របាយការណ៍មួយរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចោទប្រទេសកូរ៉េខាងជើងថាប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ហើយថាករណីខ្លះ «អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រៀបដូចទាសករ នៅក្រោមច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ»។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក Volker Turk បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលគាប់ជួននឹងការចេញផ្សាយរបាយការណ៍នេះថា៖ «ទឡ្ហីករណ៍នៅក្នុងរបាយការណ៍នេះ បង្ហាញឱ្យឃើញការរងគ្រោះយ៉ាងរន្ធត់និងធ្ងន់ធ្ងរ តាមរយៈការបង្ខំមនុស្សឱ្យធ្វើពលកម្ម និងកម្រិតនៃអំពើហិង្សា និង ការធ្វើបាបមនុស្សដូចសត្វធាតុ»។
របាយការណ៍នេះផ្អែកទៅលើប្រភពផ្សេងៗ រួមមានការសម្ភាសចំនួន១៨៣ដែលធ្វើឡើងពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៣ ជាមួយជនរងគ្រោះ និងសាក្សី នៃការបង្ខំឱ្យធ្វើពលកម្មដែលបានរត់គេចខ្លួន ហើយកំពុងរស់នៅក្រៅប្រទេស។
បើតាមរបាយការណ៍នេះ ពលរដ្ឋកូរ៉េខាងជើង ត្រូវបានគេត្រួតត្រានិងកេងប្រវ័ញ្ញ តាមរយៈប្រព័ន្ធធ្វើការដោយបង្ខំមួយ ដែលមានច្រើនស្រទាប់ ដែល «ផ្តល់ប្រភពពលកម្មដែលគ្មានប្រាក់ខែ សម្រាប់រដ្ឋ និងដែលដើរតួជាវិធីមួយរបស់រដ្ឋ ដើម្បីត្រួតត្រា ឃ្លាំមើល និង លាងខួរពលរដ្ឋទូទាំងប្រទេស»៕