កម្ពុជា​សា្វគមន៍​ជំហរ​ថៃ​ចំពោះ​ការ​មិន​ប្រើ​អាវុធ​បាញ់​ជន​ល្មើស​ឆ្លង​ព្រំដែន

រូបឯកសារ៖ លោក ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​​​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែង​​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគី​​ជាមួយ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនលោក ​វ៉ាង យី (ួWang Yi) នៅថ្ងៃ​សុក្រទី២២ ​ខែ​មេសា​ ឆ្នាំ​២០១៦ នៅរាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA )

លោក ​ប្រាក់​ សុខុន ប្រមុខ​ការទូត​កម្ពុជា​ ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ថៃ​បន្ត​ប្រកាន់​ឥរិយាបថ​មនុស្ស​ធម៌​តទៅ​ទៀត​ ដោយ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ជំនួស​ការ​ប្រើប្រាស់​អាវុធ​ចំពោះ​ជន​ល្មើស​ទាំង​ឡាយ។

លោក ​ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​សម្តែងក្តី​សាទរ​ចំពោះ​ការ​អះអាង​របស់​ភាគី​ខាង​ថៃ​ដែល​ថា​ ថៃ​នឹង​មិន​ធ្វើការ​បាញ់​ប្រហារ​នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​បទ​ល្មើស​ឆ្លង​ដែន​កម្ពុជាថៃ។​ នេះ​បើយោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការបរទេស​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា លោក ប្រាក់ សុខុន ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ប្រទេស​ថៃ​ ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៩​ដល់​ថ្ងៃ​ទី​២០ ​ខែមិថុនា​កន្លង​ទៅ​នេះ​ ដើម្បី​ពិភាក្សា​ជាមួយ​ភាគីថៃ​លើ​បញ្ហា​នានា​ ដូចជា​កិច្ចការ​សន្តិ​សុខ​ និង​ពាណិជ្ជកម្ម។​

ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក ​ដន ប្រាម៉ាត់​វិណៃ​ (Don Pramudwinai) ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ ដែល​បាន​ពិភាក្សា​អំពី​កិច្ច​ប្រតិបតិ្ត​ការ​បង្រ្កាប​បទ​ល្មើស​ឆ្លង​ដែន​ ក្នុង​នោះ​មាន​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ និង​ការ​ជួញដូរ​មនុស្ស លោក ​បា្រក់ សុខុន បាន​ថ្លែង​អំណរគុណ​ដល់​ភាគី​ថៃ​ ដែល​បាន​អះអាង​ថា​ នឹង​មិន​ប្រើ​ប្រាស់​អាវុធ​ប្រឆាំង​អ្នក​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ បើសិន​ជា​គ្មាន​ការ​ប្រើប្រាស់​អាវុធ​តបត​នោះ។

លោក ​ប្រាក់​ សុខុន ប្រមុខ​ការទូត​កម្ពុជា​ ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ថៃ​បន្ត​ប្រកាន់​ឥរិយាបថ​មនុស្ស​ធម៌​តទៅ​ទៀត​ ដោយ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ជំនួស​ការ​ប្រើប្រាស់​អាវុធ​ចំពោះ​ជន​ល្មើស​ទាំង​ឡាយ។​

លោក ​គង់ ភោគ​ សហ​ស្ថាបនិក​ និង​ជា​ប្រធាន​វិទ្យាស្ថាន​កម្ពុជាសម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ បាន​ប្រាប់​ VOA ថា​ ការ​ព្រមព្រៀង​រវាង​ភាគី​កម្ពុជា​ថៃ​ គឺ​ជា​ការ​ចាប់​ផ្តើម​ដើម្បី​ឈាន​ទៅ​បំបាត់​សកម្ម​ភាព​ប្រើប្រាស់​អាវុធ​បង្ក្រាប​សកម្មភាព​ឧក្រិដ្ឋ​នៅ​តាម​ព្រំដែន។​ លោក​និយាយ​ថា​ យន្តការ​តាមដាន​មួយ​ត្រូវ​តែ​បង្កើត​ឡើង​សម្រាប់​ឃ្លាំ​មើល​ និង​បើក​ការ​ស៊ើប​អង្កេត​ហេតុការណ៍​វាយ​ប្រហារ​នោះ​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​បាន​បញ្ជាក់​បន្ត​ថា​ ការ​បាញ់​ប្រហារ​ទៅលើ​ប្រជា​ពលរដ្ឋ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​គឺ​ជា​អំពើ​រំលោភសិទ្ធិ​មនុស្ស។

ជារឿយៗ​ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រូវ​គេ​ដឹង​ថា​ បាន​រង​ការ​បាញ់​ប្រហារ​ពី​អាជ្ញាធរ​ថៃ​ នៅ​តាម​ព្រំដែន ​នៅ​ពេល​ពួក​គេ​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​គឺ​ចេញ​ និង​ចូល​ទៅ​ទឹកដី​ថៃ។​ សកម្មភាព​បាញ់​ប្រហារ​ត្រូវ​បណ្តាញ​ព័ត៌មាន​ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​រាយការណ៍​ថា ច្រើន​កើត​ចេញ​ពី​សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក​ ប្រាក់ សុខុន​ ក៏​បាន​ពិភាក្សា​ជាមួយ​ភាគី​ថៃ​អំពី​បញ្ហា​ទេសចរណ៍​ វប្បធម៌​ ថាមពល អប់រំ​ សុខាភិបាល កសិកម្ម​ និង​ពលករ​ចំណាក​ស្រុក​ផងដែរ។​ ក្នុង​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា ​នឹង​ខិតខំ​រក​វិធី​ទប់​ស្កាត់​ការ​បោកប្រាស់ ការ​ធ្វើ​ទាសភាព​បែប​ទំនើប​ និង​ជំរុញ​ការ​រៀបចំ​បែបបទ​ ឲ្យ​ពលករ​ទាំង​អស់​មាន​ភាព​ស្រប​ច្បាប់។​

ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​បង្កើត​ខ្សែ​ទូរស័ព្ទ​ទាក់ទង​បន្ទាន់​ (hotline)​ រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នានា៕​