានធនាគារ Export-Import Bank of China។ នេះបើយោងតាមការបញ្ជាក់របស់មហាអយ្យការចិននៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់រដ្ឋាភិបាលចិនបានឱ្យដឹងថា លោក Liu ត្រូវបានចោទប្រកាន់ពីបទជួយអ្នកដទៃឱ្យទទួលបានកម្ចីនិងមុខតំណែងជាថ្នូរនឹងទ្រព្យសម្បត្តិនិងសាច់ប្រាក់ និងពីបទផ្ដល់កម្ចីដោយរំលោភលើបទប្បញ្ញត្តិនានាដែលបណ្តាលឱ្យមានការខាតបង់ជាច្រើន។
បណ្ដឹងចោទប្រកាន់លើលោក Liu ដែលត្រូវបានស៊ើបអង្កេតអស់រយៈពេលជាង ១០ ខែមកហើយនេះ ត្រូវបានដាក់ជូនតុលាការក្នុងទីក្រុង Jinan នៃខេត្ត Shandong នៅភាគខាងកើតប្រទេសចិន។
ធនាគារ Bank of China ដែលជារបស់រដ្ឋនិងជាធនាគារមួយក្នុងចំណោមធនាគារ «ធំៗទាំងបួន» របស់ប្រទេសចិននេះ មានវត្តមានយ៉ាងធំទូលំទូលាយនៅក្រៅប្រទេស។
យុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលមានប្រជាប្រិយភាពក្នុងចំណោមសាធារណជននិងដែលបានអនុញ្ញាតឱ្យលោក Xi បំបិទមាត់គូប្រជែងនយោបាយរបស់លោក ហាក់ដូចជាមិនបានបង្ហាញសញ្ញាណាមួយថានឹងចុះថមថយនោះឡើយ។
មហាអយ្យការរបស់ប្រទេសចិនបានប្រកាសកាលពីខែមករាកន្លងទៅនេះថា លោក Tang Shuangning អតីតប្រធានសហគ្រាស China Everbright Group ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋមួយផ្សេងទៀត ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យពីបទកេងបន្លំនិងស៊ីសំណូក។
នៅក្នុងករណីដូចនេះ ការផ្តន្ទាទោសគឺជាលទ្ធផលដែលគេអាចស្ទើរតែសន្មតទុកជាមុនបានរួចស្រេចទៅហើយ។ អតីតប្រធានក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋលោក Lai Xiaomin ត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំ ២០២១ ពីបទទទួលសំណូក។ អ្នកផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់គណៈកម្មការវិន័យរបស់បក្សកុម្មុយនីស្តចិនកាលពីដើមឆ្នាំនេះ លោក Xi បានជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីយកឈ្នះលើការប្រយុទ្ធដ៏លំបាកនិងចំណាយពេលយូរប្រឆាំងនឹងអំពើពុករលួយ ដោយលោកបាននិយាយថា «ស្ថានភាពនេះនៅតែធ្ងន់ធ្ងរនិងស្មុគស្មាញ»។
រឿងពុករលួយនេះមិនត្រឹមតែកើតឡើងនៅក្នុងវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ គឺថែមទាំងកើតឡើងនៅក្នុងវិស័យផ្សេងទៀតផងដែរ។ ជាឧទាហរណ៍ កាលពីខែមករាកន្លងទៅនេះ អតីតប្រធានសមាគមបាល់ទាត់ចិនត្រូវបានកាត់ទោសក្រោមបទចោទប្រកាន់ថាបានទទួលសំណូកចំនួនប្រមាណ ១១ លាន ២ សែនដុល្លារ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់