​អ.ស.ប​ ​តែងតាំង​អតីត​ប្រធានាធិបតី​ប្រទេស​ស៊ីលី​ជា​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ថ្មី

រូបឯកសារ៖ លោកស្រី Michelle Bachelet ប្រធានាធិបតីប្រទេសស៊ីលី ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តី​ប្រកាស​ដែល​ចេញផ្សាយ​ដោយ​ ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ថា​ អ្នកស្រី​ បាស្យេឡេ​ ទើប​បញ្ចប់​ការងារ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីលី​ (ពីឆ្នាំ​ ២០០៦​ ដល់​ឆ្នាំ​២០១០ ​និង​ពីឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៨)។

អង្គការ​សហប្រជាជាតិ​បាន​តែងតាំង​អ្នកស្រី​ ​មីស្យែល បាស្យេឡេ​ ​(Michelle Bachelet)​ ជា​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ជំនួស​លោក​ ​ហ្សេអ៊ីដ រ៉ាអាដ​ អាល់​ហ៊ូសសេន​ ​ដែល​អាណត្តិ​របស់​លោក​នឹង​បញ្ចប់​ទៅ​នៅថ្ងៃ​ទី៣១ ខែ​សីហា​ ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ ​(អ.ស.ប)​ ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ​ហៅ​កាត់​ថា​ ​(OHCHR)។

តាម​សេចក្តី​ប្រកាស​ចុះថ្ងៃទី​១០ ខែសីហា​ ​និង​ដែល​ ​VOA​ ​បាន​ទទួល​កាលពី​ល្ងាច​ថ្ងៃចន្ទ​ ​ឲ្យ​ដឹងថា​ ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​លោក​ហ្សេអ៊ីដ​ រ៉ាអាដ​ អាល់​ហ៊ូសសេន​ (Zeid Ra’ad Al Hussein)​ ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ​ចំពោះ​ការ​ជ្រើស​រើស​អ្នកស្រី​ មីស្យែល​ ឲ្យ​ជំនួស​រូប​លោក។​ ​ការតែងតាំង​អ្នកស្រី​ មីស្យែល ត្រូវបាន​ធ្វើឡើង​ ដោយ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ។

លោក​ ​ហ្សេអ៊ីដ រ៉ាអាដ​ អាល់​ហ៊ូសសេន​ ត្រូវបាន​ស្រង់​សម្តី​ក្នុង​ន័យដើម​ថា​៖ «ខ្ញុំពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​តែងតាំង​លោកស្រី ​មីស្យែល​ បាស្យេឡេ ជា​ឧត្តម​ស្នង​ការ​ថ្មី​របស់​ អ.ស.ប ទទួល​បន្ទុក​សិទ្ធិមនុស្ស​ថ្មី»។

លោក​បាន​បន្ថែម​ថា​៖

«លោក​ស្រីមាន​គុណសម្បត្តិ​គ្រប់​សព្វទាំង​អស់​ ដូចជា​ភាពក្លាហាន​ ការ​តាំង​ចិត្ត​ខ្ពស់​ បំណង​ប្រាថា្ន​ និង​ឆន្ទៈ​មោះមុត​ ចំពោះ​សិទ្ធិមនុស្ស​ដែល​នឹង​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយ​ជា​ឧត្តម​ស្នង​ការ​មួយ​រូប​ដ៏​ជោគជ័យ។ ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប​ ទន្ទឹង​រង់​ចាំ​ទទួល​ស្វាគមន៍​លោក​ស្រី​ និង​បំពេញ​ការងារ​ក្រោម​ការ​ដឹកនាំ​ ​របស់​លោក​ស្រី​ នៅក្នុង​ភារកិច្ច​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិមនុស្ស​ទាំង​អស់​សម្រាប់​ជន​គ្រប់​រូប​ និង​នៅ​គ្រប់​ទីកន្លែង»។

ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​លោក​ហ្សេអ៊ីដ​ រ៉ាអាដ​ អាល់​ហ៊ូសសេន​ (Zeid Ra’ad Al Hussein)។

លោក​ ហ្សេអ៊ីដ​ រ៉ាអាដ​ អាល់​ហ៊ូសសេន​ ​ប្រធាន​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​នឹង​ចាកចេញទៅ​ ​ធ្លាប់​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ជា​បន្តបន្ទាប់​អំពី​ការ​ចាប់ខ្លួន​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា​ ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ ​និង​ចុងក្រោយ​នេះ​ គឺ​ការ​បោះ​ឆ្នោត​ ​ដែល​រង​ការរិះគន់​ពី​ប្រទេស​នៅ​បស្ចិមលោក ​និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ក្បត់ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួប​ផលវិបាក​បន្ថែម​ទៀត​ ​នៅពេល​ខាងមុខ។

លោក​ ស៊ឹង សែនករុណា​ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​យល់​ថា​ ​អ្នក​មក​កាន់​តួនាទី​ជា​ប្រធាន​សិទ្ធិមនុស្ស​ថ្មី​ ​របស់​អ.ស.ប​នេះ​ នឹង​បន្ត​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដូច​អ្នក​ដែល​កាន់​តួនាទី​ចាស់​នោះ​ដែរ។ ក៏ប៉ុន្តែ​លោក​បារម្ភ​ថា​ រដ្ឋាភិបាល​កម្ពុជា​ នៅតែ​មិន​ទទួល​យក​មតិ​រិះគន់​ឬ​អនុសាសន៍​នានា​ដើម្បីឲ្យ​ធ្វើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ មាន​លក្ខណៈ​ប្រសើរ​ឡើង​វិញ។

«យើង​គិតថា​ កិច្ច​ការ​ងារ​ ឬក៏​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​ គឺ​គេ​មាន​គោលនយោបាយ​ក្នុងការ​អនុវត្ត​ហ្នឹង​ គឺ​ដូចៗ​គ្នា​ទេ។​ ​សំខាន់​គឺ​ រដ្ឋាភិបាល​ទេ​ ដែល​ជា​អ្នកប្រទេស​សាមី​ហ្នឹង​ទទួល​យក​ អ្នក​ដែល​គាត់​បាន​ដាក់​មក​ហ្នឹង​ ទទួលយក​នូវអនុសាសន៍​ ដែល​គេ​បាន​រកឃើញ​ហ្នឹង​ ឬ​អត់។ អាហ្នឹងគឺជាចំណុច​ដែលសំខាន់​បាទ»។

ក្នុង​ពេល​មាន​ការ​ផ្លាស់​ប្តូរ​អ្នកកាន់​ការងារ​សិទ្ធិមនុស្ស​នៅ​អង្គការ​សហ​ប្រជាជាតិ​នេះ​ ប្រទេស​កម្ពុជា​ ក៏​ត្រូវ​បាន​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ អះអាង​ថា​ កំពុង​ឈាន​ទៅរក​របប​ដឹកនាំ​ប្រទេស​ដោយ​មាន​គណបក្ស​តែ​មួយ​ បន្ទាប់ពី​ការ​បោះឆ្នោត​មួយ​ ​ដែល​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​សំខាន់​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

តាម​លទ្ធផល​បឋម​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់​ថា​ (គ.ជ.ប)​ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កំពុង​នាំមុខ​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។

លោក​ស៊ឹង សែនករុណា​ ថ្លែង​ថា​ បញ្ហា​សង្គម​ជាច្រើន​អាច​នឹង​ត្រូវ​បាន​គេ​មិន​អើពើ ​ពេល​ដែល​សំឡេង​ប្រឆាំង​ត្រូវ​បាន​គេ​លុបបំបាត់​ចោល​នៅសភា​ជាតិ​នោះ។

«សភា​យើង​ឃើញ​ហើយ​ សភា​កន្លងមក​ មានការ​លើកឡើង​បញ្ហា​ហ្នឹង​ផង​ នៅតែ​មិនមាន​ការ​ដោះ​ស្រាយ។ ចុះទម្រាំ​ មានសភា​តែ​បក្ស​តែមួយ​នោះ​ ហើយ​គ្មាន​ជំទាស់​ គ្មាន​អ្នកហ៊ាន​ បញ្ចេញ​មតិ​យោបល់​ក្នុង​សភា​ តើ​មាន​បញ្ហា​អីខ្លះ​ដែល​គេ​ត្រូវបាន​លើក​ទៅ​ជជែក​ លើក​រក​ដំណោះស្រាយ​ក្រៅពី​ការ​លើក​បញ្ហា​ហើយ​ លើក​រឿងរ៉ាវ​ទាំងអស់​ហ្នឹង​ហើយ​ គឺ​មានការ​ឯកភាព​ដោយ​គ្មាន​ការ​ជជែក​ដេញ​ដោល​ហ្នឹង»។

សេចក្តី​ប្រកាស​ដែល​ចេញផ្សាយ​ដោយ​ ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ថា​ អ្នកស្រី​ បាស្យេឡេ​ ទើប​បញ្ចប់​ការងារ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីលី​ (ពីឆ្នាំ​ ២០០៦​ ដល់​ឆ្នាំ​២០១០ ​និង​ពីឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៨)។

អ្នក​ស្រី​គឺជា​នាយក​ប្រតិបត្តិ​ដំបូង​គេបង្អស់​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ស្រ្តី​ (UN-women) ​នៅក្នុង​រយៈពេល​ពីឆ្នាំ​ ២០១០​ ដល់​ឆ្នាំ​២០១៣។ អ្នក​ស្រី​ក៏ធ្លាប់​បម្រើ​ការងារ​ជារដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ ​និង​ជារដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​ផងដែរ។ អាណត្តិ​តំណែង​របស់​អ្នកស្រី​ជា​ឧត្តម​ស្នងការ​ទី៧​ នឹង​មាន​រយៈពេល​៤​ឆ្នាំ។

រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

លោក​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ មានប្រសាសន៍​ប្រាប់​ ​VOA​ ​ថា​ ​ការ​ផ្លាស់ប្តូរ​តំណែង​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ គឺជា​នីតិវិធី​សាមញ្ញ​មួយ​របស់​អង្គការ​សហប្រជាជាតិ។ លោក​ថា​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ នឹង​ដើរ​តាម​គោលការណ៍​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ ពោល​គឺ​រដ្ឋា​ភិបាល​ នៅ​លើក​ដម្កើង​ការ​អនុវត្ត​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរីពហុបក្ស​ដដែល។

«ទោះបីថា​ អង្គការ​សហប្រជាជាតិ​ ​លោកផ្លាស់​ប្តូរ​មន្ត្រី​ណា​ក៏ដោយ​ ក៏គោលការណ៍​ លទ្ធិប្រជាធិប​តេយ្យ​ ​និង​នីតិរដ្ឋ​នៅកម្ពុជា​ មិន​ប្រែប្រួល​ទៅតាម​សមាសភាព​មន្ត្រី​ ដែល​បាន​ផ្លាស់​ប្តូរ​នោះ​ទេ​បាទ»។

នៅពេល​ ​VOA​ ​សួរលោថា​ តើ​នឹង​មាន​សំឡេង​ពហុបក្ស​យ៉ាង​ដូចម្តេច​បើ​មានតែ​គណបក្ស​ប្រជាជន​ក្នុង​សភាជាតិ​នោះ លោកសុខ ឥសាន​មាន​ប្រសាសន៍​ថា៖

«បាន​សេចក្តី​ថា​ ប្រជាធិប​តេយ្យ​នៅកម្ពុជា​ វា​អាស្រ័យ​ទៅលើ​ប្រជាជន​កម្ពុជា។ បាន​សេចក្តី​ថា​ យើង​មើល​ឃើញ​ហើយ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​មិន​ត្រូវការ​ អតីតបក្ស​ប្រឆាំង​ ដែល​គេ​ហៅថា កំពុង​តែមាន​សក្តានុពល​ ឬបាន​មាន​សក្តានុពល​ទេ​ ពីព្រោះ​មិនបាន​បម្រើ​ផល​ប្រយោជន៍​អី​ដល់​ប្រទេស​ជាតិ​ និង​ប្រជាជន​ទេ។ វា​មានតែ​ធ្វើ​យក​ជើង​រាទឹក​ ហើយ​ធ្វើ​ឧបសគ្គ​នានា​ ដល់​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ»។

លោក​ហ្សេអ៊ីដ រ៉ាអាដ​ អាល់​ហ៊ូសសេន​ ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​បាន​ចូល​កាន់​តំណែង​តាំង​ពីថ្ងៃទី១​ ​ខែ​កញ្ញា​ឆ្នាំ​២០១៤។​ ​ក្នុងពេល​បំពេញ​តួនាទី​របស់​លោក​ជា​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ ​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ តែងតែ​បាន​បង្ហាញ​ពី​ក្តីបារម្ភ​របស់​លោក​ ពាក់ព័ន្ធ​នឹង​ដំណើរ​ធាក់ថយក្រោយ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ នៅពេល​រដ្ឋាភិបាល​ប្រទេស​នេះ​ត្រូវគេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា បាន​បើក​យុទ្ធនាការ​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ក្រុមអង្គការ​សង្គម​ស៊ីវិល​ និង​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ កាលពីឆ្នាំ​២០១៧​ ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​ បាត់​ពី​បញ្ជីឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​កន្លង​ទៅ៕