សរអា​និង​សហភាព​អឺរ៉ុប​ចូលរួម​សង្កេត​ការណ៍​ប្រជុំ​សភា​ដំបូង​ តែមិន​អប​អរទេ

ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមរិក​ប្រចាំ​កម្ពុជា​លោក​វីលាម ​ថូដ ​(William E. Todd )​ ថ្លែងថា លោក​ចូល​រួម​កិច្ច​ប្រជុំ​សភា​ដំបូង​នេះ​មាន​ន័យ​ថា លោក​​គាំទ្រ​ដល់​ព្រះ​មហា​ក្សត្រ ​មិន​មែន​ជា​ការ​គាំទ្រ​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។

ភ្នំពេញ៖ សហ​រដ្ឋ​អាមេរិក​បង្ហាញ​ជំហរ​មិន​អបអរ​សាទរ​កិច្ច​ប្រជុំ​សភា​ដំបូងដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទេ។ រីឯ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ប្រកាស​ថា​ រដ្ឋ​សភា​កម្ពុជា​មិន​ទាន់​អាចបម្រើ​គោល​ដៅរបស់​ខ្លួន​បាន​ទេ។​

នេះ​គឺ​ជា​ប្រតិកម្ម​របស់​សហគមន៍អន្តរជាតិ​និង​ម្ចាស់​ជំនួយ​សំខាន់ៗ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដែល​រដ្ឋ​សភា​កម្ពុជា​បើក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​ក្រោម​ព្រះ​រាជា​ធិបតី​ភាពរបស់​ព្រះ​មហាក្សត្រ​ដោយ​សមាជិក​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប​ធ្វើ​ពហិការ។​ ហើយ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជាចំនួន​៦៨​រូប​បាន​បើក​កិច្ច​ប្រជុំ​ជា​ឯក​បក្ស។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​សុពល​ភាព​ដល់​រដ្ឋ​សភាថ្មី​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាលថ្មី។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​ ថា​តើ​លោក​ចូល​រួម​កិច្ច​ប្រជុំ​សភា​ដំបូង​នេះ​មាន​ន័យ​ថា​ បាន​ទទួល​ស្គាល់​លោក​ហ៊ុន​ សែន​និង​គណបក្ស​ប្រជាជន​ជា​ផ្លូវ​ការ​ហើយ​ឬ​យ៉ាងណា​ ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមរិក​ប្រចាំ​កម្ពុជា​លោក​វីលាម ​ថូដ ​(William E. Todd )​បាន​ប្រកែក​ថា ​«មិនមែនទេ»។

«ខ្ញុំ​មក​ថ្ងៃ​នេះ​ដើម្បី​គាំទ្រ​ដល់​ព្រះ​មហា​ក្សត្រ។ ​ប៉ុន្តែ​មិន​មែន​ជា​ការ​គាំទ្រ​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជឿ​ថា​ លទ្ធផល​បោះឆ្នោត​មាន​កំហុស​និង​ភាព​មិន​ប្រក្រតី​ដែល​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ។ ​ហើយ​យើង​ក៏​ជឿ​ដែរ​ថា ​ដើម្បី​ឲ្យ​សភា​ជាតិ​មួយ​ដំណើរការ​ទៅ​បាន អ្នក​ត្រូវ​ការ​គណ​បក្ស​ចំនួន​ពីរ»។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​ទៀត​នៅ​ថ្ងៃ​នេះ ​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​គូស​បញ្ជាក់​ថា ​វត្ត​មាន​របស់​លោក​«មិន​មែន​ជា​ការ​យល់​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ»។​

លោក​វីលាម​ ថូដ​បញ្ជាក់​បន្ថែម​ថា៖​ «សហ​រដ្ឋ​អាមេរិក​សូម​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ជាតិឡើង​វិញ​ប្រកបដោយ​តម្លា​ភាព»។

ការពិនិត្យនេះគឺដើម្បី​វាយ​តម្លៃនិង​ដោះស្រាយ​នូវ​រាល់​កំហុស​ឆ្គង​ផ្សេងៗ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ និង​ដើម្បី​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​លើ​ប្រព័ន្ធ​បោះឆ្នោត។ ​ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​ឯកភាព​គ្នា ​និង​បម្រើផល​ប្រយោជន៍​ប្រជាពល​រដ្ឋ​កម្ពុជា​ជាធំ។​ ​

សហ​រដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុបមិន​ទាន់​បាន​ថ្លែង​អបអរ​សាទរ​ ឬ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ថ្ងៃទី​២៨​ខែ​កក្កដានៅ​កម្ពុជា​នៅ​ឡើយ​ទេ​ រហូត​មកទល់​នឹង​ពេល​នេះ ​ក្រោយពី​មាន​ការ​ចោទ​ប្រកាន់​អំពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន។​
គណបក្ស​ជំទាស់​លើក​ឡើង​ថា ​ភាព​មិន​ប្រក្រតី​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ចំនួន​អាសនៈ​ដែល​ខ្លួន​គួរ​ទទួល​បាន។​

ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​សភា​ដំបូង​ ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​លើក​ឡើង​ថា​ រដ្ឋសភា​កម្ពុជា​មិនអាចបម្រើ​គោលដៅរបស់​ខ្លួន​បាន​ទេ ​ខណៈ​ដែល​ការ​បើក​កិច្ច​ប្រជុំ​សភា​ដំបូង​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម។​

ប្រតិភូ​សហភាព​អឺរ៉ុប​តំណាង​ឲ្យ​ប្រទេស​ជា​សមាជិក​ចំនួន​២៨​ប្រទេស​ ហើយ​អឺរ៉ុប​គឺ​ជា​ដៃ​គូ​វិនិយោគ​ និង​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​កម្ពុជា។​

តំណាង​ប្រទេស​ទាំង​នេះបាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួនដោយ​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សហការ​គ្នា​ដើម្បី​បំពេញ​អាណត្តិ​សភា​ដែល​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ។​

ជា​មួយ​គ្នា​នេះ ​ប្រតិភូអឺរ៉ុប​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ជម្លោះ​ដែល​កំពុង​តែកើត​មាន​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ហើយ​ប្រតិភូ​អឺរ៉ុប​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំណត់​ពី​ផល​អវិជ្ជមាន​ណា​មួយ​ដែល​បាន​កើត​ឡើង ​និង​ព្រមព្រៀង​គ្នា​លើ​ជំហាន​ឆ្ពោះ​ទៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញនៃ​ដំណើរ​ការ​បោះឆ្នោត។​

ក្រៅពី​នោះ​ ប្រតិភូ​អឺរ៉ុប​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ត​ចរចា​គ្នាដើម្បី​ការ​កែ​ទម្រង់​នានា ​ដូចជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ការ​ទម្រង់​សភា​ជាតិ ​ការ​ជំរុញ​អភិបាល​កិច្ច​ល្អ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​បណ្ឌិត​ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​កាត់​ថា​ និកហ្វិក​មាន​ប្រសាសន៍​ថា​ ថ្វី​បើ​មាន​ការ​ចូលរួម​ពី​តំណាង​សហគមន៍​អន្តរជាតិ​ និង​សង្គម​ស៊ីវិល​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ព្រឹក​មិញ​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មាន​ការ​ប្រឈម​ក្នុង​ការ​ប្រតិបត្តិ​របស់​ខ្លួន។​

«គណបក្ស​ប្រជាជន​អាច​ប្រឈម​បញ្ហា​ពីរ។​ បញ្ហាទី​១​គឺ​ប្រឈម​នឹង​ប្រជា​ពល​រដ្ឋ​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ការ​ផ្តល់​សុពលភាព​(សភា)​នៅ​ព្រឹក​នេះ។​ ប្រឈមទី​២​គឺ​ទល់​នឹង​សហគមន៍អន្តរជាតិ​ ថា​តើ​សហគមន៍​អន្តរជាតិ​នឹង​វាយ​តម្លៃ​ ថា​តើ​សភា​និង​រដ្ឋា​ភិបាល​ជា​រដ្ឋា​ភិបាល​យ៉ាងណា?»​

ដោយ​ឡែក​លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បក​ស្រាយ​ថា ​កិច្ច​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​កាល​ពី​ព្រឹក​មិញ​មាន​ភាព​ត្រឹម​ត្រូវ​តាម​គតិ​ច្បាប់​ទាំង​ស្រុង​ ដោយ​លោក​លើក​គោល​ការ​វត្តមាន​នៃ​តំណាង​រាស្ត្រ​សរុប​ចំនួន​៥០​ភាគរយ​បូក​មួយ​ ដែល​អាច​បើក​ដំណើរ​ការ​កិច្ច​ប្រជុំ​បាន។ ​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ ការ​មិន​ពេញ​ចិត្ត​លើ​កិច្ច​ប្រជុំ​នោះ​គឺ​ទិដ្ឋភាព​នយោបាយ៕​