ក្លឹប​អ្នក​កាសែត​បរទេស​​សុំ​ឱ្យ​លោក​ហ៊ុន សែន​ជួយ​រក​សហការី​បាត់​ខ្លួន

លោក ​ដេវ វ៉កគ័រ​ (Dave Walker) ​អាយុ​៥៨​ឆ្នាំ​បាន​បាត់ខ្លួន​ពី​ផ្ទះ​សំណាក់​ Green Village Angkor​ ក្នុង​ខេត្ត​សៀមរាប​រយៈ​ពេល​​ជាង​មួយ​សប្តាហ៍​មក​ហើយ។

ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​ប្រទេស​ថៃ​បាន​សរសេរ​លិខិត​មួយ​នៅថ្ងៃ​អង្គារ​នេះ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​សុំ​ឱ្យ​លោក​ខិត​ខំ​ជួយ​ស្រាវជ្រាវ​រក​អ្នក​សារព័ត៌មាន​និង​ផលិតករ​ភាពយន្ត​កាណាដា​ម្នាក់ដែល​បាត់​ខ្លួនក្នុង​ប្រទេស​កម្ពុជា​។

ក្លឹបអ្នក​សារព័ត៌មាន​នោះ​បាន​សម្តែងនូវ«ការ​រំខាន​ចិត្ត​យ៉ាង​ខ្លាំង​»​ដែលការបាត់​ខ្លួន​នេះ​នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ណាមួយ​ជាផ្លូវ​ការ។ ​នេះ​បើតាម​លិខិត​ដែល​វីអូអេ​ទទួលបាន​។​

លោក ​ដេវ វ៉កគ័រ​ (Dave Walker) ​អាយុ​៥៨​ឆ្នាំ​បាន​បាត់ខ្លួន​ពី​ផ្ទះ​សំណាក់​ Green Village Angkor​ ក្នុង​ខេត្ត​សៀមរាប​រយៈ​ពេលជាង​មួយ​សប្តាហ៍​មក​ហើយ ​ដោយ​បន្សល់​ទុក​នូវ​ សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​លោក​ដូចជា​ទូរស័ព្ទដៃ​ ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ដែល​លោក​ស្នាក់​នៅ។​ គេ​មិន​មាន​ព័ត៌មាន​ ឬ​ភស្តុតាង​បញ្ជាក់​ថា​ តើ​ការ​បាត់ខ្លួន​នេះ​បណ្តាល​មកពី​មូល​ហេតុ​អ្វីទេ។ ​

លោក ​Dave Walker ​ជាស្ថាបនិក​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​មួយ​ឈ្មោះ ​Animist​ Farm Films ​ដែល​កំពុង​ផលិត​ខ្សែ​ភាពយន្ត​មួយ​ជា​ភាសា​អង់គ្លេស ​ដែល​មាន​ ចំណង​ជើង​ថា​ «បុរស​ក្រីក្រ​បំផុត» ​ឬ​ «The Poorest ​Man »។​ ខ្សែភាព​យន្ត​រយៈ​ ពេល​៨០​នាទី​នេះ​រៀបរាប់​អំពី​អ្នកភូមិ​ម្នាក់​ ដែល​ខ្មែរក្រហម​បាន​តែង​តាំង​ឲ្យ​ ធ្វើ​ជា​ប្រធាន ​ភូមិ​ក្រោយ​ពីបាន​ដឹង​ថា​ គាត់​ជា​អ្នកក្រ​ជាង​គេ​ក្នុង​ភូមិ ហើយ​គាត់​ បាន​សង្គ្រោះ​ជីវិត​មនុស្ស​១០០​នាក់​ក្នុង​សម័យ​នោះ។​

ការណ៍​នេះ​ធ្វើ​ឱ្យ​ក្លឹប​អ្នក​សារព័ត៌មាន​សង្ស័យ​ថា​ការបាត់​ខ្លួន​អាចទាក់​ទង​នឹង​ការ​ងារ​ដែល​លោក​ Dave Walker ​កំពុង​ធ្វើ។

លិខិត​នោះ​បញ្ជាក់​ថា៖​

«ដោយ​មិន​មាន​ចេតនា​ក្នុង​ការមើល​ងាយ​ដល់​ការស៊ើបអង្កេត​ផ្លូវការ​ ការព្រួយ​បារម្ភ​ដែល​យើង​មាន​គឺ​ការបាត់​ខ្លួន​របស់​លោក​វ័កគ័រ​អាច​មាន​ជាប់​ទាក់​ទង​នឹង​ការស៊ើបអង្កេត​ដែល​លោក​កំពុង​ធ្វើ​លើ​ក្រុមខ្មែរ​ក្រហម​ដែល​នៅ​សេសសល់»។

ពួកគេ​ក៏​ស្នើ​សុំ​ឱ្យ​លោក​ហ៊ុន សែន​កុំ​ខ្លាច​ក្នុង​ការ​ស្នើ​សុំ​ជំនួយ​ពីខាង​ក្រៅ​បើ​សិន​ជា​កងកម្លាំង​ប៉ូលិស កងយោធា ​ក្រុម​ស៊ើបការណ៍​របស់​លោក​ត្រូវ​ការ​ជំនួយ។

រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តបយ៉ាង​ណា​នៅ​ឡើយទេ។ ​