ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការកោះហៅក្រុមមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារអភិវឌ្ឍន៍ធំៗនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មកព្រមានចំពោះការទិតៀនរដ្ឋាភិបាលទៅលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ការកោះហៅនាថ្ងៃព្រហស្បតិ៍នេះ គឺធ្វើឡើងមួយថ្ងៃក្រោយពេលដែលក្រសួងការបរទេសបានចេញកំណត់ការទូតព្រមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចំពោះរឿងដូចគ្នានេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបនៅក្រសួងការបរទេស លោករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍ធំៗចំនួន៤របស់អង្គការសហប្រជាជាតិ រួមមានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) និង មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានធ្វើការខុសនីតិវិធី និងហួសដែនកំណត់ការងាររបស់ខ្លួននៅកម្ពុជា។ លោកថ្លែងថា ពួកគេបាននិយាយរិះគន់រដ្ឋាភិបាលកម្ពុជាលើដំណើរការព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈសារព័ត៌មានកាលពីពេលកន្លងទៅនោះ។
លោកអះអាងថា វាផ្ទុយនឹងច្បាប់កំពូលរបស់អង្គការសហប្រជាជាតិដែលមិនអនុញ្ញាតឲ្យពួកគាត់«ជ្រៀតជ្រែកចូលកិច្ចការសារវ័នដែលជាកិច្ចការផ្ទៃក្នុង»របស់ប្រទេសកម្ពុជា។
«ម្យ៉ាងទៀត ខ្ញុំក៏បានប្រាប់គេថា ពេលដែលខ្ញុំទទួលលោកតំណាង៤នាក់នោះមកភ្នំពេញ ទទួលលិខិតចាត់តាំងរបស់ពួកគេ ខ្ញុំអានលិខិតនោះ ហើយខ្ញុំបានប្រាប់ពួកគេថា ខ្ញុំអានហើយអានទៀតគឺគ្មានពាក្យណាមួយ ដែលឲ្យពួកគេទិតៀនមកលើរដ្ឋាភិបាលក្នុងវិស័យណាមួយក្រៅពីអាណតិ្តរបស់គេទេ»។
លោករដ្ឋមន្ត្រីបានបន្តថា៖ «បាទ ខ្ញុំសួរគេថា តើការទិតៀននៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍នេះ តើអ្វីទៅដែលពង្រាងច្បាប់នោះដែលទាក់ទិននឹងកុមារដែល UNICEF ត្រូវការពារ? តើវាប្រឆាំងនិងកុមារឬអ្វី? តើអ្វីដែលប្រឆាំងនឹងនារីឬអ្វីសម្រាប់តំណាងអង្គការសហប្រជាជាតិសម្រាប់កិច្ចការនារី? តើឆាំងនឹងប្រជាជនកម្ពុជា ឬអ្វីសម្រាប់អ្នកតំណាងអង្គការសហប្រជាជាតិខាងប្រជាពលរដ្ឋ?»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រី ហោ ណាំហុង តំណាងរបស់ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញនាល្ងាចនេះថា៖ «ប្រធានទីភ្នាក់ងារទាំងនោះបានអះអាងជាថ្មីថា ខ្លួនបានធ្វើសកម្មភាពការងារស្ថិតក្នុងអាណត្តិរបស់ខ្លួន និងបានបញ្ជាក់ជាថ្មីផងដែរនូវការផ្តល់ការឧបត្ថម្ភគាំទ្ររបស់ខ្លួនសម្រាប់កិច្ចសន្ទនាជាមួយសង្គមស៊ីវិលលើច្បាប់ដ៏មានសារៈសំខាន់នេះ»។
ស្រដៀងគ្នានោះដែរ កាលពីល្ងាចថ្ងៃពុធ ក្រសួងការបរទេសក៏ធ្លាប់បានចេញកំណត់ការទូត ដែលព្រមានឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺលោកវីលៀម ថដ (William Todd) ដែលបានសរសេរនៅក្នុងបទអត្ថាធិប្បាយរបស់លោក ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបើកឲ្យមានការពិភាក្សា។
ក្រសួងការបរទេសបានចោទថា លោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺលោកវីលៀម ថដ (William Todd) ថា«ព្រហើន» និងបានរំលោភលើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូត។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ ដោយមានការចូលរួមពិភាក្សាតិចតូចបំផុតពីដៃគូអង្គការក្រៅរដ្ឋាភិបាល។ កាលពីដើមខែមេសាឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានលើកយកសេចក្តីព្រាងច្បាប់នេះមកប្រកាសសាជាថ្មីម្តងទៀត ដោយជំរុញឱ្យអនុម័តច្បាប់នេះឲ្យបាន នាខែឧសភានេះជាកំហិត។
មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាពុំទាន់បានបញ្ចេញសំណៅដើមចុងក្រោយនៃសេចក្តីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះជាសារធារណៈ ឬដាក់ឲ្យមានការពិគ្រោះយោបល់ណាមួយថែមទៀតនោះទេ ដែលធ្វើឲ្យមានការរិះគន់ជាច្រើនពីអង្គការសង្គមស៊ីវិលនានា៕