មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានព្រមានចាត់វិធានការតាមច្បាប់អន្តោប្រវេសន៍លើសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែងគឺលោក Alex Gonzalez Davidson នៅពេលដែលលោកនឹងត្រូវអស់សិទ្ធិស្នាក់នៅក្នុងប្រទេសកម្ពុជានៅថ្ងៃសុក្រទី២០ខែកុម្ភៈនេះ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមសមត្ថកិច្ចកម្ពុជាអាចនឹងអនុវត្តច្បាប់អន្តោប្រវេសន៍នេះ នៅពេលដែលសុពលភាពស្នាក់នៅកម្ពុជារបស់សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះនឹងផុតកំណត់។
«ខ្ញុំគិតថា ច្បាប់អន្តោប្រវេសន៍អត់មានអីពិបាក។ សមត្ថកិច្ចរបស់យើងមានច្បាប់នៅក្នុងដៃហើយ មិនពិបាកទេ»។
ច្បាប់អន្តោប្រវេសន៍កម្ពុជាចែងថា ជនបរទេសដែលស្នាក់នៅកម្ពុជាដោយមិនមានការអនុញ្ញាតគឺជាជនខុសច្បាប់ ហើយអាចប្រឈមមុខនឹងការដាក់ពន្ធនាគារ និងបណ្តេញចេញពីប្រទេស។ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានសិទ្ធិសម្រេចក្នុងកិច្ចការនេះ។ រីឯការបណ្តេញចេញអាចនឹងធ្វើឡើងយ៉ាងយូររយៈពេលប្រាំពីរថ្ងៃក្រោយពីការសម្រេច លើកលែងតែមានសាលក្រមពីតុលាការឲ្យផ្អាកការអនុវត្ត។
លោក Alex Gonzalez Davidson ប្រធានអង្គការមាតាធម្មជាតិបានដឹកនាំការតវ៉ាប្រឆាំងនឹងការធ្វើទំនប់វារីអគិ្គសនីនៅតំបន់អារ៉ែងរបស់ក្រុមហ៊ុនចិន Sinohydro ដែលជាក្រុមហ៊ុនចិនមួយមានភាពជិតស្និទជាមួយនឹងក្រុមហ៊ុនភាពភីម៉ិកដ៏មានឥទ្ធិពលមួយនៅកម្ពុជា។ អ្នកការពារបរិស្ថានលោកខាងលិចរូបនេះបានរៀបរាប់ថា តំបន់អារ៉ែងគឺជាជង្រុកសម្បតិ្តធម្មជាតិមហាសាលរបស់កម្ពុជាដែលនៅសេសសល់ចុងក្រោយប្រចាំតំបន់អាស៊ី។ តំបន់នេះមានទាំងសត្វចម្រុះច្រើនប្រភេទ និងធនធានរ៉ែ និងព្រៃឈើស្តុកស្តម្ភ។
សម្រាប់រូបលោកការបង្កើតទំនប់វារីអគ្គិសនីដែលមានកម្លាំងជាង១០០ម៉េហ្គាវ៉ាត់នេះនឹងបំផ្លាញធនធានទាំងនេះរាប់ម៉ឺនហិចតា។
ក្រសួងមហាផ្ទៃចាត់ទុកថា ការរារាំងរបស់លោកបានបង្កឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍនិងសន្តិសុខជាតិ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបានស្នើឲ្យលោក Alex Gonzalez Davidson ចាកចេញពីប្រទេសកម្ពុជាមួយរយៈសិន មុននឹងសាកល្បងសុំទិដ្ឋាការសម្រាប់ស្នាក់នៅកម្ពុជាឡើងវិញ។
«នៅពេលដែលទិដ្ឋាការរបស់គាត់ត្រូវផុតអាណត្តិនៅថ្ងៃទី២០សុំឲ្យគាត់ចេញពីកម្ពុជាមួយរយៈសិនទៅ ហើយចាំចូលមកវិញ ដាក់ពាក្យសុំទិដ្ឋាការថ្មី។ មិនមានអ្វីធ្ងន់ធ្ងរទេ ដូចជនអន្តោប្រវេសន៍ដទៃទៀតអញ្ចឹង»។
ប៉ុន្តែសកម្មជនបរិស្ថានដដែលនេះបានប្រកាសថា លោកនឹងមិនចាកចេញពីកម្ពុជានោះទេ បើសិនមិនមានការចាប់ខ្លួននោះ។
ប្រធានអង្គការមាតាធម្មជាតិ ដែលនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញនេះចាត់ទុកថា ការស្នើឲ្យរូបលោកចាកចេញនោះគ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ។
«បើសិនជាគេអនុញ្ញាតឲ្យ Alex នៅខ្មែរ ចាំបាច់ឲ្យចេញធ្វើអី? ខ្ញុំអត់យល់។បើសិនជាខ្ញុំចេញ ខ្ញុំមិនជឿថា គេអនុញ្ញាតឲ្យខ្ញុំចូលប្រទេសខ្មែរវិញទេ។ នេះគ្រាន់តែជាលេសមួយដើម្បីឲ្យគេចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីនិងរុករករ៉ែ។ មួយទៀត ដូចខ្ញុំបាននិយាយច្រើនដងហើយ ខ្ញុំអត់មានមូលហេតុអីដែលខ្ញុំចាកចេញពីប្រទេសខ្មែរទេ»។
លោក Alex Gonzalez Davidson បានមករស់នៅប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ។ ប៉ុន្តែលោកទើបនឹងចាប់ផ្តើមធ្វើសកម្មភាពតស៊ូមតិដើម្បីការពារតំបន់អារ៉ែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានទាក់ទាញឲ្យមានការចូលរួមពីសកម្មជនខ្មែរនិងយុវជនជាច្រើន។
កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកបានបញ្ជាក់ថា សកម្មភាពរបស់លោកបានធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្ត ហើយវាគឺជាមូលហេតុចម្បងដែលរដ្ឋាភិបាលមិនផ្តល់ទិដ្ឋាការថ្មីសម្រាប់ការស្នាក់នៅកម្ពុជាបន្តទៀតដល់រូបលោក។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលតំណាងឲ្យក្រុមតំណាងរាស្ដ្រភាគតិចក្នុងរដ្ឋសភា បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីឲ្យពិចារណាក្នុងការផ្តល់ទិដ្ឋាការដល់លោក Alex នេះឡើងវិញ។
ដូចគ្នានេះដែរ កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលចំនួន៣១បានថ្កោលទោសការសម្រេចចិត្តខាងលើនេះរបស់រដ្ឋាភិបាល ហើយបានស្នើឲ្យមានការផ្តល់ទិដ្ឋាការដល់សកម្មជនជាតិអេស្ប៉ាញនេះឡើងវិញផងដែរ៕