ជាលើកដំបូងបង្អស់ ដែលសហរដ្ឋអាមេរិកដាក់បញ្ចូលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិកសម្រាប់អ្នកបំពានសិទ្ធិមនុស្ស។
លោក គីម និង ស្ថាប័ននិងបុគ្គលចំនួន២២ទៀត ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ចំពោះតួនាទីរបស់ពួកគេទៅលើការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលស្វែងរកចាប់ខ្លួនពួកគេរត់ចោលស្រុក ឬការរឹតត្បិតនៅក្នុងប្រទេសកូរ៉េខាងជើង។
មន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់បានប្រកាសកាលពីថ្ងៃពុធយ៉ាងដូច្នេះថា «យើងបានដាក់បញ្ចូលបុគ្គលនិងស្ថាប័នសរុបទាំងអស់ចំនួន ២៣ ទៅក្នុងរបាយការណ៍របស់យើង ហើយម្នាក់ក្នុងចំណោមនោះ គឺលោក គីម ជុងអ៊ុន។ យើងបានធ្វើការវិនិច្ឆ័យថា លោកមិនមែនជាបុគ្គលសាមញ្ញម្នាក់នោះទេ ហើយនៅទីបំផុតត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃរបបរបស់លោក ដោយរួមទាំងគោលនយោបាយគាបសង្កត់ទៅលើប្រជាជនរបស់លោកខ្លួនឯងផងដែរ»។
អនុរដ្ឋមន្ត្រីទីស្តីនៃក្រសួងរតនាគារជាតិ លោក Adam Szubin បានមានប្រសាសន៍ថា «ស្ថិតក្រោមរបបលោក គីម ជុងអ៊ុន ប្រទេសកូរ៉េខាងជើងនៅតែបន្តធ្វើអំពើឃោរឃៅនិងធ្វើបាបប្រជាជនខ្លួនឯងរាប់លាននាក់ដោយមិនអត់ឱនទាល់តែសោះ ដោយរួមមានទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបង្ខំឲ្យធ្វើការងារធ្ងន់ និងការធ្វើទារុណកម្មផងដែរ»។
ស្ថិតក្រោមបញ្ជីឈ្មោះដែលត្រូវបានគេហៅថា បញ្ជីរាយឈ្មោះមនុស្សដែលត្រូវបានគេហាមឃាត់ ទ្រព្យសម្បត្តិឬផលប្រយោជន៍របស់ជនទាំងនោះដែលស្ថិតក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិកនឹងត្រូវបង្កក។ បន្ថែមពីលើនេះទៀត ការធ្វើជំនួញរវាងប្រជាជនអាមេរិកជាមួយនឹងបុគ្គលដែលហាមឃាត់ជាទូទៅមិនត្រូវបានគេអនុញ្ញាតនោះទេ។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងគឺជារឿងដែលអាក្រក់បំផុតមួយក្នុងពិភពលោក។ ការរំលោភបំពានទាំងនេះត្រូវបានធ្វើឡើងនៅក្នុងជំរំពន្ធនាគារនយោបាយ ដែលគេប៉ាន់ស្មានថា បុគ្គលចន្លោះ ពី៨ម៉ឺនទៅ១សែន២ម៉ឺននាក់ត្រូវបានឃុំខ្លួន ដោយរួមបញ្ចូលទាំងកុមារនិងសមាជិកគ្រួសាររបស់បុគ្គលដែលត្រូវបានគេចោទប្រកាន់នោះផងដែរ៕