អ្នក​វិនិយោគ​ទុនបរទេស​ក្នុង​ប្រទេស​ចិន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ខណៈ​ពេល​មាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច

មនុស្ស​ម្នា​មើល​រថយន្ត​ម៉ាក Mercedes ស៊េរី​ចុង​ក្រោយ​គ​បង្អស់ នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​រថយន្ត​មួយ​ក្នុង​ក្រុង​ប៉េកាំង។

យោង​តាម​ការ​ស្ទង់​មតិ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​ប្រទេស​ចិន ការ​​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ព្យាយាម​ការពារ​ក្រុមហ៊ុន​ក្នុង​ស្រុក​តាមរយៈ​ការ​បង្កើត​ជា​​ឧបសគ្គ​បន្ថែម​​ទៅ​កាន់​អ្នក​វិនិយោគ​ទុន​បរទេស។

យោង​តាម​ការ​ស្ទង់​មតិ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​ប្រទេស​ចិន ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​បាន​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ព្យាយាម​ការពារ​ក្រុមហ៊ុន​ក្នុង​ស្រុក​តាមរយៈ​ការ​បង្កើត​ជាឧបសគ្គ​បន្ថែមទៅ​កាន់​អ្នក​វិនិយោគ​ទុន​បរទេស។

ដោយ​រាយការណ៍​នូវ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​ក្រុមហ៊ុន​សមាជិក អង្គការ​ធុរកិច្ច​មួយនេះ​បាន​និយាយ​ថា «ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​៥ឆ្នាំ ក្រុមហ៊ុន​សមាជិក​បាន​លើក​ឡើង​នូវ ការ​បកស្រាយ​បទ​បញ្ញត្តិ​មិន​ស្រុះ​គ្នា និង​ក្បួន​ច្បាប់​មិន​ច្បាស់លាស់ ជា​បញ្ហា​ប្រឈម​ចម្បងក្នុង​វិស័យ​ជំនួញ»។ អង្គការ​នេះ​បន្ថែម​ថា «ការ​ទទួល​បាន​អជ្ញាប័ណ្ណ​ដែល​តម្រូវ​ការ​ឲ្យ​មាន​នោះ» បាន​ត្រឡប់​ទៅ​ជា​បញ្ហា​ក្នុង​បញ្ជី​បញ្ហា​ប្រឈម​ចម្បង​ទាំង៥​ក្នុង​វិស័យ​ជំនួញ។

ការ​អនុវត្ត​បទបញ្ញត្តិ​សន្តិសុខ​ដែល​ទើប​នឹង​បាន​អនុម័ត​បាន​លេច​ឡើង​ជា​ឧបសគ្គ​យ៉ាង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ក្រុមហ៊ុន​បរទេស។ អង្គការ​នេះបាន​និយាយ​ថា​ អ្នក​វិនិយោគទុន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​មុខ​នឹង​កង្វះខាត​តម្លាភាព ​និង​ការ​សម្រេច​ចិត្ត​ហួស​ហេតុ​ក្នុង​ការ​អនុវត្ត​បទបញ្ញត្តិ​ទាំង​នោះ។

ប្រធាន​អង្គការ AmCham នៅ​ប្រទេស​ចិន លោក James Zimmerman មាន​ប្រសាសន៍​ក្នុង​អំឡុង​ពេល​ចេញ​សំណើ​គោលនយោបាយ​នៅ​ក្រុង​ប៉េកាំង​ថា «នៅ​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ និង​មាន​លក្ខណៈជា​ប្រព័ន្ធ ជា​ពិសេស​គឺ​ជុំវិញ​បញ្ហា​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការចូល​ទៅ​ក្នុង​ទីផ្សារ​និង​ឧបសគ្គ​រារាំង​ការ​វិនិយោគ​ទុន ការ​អនុវត្ត​ច្បាប់​ និង​បទបញ្ញត្តិ​មិន​ច្បាស់លាស់​ ក៏​ដូចជា​ការ​បង្កើត និង​ការ​គោរព​ច្បាប់​ជា​ទូទៅ»។

របាយការណ៍​បាន​លើក​ឡើង​ថា វិនិយោគទុន​បរទេស​ក្នុង​ប្រទេស​ចិន​នឹង​ចុះ​ទាប​ជាង​មុន​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៥ ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ តម្លៃ​ពលកម្ម​កើន​ឡើង និង​ឧបសគ្គ​រារាំង​ការ​ចូល​ទីផ្សារ។ សេចក្តី​ព្រួយបារម្ភ​ពីរ​ទៀត គឺ​បរិយាកាស​នយោបាយ​មិន​ច្បាស់លាស់ និង ភាព​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក។

ក្រុមហ៊ុន​ពហុជាតិ​បាត់បង់​ភាព​សំខាន់​របស់​ខ្លួន

លោក Scott Kennedy អនុប្រធាន​នៃ​អង្គការ Freeman Chair in China Studies នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មាន​ប្រសាសន៍​ថា «យ៉ាងណា​ក្តី តួនាទី​នៃ​សាជីវកម្មពហុជាតិ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​ប្រទេសចិន ត្រូវ​បាន​កាត់​បន្ថយ​ជាង​មុន។ បញ្ហា​ប្រឈម​ដែល​សាជីវកម្ម​ពហុជាតិ​កំពុង​ជួប​ប្រទះ​គឺ មិន​ត្រឹមតែ​ការ​អនុវត្ត​ច្បាប់​នៅ​កម្រិត​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​គោល​នយោបាយ​ជាតិរបស់​រដ្ឋាភិបាល​ផងដែរ»។

លោក Liu Qiao ​ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ Peking មាន​មតិ​យោបល់​ផ្សេង​ចំពោះ​បញ្ហា​នេះ។

លោក​បាន​ប្រាប់ VOA ថា «ខ្ញុំ​គិត​ថា​ នេះ​ជា​ភាព​ចលាចល​ដែល​យើង​ឃើញនៅ​ក្នុង​បណ្តា​ប្រទេស​ដែលសេដ្ឋកិច្ច​ដែល​កំពុង​ងើប​ឡើង។ វា​មិន​សុទ្ធ​តែ​ទៅ​មុខ​ដោយ​រលូន​នោះ​ទេ។ ពេល​ខ្លះ​ដោយសារ​តែ​ការ​ពិចារណា​ផ្នែក​នយោបាយ វា​មាន​ការ​ងើប​ឡើង​និង​មាន​ការ​ធ្លាក់​ចុះ។ ប៉ុន្តែ​ ខ្ញុំ​គិតថា​ គ្មាន​មូលហេតុ​ណា​មួយ​ដែល​ប្រទេស​ចិន​ត្រូវ​បកក្រោយ​នៅក្នុង​ដំណើរការ​កែ​ទម្រង់​របស់​ខ្លួន​នោះ​ទេ»។

ការ​ធ្វើការ​ដោយ​មិន​មាន​ភាព​ចុះ​សម្រុង​គ្នា​ខ្លាំង

អង្គការ Amcham បាន​និយាយ​ថា ដំណើរ​ការ​យន្តការ​ផ្លូវ​ការ​ត្រូវ​បាន​យល់ឃើញ​ជារឿយៗ​ថា​ បម្រើ​ឲ្យ​គោលបំណង​ខុសគ្នា​ពី​ការ​ជំរុញ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី Li Keqiang ក្នុង​ការ​ផ្សារ​ភ្ជាប់​សេដ្ឋកិច្ច​ឧស្សាហកម្ម​ជាមួយ​នឹង​ការ​វិវត្ត​កម្រិត​ខ្ពស់ ​និង​ភាព​ជឿនលឿន​ផ្នែក​ច្នៃប្រឌិត និង​បច្ចេកវិទ្យា។ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្តិចបន្តួច​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បរទេស​ ដែល​ពី​មុន​មក​បាន​ផ្តល់​ជា​ជំនាញ​បច្ចេកវិទ្យា​និងគ្រប់គ្រងទៅ​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក។

យោង​ទៅ​តាម​របាយការណ៍ ដោយ​ហេតុ​នេះ​ហើយ ក្រុមហ៊ុន​បរទេស​ផ្នែក​បច្ចេកវិទ្យា​ជាច្រើន​ដែល​ផ្តល់​សេវា​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​បាន​សម្រេច​ចិត្ត​ថា​ នឹង​ពន្យឺត​គម្រោង​វិនិយោគ​ទុន​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០១៦។

សំណើ​គោល​នយោបាយ​មាន​ការ​លើក​ឡើង​ថា «ជាង​៨០ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​បាន​កាត់បន្ថយ​វិនិយោគទុន​របស់​ពួកគេ​ដោយសារ​តែ​ឧបសគ្គ​រារាំង​ច្រក​ចូល​ទីផ្សារ ឬ​គោល​នយោបាយ​រដ្ឋាភិបាល​ដែល​ផ្តល់​គុណវិបត្តិ​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​វិស័យ​របស់​អ្នក​ គឺជា​ក្រុមហ៊ុន​សេវាកម្ម បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​លើ​ការ​ស្រាវជ្រាវ ​និង​ការ​អភិវឌ្ឍ។

សំណើ​គោល​នយោបាយ​នេះ​បាន​បន្ថែម​ថា​ នៅ​មាន​ការ​មិន​ជឿ​ទុកចិត្ត​ទៅ​លើ​រដ្ឋាភិបាល​តាម​តំបន់​និង​លើបច្ចេកវិទ្យា​បរទេស​ក្នុង​ប្រទេសចិន ដោយ​មាន​ការ​កើន​ឡើង​ក្នុង​និន្នាការ​អ្នក​គាំពារ​និយម និង​ការ​ពឹងផ្អែក​កាន់​តែ​ខ្ពស់​លើ​បច្ចេកវិទ្យា​ពី​សម័យ​ដើម។

ក្រុមហ៊ុន​ចិន​ធំៗ​ជាច្រើន​បាន​ និង​កំពុង​តែព្យាយាម​ទិញ​ទ្រព្យ​សកម្ម ​និង​ឧស្សាហកម្ម​ជុំវិញ​ពិភពលោក។ ​ក្រៅពី​ការព្រួយ​បារម្ភ​ពី​វិនិយោគទុន​ក្រៅ​ប្រទេសរបស់​ចិន ស្ទើរ​តែ​៧០ភាគរយ​នៃ​ក្រុមហ៊ុន​អាមេរិក​មើល​ឃើញ​ថា ​សកម្មភាព​នេះ​ជា​ឱកាស​មួយ​ដើម្បី​សហការ​ និង​ពង្រីក​អាជីវកម្ម។

ក្រុមហ៊ុន​អាមេរិក​៨១ភាគរយ​និយាយ​ថា ​ពួកគេ​បានឃើញ​វិស័យ​អតិថិជន​របស់​ចិន​ថា​ជា ផ្នែក​រីក​លូតលាស់​ដ៏​សំខាន់ ពីព្រោះ​តែ​កំណើន​ទំហំ និង​ភាព​ស្តុកស្តម្ភ​របស់​ប្រជាជន​ថ្នាក់​កណ្តាល៕

ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច