របៀប​បញ្ចុះ​អដ្ឋិធាតុ​តម្លៃ​ថោក​នៅ​អាមេរិក

ផ្លាក​សំរឹទ្ធ​តូច​មួយ​នៅ​ជាប់​នឹង​ដើម​ឈើ​នេះ​រាយ​នាម​មនុស្ស​បី​នាក់​ដែល​ត្រូវ​បាន​បូជា​នៅ​ទីនោះ ព្រម​ទាំង​បញ្ជាក់​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​និង​​មរណភាព​របស់​ពួក​គាត់។

ការ​កើន​ឡើង​ចំនួន​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក កំពុង​ប្រឈម​ទៅ​នឹង​ការ​ពិតថ្មី​មួយ។ ពួក​គេ​កំពុង​អស់​កន្លែងបញ្ចុះ​សព ដែល​នាំ​ឲ្យការ​បញ្ចុះ​សព​តាម​ប្រពៃណី ជាពិសេសនៅទីក្រុង​មាន​តម្លៃ​ថ្លៃ​យ៉ាងខ្លាំង។ ជន​ជាតិ​អាមេរិក​កាន់​តែ​ច្រើនកំពុង​ជ្រើស​រើស​យក​ការ​បូជា​សព​វិញ។ ​ក្រុមហ៊ុន​ថ្មី​មួយផ្តល់​កន្លែង​ពិសេស​ ដើម្បី​បញ្ចុះ​អដ្ឋិធាតុដែល​បាន​បូជា​រួច។

ម៉ារី​ អេន​ហៀលី (Mary Anne Healy) និង​ម៉ារីយ៉ុន អេបើហាឌ (Marion Eberhardt) ដើរ​ចុះ​តាម​ផ្លូវ​ធំមួយ ដែល​នៅ​អម​សង​ខាង​ដោយព្រៃ​ក្រាស់។ បើទោះ​ជា​មើល​ទៅ​ដូច​ជា​កន្លែង​អភិរក្ស​ព្រៃ​ឈើ​ក៏​ដោយ តែវាគឺជាកន្លែង​បញ្ចុះអដ្ឋិធាតុ។ ហៀលី​ និង​អេបើហាឌកំពុង​រក​ដើម​ឈើ​មួយ​ប្រភេទ​ នៅ​តាម​ចិញ្ចើមផ្លូវដែលជា​កន្លែងមួយដែលពួក​គេ​ជ្រើស​រើស​សម្រាប់​ជាកន្លែង​ចុង​ក្រោយ​នៅ​ពេលគេ​ស្លាប់។

នេះ​ជា​ព្រៃ​ឈើ​បរិស្ថាន​អមត​ (Eco Eternity Forest) ដែលជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែងបួន​នៅ​អាមេរិក។ លោក ជេកស៍ ឡូវ៉េ (Jack Lowe) ជា​ប្រធាន​ក្រុម​ហ៊ុន ដែល​បាន​បើក​កន្លែង​នេះ​ ​ដែល​ជា​ព្រៃ​សម្រាប់​បញ្ចុះ​អដ្ឋិធាតុ​លើក​ដំបូង​នៅ​រដ្ឋ​វើជីញៀ (Virginia) កាល​ពី​ខែ​តុលា​ឆ្នាំ​២០០៧។ លោកថ្លែង​ថា៖

«យើង​បាន​បើក​ពីរ​កន្លែងទៀតក្នុង​ឆ្នាំ​២០០៨ និង​មួយ​កន្លែង​ក្នុង​ឆ្នាំ​២០០៩។ យើងមិនបាន​បើក​កន្លែង​ណា​ផ្សេង​ទៀត​ទេនៅ​ឆ្នាំ​នេះ ប៉ុន្តែ​យើង​មាន​ប្រហែល​៦​កន្លែង នៅ​ក្នុង​ដំណាក់​កាលអភិវឌ្ឍ។ មាន​មនុស្ស៥៣​នាក់ ដែល​ត្រូវ​បាន​បញ្ចុះ​អដ្ឋិធាតុនៅ​ក្នុង​ព្រៃ​ទាំង​បួន​នោះ ហើយ​មាន​មនុស្ស​ប្រហែល​ពី២៧០​នាក់​ទៅ​២៨០​នាក់​ ​បាន​កក់កន្លែង​ទុក​រួច​ជា​ស្រេច»។

ទស្សនៈ​ស្តី​ពី​ការ​បញ្ចុះ​សព​នៅ​ក្នុង​ព្រៃហាក់​ដូច​ជា​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេសស្វីស។ ទស្សនៈ​នេះក៏​មាន​ប្រជាប្រិយ​ភាព​នៅកូរ៉េ​ខាង​ត្បូង​ដែរ។ លោក​ឡូវ៉េ​មាន​ប្រសាសន៍​ថា ហេតុ​ផលមួយ​ដ៏​សំខាន់ ដែល​ពល​រដ្ឋអាមេរិកចាប់​អារម្មណ៍ចំពោះ​ទស្សនៈ​នោះគឺតម្លៃ។ បើ​ទោះ​ជា​ការ​ចំណាយ​ខុសគ្នាទៅតាម​ទី​តាំង​ក៏​ដោយ ​បុណ្យ​សព​តាម​ប្រពៃណី​អាមេរិក ដែល​បូក​បញ្ចូល​ទាំងក្តារ​ម​ឈូស​ និង​ការ​ផ្តល់​សេវា​សម្រាប់​អ្នក​ចូល​រួម​ទាំង​ឡាយ​ ត្រូវចំណាយ​ប្រាក់​ប្រហែល​១​ម៉ឺន​ដុល្លារ​ ហើយ​ជា​រឿយៗ​ច្រើន​ជាង​នេះ​ទៀត​ផង។ តាម​ការ​ប្រៀប​ធៀប លោកឡូវ៉េ​បាន​ឲ្យ​ដឹង​ទៀត​ថា៖

«ទាំង​ការ​បូជា​សព ​ការ​បញ្ចុះ​អដ្ឋិធាតុ​នៅ​ក្នុង​ព្រៃ និងអ្វីៗ​គ្រប់​យ៉ាង​ មាន​តម្លៃ​ប្រហែល​ជា២​ពាន់​៨០០​ដុល្លារ»។

លោក​ឡូវ៉េ​និយាយ​ថា អតិថិជន​របស់​លោក​ភាគ​ច្រើន​ពិត​ជា​គ្មាន​គម្រោង​ដើម្បីធ្វើបុណ្យ​សព និង​បញ្ចុះ​សព​របស់​ពួក​គេទេ​ ឬ​សូម្បី​តែ​អដិ្ឋធាតុរបស់​អ្នកដែលទើប​តែ​ស្លាប់​ថ្មីៗ។ លោក​មាន​ប្រសាសន៍​ថា៖

«ជាង​៥០​ភាគ​រយ​នៃ​ជំនួញ​របស់​យើងចាប់ផ្តើម​ជា​មួយអ្នក​ដែល​មានអដ្ឋិធាតុ​នៅផ្ទះ»។

អ្នក​ស្រីខារ៉ូល សថែល (Carol Sawtell) ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់​នោះ។ ស្វាមីរបស់​អ្នកស្រី ឈ្មោះ​រ៉ូប៊ើត (Robert) បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ទុក​អដ្ឋិធាតុ​របស់​គាត់​នៅ​ក្នុង​កោដ្ឋ​ដ៏​ល្អ និង​គួរ​ឲ្យ​ស្រឡាញ់​នៅ​លើ​ធ្នើរ​ស្ថិត​នៅក្នុងបន្ទប់​គេង​របស់​ខ្ញុំ។ ខ្ញុំ​នឹង​រក្សា​ទុក​អដ្ឋិធាតុ​នេះ​រហូត​ដល់​ខ្ញុំ​ស្លាប់​ ហើយឲ្យ​គេយកអដ្ឋិធាតុ​ទាំង​ពីរ ទៅបាច​ចោល​នៅ​លើ​ភ្នំ​ខាស​ខេដ (Cascade Mountains) ជា​មួយ​គ្នា​ ប៉ុន្តែ​ខ្ញុំមិន​ទាន់​អាចរក​នរណា​ម្នាក់ ដែល​ស្ម័គ្រ​ចិត្ត​បាច​អដ្ឋិធាតុ​របស់​ខ្ញុំ​ពី​លើ​យន្តហោះ​បាន​សោះ។ អញ្ចឹង​ ខ្ញុំ​នឹង​ឲ្យ​គេ​យក​អដ្ឋិធាតុ​របស់​ខ្ញុំ​បញ្ចុះ​នៅ​ទី​នេះ​ដែរ»។

អដ្ឋិធាតុ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ព្រៃបរិស្ថានអមត​ ដោយ​ដាក់​អដ្ឋិធាតុ​នៅ​នឹងឬស​ឈើ ក្នុងកោដ្ឋ​ដែល​ផលិត​ពី​ម្សៅ​ពោតដែលមាន​លក្ខណៈ​បរិស្ថាន។ បន្ទះ​ទង់​ដែង​តូច​មួយដែល​សរសេររំឭក​ដល់​អ្នក​ជា​ទី​ស្រឡាញ់​ ត្រូវ​បាន​ភ្ជាប់​ខាង​ក្រោយ​ដើម​ឈើ​នោះ​ ដូច្នេះ​អ្នក​មិន​អាច​មើល​ឃើញបន្ទះ​ទាំងនោះបាន​ទេ នៅ​ពេល​ដែល​អ្នក​ដើរ​តាម​ផ្លូវ​ព្រៃ​នោះ។ កន្លែង​ធម្មជាតិគឺ​ជា​រឿង​មួយ ដែល​ទាក់​ទាញ​អេបើហាឌ និង​ហៀលី។

អេបើហាឌ ពោល​ថា៖ «ព្រៃ​នេះ​ស្រស់​ស្អាត​ណាស់។ ហើយ យើង​ស្ថិត​នៅ​ក្នុង​កោដ្ឋ​មាន​លក្ខណៈ​បរិស្ថាន ដែល​នឹង​រលាយ ហើយ​ផ្តល់​ជីវជាតិ​ដល់​ដើម​ឈើ។ ខ្ញុំ​ពេញ​ចិត្ត​គំនិត​ទាំង​អស់​នេះ»។

ហៀលី៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មិន​បំពុល​ផែន​ដី​ទេ»។

យោង​តាម​ព្រឹត្តិប័ត្រណែ​នាំ​របស់​ក្រុមហ៊ុន «ដើម​ឈើ​នឹង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹមពី​អដិ្ឋធាតុ​ទាំងអស់​នោះ»។ ​យោង​តាម​លោក រីក ដូសុន ដែល​ទទួល​បាន​ការ​គោរព​ខ្ពស់ នេះគឺ​ជាវិធី​លា​ចាក​លោក​ដោយមាន​លក្ខណៈ​ជួយបរិស្ថាន​ជាង​ការ​បញ្ចុះ​សព​តាម​លក្ខណៈ​ប្រពៃណីអាមេរិក។ លោក​ថ្លែង​ថា៖

«នៅ​ពេល​យើង​ចាប់​ផ្តើម​ពិនិត្យ​មើល​អំពី​របៀបបញ្ចុះ​សព​មនុស្ស ដោយ​មាន​សារ​ជាតិ​គីមី​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ដាក់​នៅ​សាកសព ហើយនឹងទំហំ​ដីដែល​យើង​ប្រើ​ វាហាក់ដូចជាយើង​ប្រើ​ប្រាស់បរិស្ថាន​មិនបាន​ល្អ​ទេ។ ដូច្នេះ ការ​ធ្វើ​បែប​នេះ យើង​កំពុង​បម្រើសហគមន៍​ ប៉ុន្តែ​យើង​ក៏​កំពុង​បម្រើ​ព្រះ​ និងពិភព​លោកដែរ​ តាម​រយៈ​ការ​ផ្តល់​កន្លែងបែបនេះ»។

លោក​ដូសុន បព្វ​ជិត​គ្រិស្ត​ប្រូតេស្តង់ ជា​នាយក​ប្រតិបត្តិ​ជំរំ Camp High Road ដែល​ជា​ជំរំ និង​កន្លែងស្ងប់​ស្ងៀមសម្រាប់រដូវ​ក្តៅ​នៃសាសនា​គ្រិស្ត​ប្រូតេស្តង់​ ដែល​គ្រប់​គ្រងព្រៃ​ឈើ​ទំហំ​មួយ​ហិកតា។ ដី​នេះជា​តំបន់ទ្រនាប់​រវាង​សហគមន៍​ និង​ការ​បោះ​ជំរំ​ ចាប់​តាំង​ពី​តំបន់​នេះ ត្រូវបាន​បង្កើត​ឡើង​កាល​ពី​ជាង​៦០​ឆ្នាំ​មុន។ សម្រាប់​លោក​ដូសុន​ ការ​ប្រែ​ក្លាយ​ព្រៃឈើ​នេះ​ទៅ​ជាទី​តាំង​បញ្ចុះ​សព​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ត្រូវនឹង​សាសនា​របស់​លោក។ លោក​មាន​ប្រសាសន៍ថា៖

«យើង​ធ្វើ​ពិធី​មុជ​ទឹក​លាង​បាប​នៅ​ទី​នេះ។ យើង​ឲ្យ​ក្មេងៗ​មក​បោះ​ជំរំ​នៅ​កន្លែង​នេះ។ ពួក​គេ​ មក​កន្លែង​នេះ​ដើម្បីស្វែង​រកភាពស្ងប់ស្ងៀម។ ពួកគេ​មក​រៀប​ការ​នៅ​ទី​នេះ។ ដូច្នេះ​គំនិត​នេះ​គឺ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពួក​យើង»។

មាន​ដើម​ឈើ​ចំនួន​៣០០​ដើម ដែលត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា «បូជនីយ​ដ្ឋាន​មាន​ជីវិត»។ ដើម​ឈើ​ទាំង​អស់​ត្រូវ​បាន​ដាក់​លេខ​សំគាល់ និង​អាចរក​ឃើញ​នៅ​លើ​ផែន​ទីនៅ​ច្រក​ចូលព្រៃ​នេះ។ ដើម​ឈើ​ខ្លះ​ត្រូវ​បាន​កក់​ទុកពី​សំណាក់​ក្រុម​គ្រួសារ ឬ​ក្រុមមិត្ត​ភ័ក្តិទាំង​ឡាយ។ ដើម​ឈើ​ខ្លះ​ជា​របស់​សហគមន៍ ដែល​បុគ្គល​ម្នាក់ៗ​អាចរក្សា​កន្លែង​ទុក។

យោង​តាម​លោក ជេកស៍ ឡូវ៉េ ប្រធាន​ព្រៃ​ឈើ​បរិស្ថានអមត​ ថ្លៃឈ្នួល​៤​ពាន់​៥០០​ដុល្លារ​សម្រាប់​ដើម​ឈើ​មួយ​ដើម ឬ​៩០០​ដុល្លារ​សម្រាប់​កន្លែង​មួយនៅ​ក្នុង​ព្រៃ​សហគមន៍ ជួយ​ថែ​រក្សា​ព្រៃ​ឈើ ដែល​ការ​ធានា​លើ​កិច្ច​សន្យា​ជួល​នឹង​ត្រូវ​បាន​រក្សាទុក​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ។ លោក​បន្តថា៖

«នេះ​ជាការ​បង្កើត​ដោយព្រះ ហើយទឹក​ដីនេះមាន​លក្ខណៈធម្មជាតិ។ នៅ​ពេលដែល​មនុស្ស​មក​ទី​នេះ ពួក​គេ​គ្មាន​អារម្មណ៍​ថា ពួក​គេ​ស្ថិត​នៅ​ក្នុង​ទី​តាំង​បញ្ចុះ​សព​ទេ។ ពួក​គេមក​ទី​នេះ​ដើម្បី​នៅ​ជាមួយ​អ្នក​ជា​ទី​ស្រឡាញ់ ប៉ុន្តែ​ក៏​នៅ​ជា​មួយ​ព្រះ និង​ធម្មជាតិ​ផង​ដែរ។

លោក ដូសុន ដែល​ទទួល​បាន​ការ​គោរពខ្ពស់ និយាយ​ថា ដូច​ដែលវិហារ​សាសនា​គ្រិស្តប្រូតេស្តង់​ចាប់​អារម្មណ៍​ ឥឡូវ​នេះ ព្រៃ​ឈើ​ជា​ទី​កន្លែងស័ក្តិសិទ្ធិ ហើយ​ព្រៃ​ឈើ​នៅ​ទីនេះ​ មិន​ត្រឹម​តែ​មាន​រយៈពេល​៩៩​ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ជា​រៀង​រហូត៕

ប្រែសម្រួលដោយ លី សុខឃាង