ក្រសួង​ការ​បរទេស​ពន្យល់​ទូត​បរទេស​ពី​ការ​ដក​លោក ​កឹម សុខា​ 

លោក​ ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​កោះ​ប្រជុំ​អង្គ​ទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នៅ​ឯ​ទី​ស្តី​ការ​ក្រសួង​ការបរទេស​ ដើម្បី​ស្តាប់​ការ​ពន្យល់​របស់​លោក​ទាក់​ទិន​ការ​ធ្វើ​បាតុកម្ម​ទាមទា​ដក​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋ​សភាកាល​ពី​ថ្ងៃ​សុក្រ ទី៣០ ខែ​តុលា ឆ្នាំ២០១៥។ (VOA Khmer)

លោក​ ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​កោះ​ប្រជុំ​អង្គ​ទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នៅ​ឯ​ទី​ស្តី​ការ​ក្រសួង​ការបរទេស​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ស្តាប់​ការ​ពន្យល់​របស់​លោក​ទាក់​ទិន​ការ​ធ្វើ​បាតុកម្ម​ទាមទា​ដក​លោក​ កឹម​ សុខា។

លោក​ ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​កោះ​ប្រជុំ​អង្គ​ទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នៅ​ឯ​ទី​ស្តី​ការ​ក្រសួង​ការបរទេស​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ស្តាប់​ការ​ពន្យល់​របស់​លោក​ទាក់​ទិន​ការ​ធ្វើ​បាតុកម្ម​ទាមទា​ដក​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋ​សភា​កាល​ពី​ដើម​សប្តាហ៍​នេះ។​

កិច្ច​ប្រជុំ​នេះ​ក៏​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​តំណាង​រាស្រ្ត​៦៨​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះ​ឆ្នោត​ដក​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​តំណែង​របស់​លោក​ ខណៈ​ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។​ នៅ​ក្នុង​ការ​បោះឆ្នោត​ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ពុំ​មាន​វត្តមាន​ពី​តំណាងរាស្ត្រ​៥៥​រូប​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

លោក ​ហោ​ ណាំហុង​ បាន​ការ​ចាប់​ផ្តើម​ការ​ប្រជុំ​ដោយ​រៀបរាប់​ពី​ការ​ផ្ទុះ​ហិង្សា​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ទាម​ទារ​ដក​តំណែង​លោក​ កឹម​ សុខា ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា​កន្លង​ទៅនេះ​ ជូន​ដល់​មន្ត្រី​អង្គទូត​ជាង​៣០​នាក់។

បន្ទាប់​ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​ក្នុង​រយៈ​ពេល​តែ​ជាង​១០​នាទី ​ពុំ​មាន​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​រូប​ណា​ចេញ​មក​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ដើម្បី​ផ្តល់​លទ្ធផល​នៃ​ការ​ប្រជុំ​ភ្លាមៗ​នោះ​ទេ ខណៈ​ដែល​មន្ត្រី​អង្គទូត​បាន​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​។

កំពុង​ដើរ​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​ មន្ត្រី​ទូត​នៃ​ស្ថានទូត​របស់​សាធារណរដ្ឋ​ឆែក​ (Czech Republic) ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ​បាន​ប្រាប់​ VOA ​ថា​ លោក​ ហោ​ ណាំ​ហុង​ បាន​លើក​ពី​ការ​វាយ​ប្រហារ​មក​លើ​តំណាង​រាស្រ្ត​ពីររូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃច័ន្ទ​ ហើយ​នឹង​ការ​បោះ​ឆ្នោត​ដក​លោក​ កឹម សុខា​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​សុក្រ​នេះ។​

«លោកគ្រាន់​តែបាន​ធ្វើ​ការ​អធិប្បាយ​ទៅលើ​ការ​វាយ​ប្រហារ​អ្នក​តំណាង​រាស្រ្ត​ពីររូប​កាល​ពីថ្ងៃ​ច័ន្ទ​ និង​ការ​បោះ​ឆ្នោត​លោក​ កឹម សុខា»។​ ​

មន្ត្រី​ទូត​រូប​នោះ​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទាក់​ទិន​នឹងសំណួរ​ថា​ តើ​លោក​ ហោ ណាំហុង​ បាន​និយាយអ្វី​ខ្លះ​ពី​ការ​ដក​តំណែង​របស់​លោក ​កឹម សុខា។​ រីឯ​មន្ត្រី​ទូត​ឯទៀត​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​អ្វី​ទេ។​

យ៉ាង​ណា​ក៏ដោយ​ មួយ​សន្ទុះ​ក្រោយ​ ក៏​មាន​មន្ត្រី​ក្រសួង​បរទេស​ ប្រមាណ​ជា​២ទៅ​៣បាន​រៀបចំ​ឯកសារ​ស្តី​ពី​លទ្ធផល​នៃ​ការ​ប្រជុំ​នោះ។​

នៅ​ក្នុង​ឯកសារ​ដែល​បាន​ចែក​ជូន​ដល់​អ្នក​សារព័ត៌មាន​នោះ​ បាន​បញ្ជាក់​ពី​ការ​ធ្វើ​បាតុកម្ម​ដែល​ឈាន​ដល់ការ​ប្រើ​ហិង្សា​ពី​ក្រុម​បាតុករ ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រោយ​ពី​ព្រឹត្តិការណ៍​បាតុកម្ម ​និង​ការ​ដក​តំណែង​លោក​ កឹម សុខា​ចេញពី​អនុប្រធាន​រដ្ឋសភា។​

ឯកសារ​ដែល​បាន​ចែក​ជូន​នោះ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​យ៉ាង​ដូច្នេះ​ថា៖​ «ក្នុង​រវាង​ម៉ោង​១១:០០ ​បាតុកម្ម​បាន​បញ្ចប់​ដោយ​សន្តិ​វិធី​ ហើយ​កម្លាំង​នគរបាល​ក៏​បាន​ដក​ចេញ​ពី​តំបន់​នេះ។​ នៅ​ម៉ោង​១២និង​១៥នាទី​ មាន​ផ្ទុះ​ហិង្សា​ បង្ក​ឡើង​ដោយ​មនុស្ស​ប្រមាណ​២០-៣០​នាក់​ ដោយ​ពុំមាន​វត្តមាន​របស់​នគរបាល​ធ្វើ​ឲ្យ​មាន​របួស​ស្នាម​ដល់​តំណាង​រាស្រ្ត​ចំនួន​២រូប»។

រីឯ​ហេតុផល​នៃ​ការ​ដក​តំណែង​លោក​ កឹម​ សុខា​ វិញ​ ឯកសារ​ដដែល​នេះ​បាន​បន្ត​ថា៖​ «ដើម្បី​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ និង​ការ​បំពេញ​ការងារ​បាន​ល្អ​របស់​រដ្ឋសភា​ តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បោះ​ឆ្នោត​ឲ្យ​ឯក​ឧត្តម​ កឹម សុខា​ ធ្វើ​ជា​អនុប្រធាន​ទី​មួយ​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៤។​ ធ្វើ​ដូចនេះ​ រាជរដ្ឋាភិបាល​សង្ឃឹម​ថា​ តាមរយៈ​«វប្បធម៌​សន្ទនា»​ រាជរដ្ឋាភិបាល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ និង​ប្រកប​ដោយ​សន្តិ​វិធី ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។​

ឯកសារ​នោះ​បញ្ជាក់​បន្ថែម​ថា​ លោក​ កឹម​ សុខា​ បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ជា​អនុប្រធាន​ទី១​រដ្ឋសភា​ដោយ​ធ្វើ​ការ​មួល​បង្កាច់​ និង​វាយ​ប្រហារ​រាជរដ្ឋាភិបាល​ ហើយ​និង​ធ្វើការ​ញុះញង់​ អុចអាល​ប្រជាជន​ ឲ្យ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ទាំង​នៅ​ក្រៅ​ប្រទេស។

លើស​ពីនេះ​ទៅ​ទៀត​ រាល់​ការ​ប្រព្រឹត្តិ​របស់​លោក ​កឹម សុខា​ ពុំ​មាន​លក្ខណៈ​សម​ស្រប​ជា​ថ្នាក់​ដឹក​នាំ​របស់​រដ្ឋ​សភា​ឡើយ​ ដែល​ផ្ទុយ​នឹង​«វប្បធម៌សន្ទនា»​ ហើយ​ថា​ លោក​ កឹម​ សុខា​ គួរ​មាន​ភាព​អត់​ធ្មត់​ និង​ការ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្រើន​ក្នុង​ការ​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល។​

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក​ កឹម សុខា​ ជាង​១.០០០​នាក់​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា ធ្វើ​ការ​ស្រែក​សុំ​ឲ្យ​ប្តូរ​លោក ​កឹម សុខា ​ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា។ ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​រំសាយ​ពី​មុខ​រដ្ឋសភា ក្រោយ​ពេល​ដែល​អ្នក​តំណាង​រដ្ឋ​សភា​ចេញ​មក​ទទួល​ញតិ្ត។​

ក៏​ប៉ុន្តែក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ដែល​គេ​ជឿថា​ នៅ​សេស​សល់​បាន​រារាំង​រថយន្ត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មុន​នឹង​អូស​តំណាងរាស្ត្រ​ចេញ​ពី​រថយន្ត និង​ធ្វើ​ការ​វាយ​តប់​នោះ។​ តំណាងរាស្ត្រ​ដែល​រង​ការ​វាយ​ដំ​យ៉ាង​ដំណំ​នោះ​ រួម​មាន​លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ និង​លោក ​ញ៉យ ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។ តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ទាំង​ពីរ​នាក់​នេះ​បាន​ចាក​ចេញ​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ។

VOA​ ព្យាយាម​ធ្វើ​ទំនាក់​ទំន​ង​លោក​ យ៉ែម ប៉ុញ្ញាឫទ្ធិ ​និង​លោក ​យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ តែ​នៅ​មិន​ទាក់​ទង​បាន។ VOA ​ក៏ពុំ​អាច​ទំនាក់​ទំនង​មន្ត្រី​ទៀត​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​បាន​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ កឹម​ សុខា​ បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ពិភាក្សា​ និង​ឯកភាព​គ្នា​ជាមួយ​លោក ​សម រង្ស៊ី ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​សើ្ន​បេក្ខជន​ អនុប្រធាន​ទី១​រដ្ឋ​សភា​ថ្មី​ជំនួស​ ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​រំលោភលើ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​បក្ស​ទាំង​ពីរ​នោះ​ឡើយ។ លោក​ សម​ រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្ថិត​នៅ​ឯ​ក្រៅ​ប្រទេស៕