ការព្រួយបារម្ភពី​គោលនយោបាយ​ការបរទេស​​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​​ប្រធានាធិបតី​​​អាមេរិក

អ្នកបោះឆ្នោតបោះឆ្នោត​កាលពីពាក់កណ្តាលអាណត្តិនៅទីក្រុង Chapel Hill រដ្ឋ North Carolina កាលពីថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២២។ (Reuters)

កង្វល់អំពី​សេដ្ឋកិច្ច​នៅ​តែ​សំខាន់សម្រាប់ក្រុមអ្នកបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ដែលជា​ការប្រកួត​ប្រជែងជាថ្មី​រវាង​លោកប្រធានាធិបតី Joe Biden និង​អតីតប្រធានាធិបតីលោក Donald Trump ប៉ុន្តែ​សង្គ្រាមក្នុង​តំបន់​ហ្កាហ្សា​និង​នៅ​អ៊ុយក្រែនប្រហែល​មានឥទ្ធិពលលើអ្នក​បោះឆ្នោតនៅក្នុង​រដ្ឋប្រទាញប្រទង់​គ្នាដើម្បី​ធ្វើ​ឱ្យ​គោលនយោបាយ​ការបរទេស​ជា​បញ្ហា​សំខាន់​នៅថ្ងៃបោះឆ្នោត។

លោក Robert Collins ជា​សាស្ត្រាចារ្យខាង​ការសិក្សា​អំពី​ទីក្រុងនិង​គោលនយោបាយសាធារណៈ​នៅសាកលវិទ្យាល័យ Dillard នា​ក្រុង New Orleans រដ្ឋ Louisiana។​ លោកបាននិយាយ​ថា«ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណថា​ជា​ការបោះឆ្នោត​ប្រកៀក​ប្រកិត​គ្នា​ណាស់។ នៅក្នុងការបោះឆ្នោតក្រកៀក​ប្រកិត​គ្នានេះ​ ពលរដ្ឋ​មួយចំនួន​តូច​ដែល​មិនទាន់​សម្រេចចិត្ត​នឹង​ជា​អ្នក​ដែល​អាច​កំណត់​ថាតើ​នរណា​នឹង​ក្លាយ​ជា​ប្រធានាធិបតី»។

លោក Lauri Sklar ដែលជា​គ្រូតន្ត្រីនៅ​រដ្ឋ Massachusetts បាន​និយាយប្រាប់វីអូអេថា​ការបោះឆ្នោត​នេះ​ប្លែកពីការបោះឆ្នោត​ឯទៀតៗ ជាផ្នែកដោយសារសង្គ្រាម​នៅ​ហ្គាហ្សា​ជា«ពេល​មានការ​ផ្លាស់ប្តូរមួយ»​សម្រាប់​ក្រុមអ្នក​ប្រជាធិបតេយ្យវ័យ​ក្មេង។

លោក​ Sklar ថា​«ទោះជាពួក​គេ​គាំទ្រ​បេក្ខជន​គណបក្ស​ទី​បីក៏​ដោយឬ​ពួកគេប្រកែកមិនព្រម​បោះឆ្នោត​ក៏​ដោយ ខ្ញុំ​យល់​ថាមានអ្នកបោះឆ្នោត​សេរីនិយម​វ័យក្មេងច្រើននាក់​ដែល​មិន​បោះឆ្នោត​ឱ្យលោក Biden នៅខែវិច្ឆិកា ហើយ​ខ្ញុំបារម្ភ​ថា​ការណ៍​នេះ​មានន័យ​ថា​លោក Trump នឹង​ឈ្នះឆ្នោត»។

ការ​ស្ទង់​មតិ​មួយ​កាលពី​ដើម​ខែនេះដោយមហាវិទ្យាល័យ Kennedy សិក្សា​អំពីរដ្ឋាភិបាល​នៅសាកលវិទ្យាល័យ Harvard​ បានរក​ឃើញ​ថា​ជនជាតិ​អាមេរិកាំងពីអាយុ១៨ឆ្នាំទៅ២៩​ឆ្នាំ​គាំទ្រខ្លាំងក្លា​ដល់​បទឈប់បាញ់​អចិន្ត្រៃយ៍នៅហ្គាហ្សា។

នាង​ Brooklyn Birdie ដែល​ជា​និស្សិតមានបរិញ្ញាប័ត្រពីក្រុង Shreveport រដ្ឋ Louisiana បាន​ថ្លែង​ថា​នាងគាំទ្រលោក Biden ​កាលពីឆ្នាំ២០២០តែនាងនឹងមិន​គាំទ្រ​លោកទេ​នៅឆ្នាំ២០២៤នេះ។

នាង​ Birdie​ បាននិយាយប្រាប់វីអូអេថា«គ្មានវិធីណាមួយដែល «អ្នកប្រល័យ​ពូជសាសន៍ Joe» នឹងទទូល​ឆ្នោតមួយសន្លឹក​ពីខ្ញុំ​ទេ​នៅរដូវ​ស្លឹក​ឈើជ្រុះនេះ។ លោក​រួមគំនិត​ក្នុងការ​លាង​សម្អាត​ពូជសាសន៍ដែល​កំពុងកើត​មាននេះ»។​

ប៉ុន្តែ​នេះ​ក៏​មិនមែន​មាន​ន័យ​ថានាង​នឹងបោះឆ្នោត​ឱ្យលោក​ Trump ដែរ។

នាង​ Brooklyn Birdie បាន​ពន្យល់ថា«ខ្ញុំ​យល់​ថា ជាអ្នក​ធុរកិច្ច តំណែង​ប្រធានាធិបតី​របស់លោក Trump ​ល្អ​ប្រសើរ​សម្រាប់​សដ្ឋកិច្ច តែខ្ញុំមិនអាច​គាំទ្រនរណា​ម្នាក់​ដែលទ្រទ្រង់គ្មានងាករេនិងស្មោះស្ម័គ្រ​ដល់អ៊ីស្រាអែលទេ។ ខ្ញុំ​ពិចារណាបោះឆ្នោត​ឱ្យគណបក្ស​ទី​បី​ តែ​ខ្ញុំ​មិនទាន់​ប្រាកដ​ទេ»។

អ្នក​ស្រី Rebecca Urrutia អ្នកបោះឆ្នោតនៅ​រដ្ឋ Connecticut និយាយថា​ដោយសារ«វិធីដែល​យើងដោះស្រាយ​ភាពតានតឹងជា​មួយ​ប្រទេស​ឯទៀតៗ​នឹងមានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្ញុំ» អ្នកស្រី​នឹង​បោះឆ្នោតឱ្យលោក Trump។​

អ្នក​ស្រី​បន្ថែមថា«ខ្ញុំមិន​ចូល​ចិត្ត​វិធី​ទាក់ទងរបស់​លោក Trump សោះ​ ប៉ុន្តែ​គោល​នយោបាយ​ការបរទេសរបស់លោកខ្លាំង។ លោកនិយាយចំៗហើយធ្វើ​តាមអ្វីដែលលោក​បានសន្យា។ ចំណែក​ឯ​រដ្ឋបាល​លោក Biden វិញ មាន​គោលជំហរមិនប្រាកដ។ ការ​មិនដាច់​ស្រេច​ក្នុង​ចិត្ត​នាំ​ឱ្យមាន​បញ្ហា​ច្រើន»។​

គោលនយោបាយការបរទេស​ក៏​ជា​អាទិភាពខ្ពស់មួយ​សម្រាប់អ្នកស្រី Debbie Pesses អ្នក​បោះឆ្នោត​នៅ​រដ្ឋ Louisiana ដែរ តែ​អ្នកស្រីនឹង​បោះឆ្នោត​ឱ្យលោក Biden។​

អ្នកស្រី Debbie Pesses បានពោលថា«ប្រសិន​បើលោក Putin ​អាច​វាយយក​អ៊ុយក្រែនបាន​ គ្មានប្រទេស​ណា​មួយ​នៅ​អឺរ៉ុប​មានសុវត្ថិភាពទេ ហើយ​ទោះជា​ខ្ញុំ​មាន​សមានចិត្ត​ដល់ប្រជារាស្ត្រ​នៅហ្គាហ្សា​ក៏​ដោយ ក៏​យើងមិនអាចអនុញ្ញាត​ឱ្យ​ក្រុម​ហាម៉ាស់គំរាមកំហែង​ប្រទេស​តែមួយគត់ដែលមានលទ្ធិ​ប្រជាធិបតេយ្យពិតប្រាកដ​នៅមជ្ឈឹម​បូព៌ាទេ»។​

អ្នកស្រីបានបន្ត​ថា«យើងត្រូវ​ការ​នរណាម្នាក់​ដែល​មាន​ចិត្តស្ងប់​នៅ​ក្នុង​សេតវិមាន ហើយទោះ​ជា​ខ្ញុំ​បារម្ភ​អំពី​អាយុ​លោក Biden ក៏​ដោយ ក៏​ចរឹតរបស់លោកល្អប្រសើរ​ជាងលោក Trump សម្រាប់​ការងារនេះ»។

នៅក្នុងការ​បោះឆ្នោតមួយ​ដែល​អាចត្រូវ​សម្រេច​ដោយ​រដ្ឋ​ប្រទាញ​ប្រទង់​មួយចំនួនតូច លោក​សាស្ត្រាចារ្យ Collins នៃ​សាកលវិទ្យាល័យ Dillard ពោល​ថាកង្វល់​អំពីគោលនយោបាយការបរទេស​ដូចជាសង្គ្រាម​នៅហ្គាហ្សា​ជា​ដើម​អាចនាំ​ឱ្យមាន​ការ​ផ្លាស់ប្តូរ៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ