អតីត​មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ

រូបឯកសារ៖ លោក ស៊ុត ឌីណា អតីត​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦។

លោក ​ស៊ុត ឌីណា​ គឺ​ជា​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ តែ​ក្រោយ​មក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​កាត់​ទោស​លោក​ ស៊ុត​ ឌីណា​ អតីត​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ ឬ​ប្រមាណ​ជា​ ២៥០០​ដុល្លារ​អាមេរិក​ ពី​បទ​រំលោភ​អំណាច​ និង​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់។

​លោក​ ស៊ុត​ ឌីណា​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៤​ ខែ​មេសា​ ពី​បទ​សង្ស័យ​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដោយ​លើក​ឡើង​ថា​ អតីត​ឯក​អគ្គ​រាជ​ទូត​រូប​នេះ​មាន​លុយ​ជាង​៧លាន​ដុល្លារ​ និង​មាស​ជាង​ ១២​គីឡូក្រាម។ តុលាការ​ក្រុង​ភ្នំពេញ​ ក៏​បាន​សម្រេច​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្នចាប់​ពី​ខែ​មេសា​មក។​

បន្ទាប់​ពី​ការ​ប្រកាស​ផ្ដន្ទាទោស​ដែល​ត្រូវ​បានធ្វើ​ឡើង​ដោយ លោក ​កោ វណ្ឌី ​ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ​ស៊ុត ឌីណា​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​មិន​អាច​ទទួល​យក​ការ​កាត់​ទោស​នេះ​បាន​ទេ​ ដោយ​ហេតុ​ថា​ តុលាការ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ការ​កាត់​ទោស​រូប​លោក។

​លោក​ ហុក​ ផល្លា មេធាវី​តំណាង​ឲ្យ​លោក​ ស៊ុត​ ឌីណា​ ថ្លែង​ថា​ កូន​ក្តី​របស់​លោក​មិន​បាន​បំពេញ​ការងារ​ ដោយ​ការ​រំលោភ​អំណាច​ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​អត្តនោម័តិ​ដោយ​ខ្លួន​ឯង​នោះ​ទេ។

លោក​បន្ត​ថា​ កូន​ក្ដី​លោក​ តែងតែ​បាន​ប្រឹក្សា​ពិគ្រោះ​យោបល់​ជាមួយ​សហការី​របស់​លោក នៅ​មុន​ពេល​ធ្វើការ​សម្រេច​ចិត្ត​លើ​កិច្ចការ​នៅ​ក្នុង​ស្ថានទូត។

«អ្វី​ដែល​គាត់​បាន​ធ្វើ​ហ្នឹង​គឺជា​បែប​បទ​រដ្ឋបាល។ គាត់​ឆ្លង​យោបល់​ គាត់​ធ្វើ​បែបបទ​រដ្ឋបាល​ គឺ​មាន​លិខិត​ស្នាម​អង្គប្រជុំ​រាយការណ៍​ផ្ទាល់​អី​ទាំង​អស់​ហើយ​ ដូច​ជា​មិន​មាន​កន្លែង​ណាមួយ​ដែល​បញ្ជាក់​ថា​ គាត់​ឲ្យ​មាន​រំលោភ​អំណាច​ធ្ងន់ធ្ងរ»។

លោក​មេធាវី​លើក​ឡើង​ថា​ កូន​ក្ដី​លោក​មិន​ទាន់​ឲ្យ​ដឹង​ថា​ នឹង​ធ្វើ​ការ​ប្ដឹង​ជំទាស់​ការ​ផ្ដន្ទាទោស​នេះ​ទេ។​

លោក​ក៏​បដិសេធ​មិន​អធិប្បាយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ចំពោះ​ការ​ប្រជែង​ការងារ​រវាង​លោក​ ស៊ុត ឌីណា​ និង​សហការី​របស់​លោក​នៅ​ប្រទេស​កូរ៉េ ដែល​នាំ​ដល់​ការ​ចាប់​ខ្លួន​អតីត​ឯក​អគ្គ​រាជ​ទូត​រូប​នេះ។

អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ប្រើ​ពេល​ជាង​១ឆ្នាំ​ ក្នុង​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​ការងារ​ទូត​របស់​លោក ស៊ុត​ ឌីណា​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​នៅ​ប្រទេស​កម្ពុជា។

​លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​ចោទ​ប្រកាន់​លោក​ ស៊ុត​ ឌីណា​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ មាន​បញ្ហា​មិន​ប្រក្រតី​ច្រើន​ទាក់​ទិន​ដំណើរ​ការ​ច្បាប់​ប្រឆាំងលោក​ ស៊ុត ​ឌីណា។

លោក​អះអាង​ថា ​ប្រភព​នានា​បាន​បញ្ជាក់​ថា​ អតីត​ឯក​អគ្គ​រាជទូត​រូប​នេះ​ ពុំ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក​ដូច​ការ​អះអាង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ពេល​កន្លង​មក​នោះ​ទេ។

លោក​បន្ត​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក ​ស៊ុត​ ឌីណា​ នេះ​មាន​ដើម​ចម​ចេញពី​ការ​ប្រកួត​ប្រជែង​គ្នា​នៃ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ដណ្ដើម​តួនាទី​របស់​លោក​ ស៊ុត​ ឌីណា​ ដែល​ជា​អតីត​អ្នក​ប្រឆាំង​រដ្ឋាភិបាល​យ៉ាង​ស្រួច​ស្រាវ​នោះ។

«យើង​ហាក់​បីដូច​ជា​មិន​ទាន់​មាន​ជំនឿ​ថា​ លោក ​ស៊ុត​ ឌីណា​ហ្នឹង​ មាន​មាស​រាប់​គីឡូ​ ហើយ​និង​លុយ​រាប់​លាន​ដុល្លារ​ទេ។ ប៉ុន្តែ​ បើ​កំហុស​ផ្នែក​កិច្ចការ​រដ្ឋបាល​ ឬ​ក៏​ការងារ​បច្ចេកទេស​ក្នុង​ការ​គ្រប់​គ្រង​លុយ​កាក់​ ឬក៏​គ្រប់​គ្រង​ការ​ងារ​នៅ​កូរ៉េ​ខាង​ត្បូង​ហ្នឹង​ ទំនង​ជា​អាច​មាន​មែន​ ព្រោះ​អី​ចំណុច​នេះ​ ក៏​ឃើញ​ថា​ គាត់​បាន​សារភាព​ប្រាប់​តុលាការ​ដែរ»។​

លោក​ សន ជ័យ បន្ថែម​ថា​ កន្លង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ក៏​មិន​បាន​លាត​ត្រដាង​នូវ​ទីកន្លែង​ទុកដាក់​ទ្រព្យ​សម្បត្តិ​របស់​លោក ​ស៊ុត​ ឌីណា​ ផង​ដែរ។

លោក ​ស៊ុត ឌីណា​ គឺ​ជា​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ តែ​ក្រោយ​មក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។​

​លោក​ អ៊ី​ រិន្ទ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ទៅ​លើ​ប្រភព​នៃ​ការ​កសាង​ទ្រព្យ​សម្បត្តិ​របស់​លោក ​ស៊ុត​ ​ឌីណា​ ដែល​ស្ថិត​នៅ​ចំ​ចំណុច​កណ្ដាល​នៃ​សំណុំ​រឿង​ពុក​រលួយ​នេះ។

លោក​បាន​បង្វែរ​សំណួរ​ទៅ​កាន់​លោក​ លី​ ​សុផាណា​ អ្នក​នាំ​ពាក្យ​មួយ​រូប​ទៀត​ ដែល​បាន​បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ផង​ដែរ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក ​ស៊ុត​ ឌីណា​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែង​តាំង​លោក ​ឡុង​ ឌីម៉ង់​ អតីត​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ជា​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជំនួស​លោក ស៊ុត ឌីណា។

​ការ​តែង​លោក​ឡុង​ ឌីម៉ង់​ បាន​រង​ការរិះគន់​ពីសង្គម​ស៊ីវិល​ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​បក្សពួក​និយម​ ព្រោះ​លោកឡុង​ ឌីម៉ង់​ គឺ​ជា​កូនប្រុស​របស់​លោក​ ឡុង​ វិសាលោ​ ដែល​ជា​រដ្ឋ​លេខាធិការ​ក្រសួងការ​បរទេស​កម្ពុជា៕