កសិករ​ខ្មែរ​ចាប់​ផ្តើម​ដាំ​បន្លែ​សរីរាង្គ​​ក្នុង​ទុយោ​ទឹក

នៅព័ទ្ធ​ជុំវិញ​ផ្ទះ​របស់ ​លោក ម៉ាន់ សុផល ​មាន​ដំណាំ​ស្ពៃ ​សាឡាត់ ​ខាត់ណា​និង​ប៉េងប៉ោះ​ដុះ​យ៉ាង​ស្រស់​បំព្រង​និង​ខៀវស្រងាត់​លើ​ទុយោ​ទឹក​ពណ៌​ខៀវ​ ហើយ​ដែល​ហើរ​ពណ៌​ស្ទើរ​អស់​ទៅ​ហើយ។​

ឥឡូវ​នេះ​ការ​ដាំ​បន្លែ​នៅ​កម្ពុជា​មិន​ចាំ​បាច់​ដាំ​ផ្ទាល់​នឹង​ដី​ដូច​មុន​នោះ​ទេ។ ពោល​គឺគេ​គ្រាន់​តែ​ ​ប្រើប្រាស់​ទឹកដាក់​ក្នុង​បំពង់​ដែល​មាន​ចោះ​រន្ធ​សម្រាប់​ឲ្យ​បន្លែ​លូតលាស់​និង​មាន​ប្រើប្រាស់​ជី​ផ្សំ​តែ​ប៉ុណ្ណោះ។​

វិធីសាស្ត្រ​ដាំ​បន្លែ​បែប​ទំនើប​នេះ​ត្រូវ​នាំ​ចូល​ដោយ​លោក ម៉ាន់ សុផល ​នៅ​ឆ្នាំ​២០១១។

ជា​ពលរដ្ឋ​រស់​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​ លោក​សុផល ​បានទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​នោះ ​ហើយ​បានឃើញ​ការដាំ​បន្លែ​របៀប​នេះ​ហាក់​ដូចជា​ចម្លែក​និង​គួរ​ឲ្យ​ទាក់ទាញ។

បច្ចុប្បន្ន​បុរស​ដែល​មាន​អាយុ​៤៤​ឆ្នាំ​និង​មាន​កូន​ស្រីពីរនាក់​រូប​នេះ​បាន​ក្លាយជា​ម្ចាស់​កសិដ្ឋាន​លក្ខណៈ​គ្រួសារ​មួយ​ប្រកប​ដោយ​ជោគជ័យ។

«ការ​ពិត​ទៅ​ការ​ដាំ​បន្លែ​លើ​ដី​ឬ​ដាំ​បន្លែ​លើ​ទឹក ដំបូង​យើង​ត្រូវ​ដំឡើង​ប្រព័ន្ធ​ទុយោ។ ប្រព័ន្ធ​ទុយោ​ហ្នឹង​សំខាន់​យើង​ធ្វើ​ឱ្យ​ទឹក​នីវ៉ូ​ស្មើ​គ្នា។ មុន​នឹង​ដាំ​យើង​បណ្តុះ​កូន​សិន គឺ​ពី​៧​ទៅ​១០​ថ្ងៃ​យើង​អាច​ដាំ​បាន​ហើយ។ ពេល​កូនឫស​ផុត​ពី​អេប៉ុង។ ពេល​កូន​តូច​យើង​ដាក់​នីវ៉ូ​ឱ្យ​ខ្ពស់​បន្តិច ហើយ​ពេល​បាន​១០​ទៅ​១៥​ថ្ងៃ យើង​ទម្លាក់​នីវ៉ូ​ទឹកចុះ ដើម្បី​ឱ្យ​ឫស​បែក​ទូលាយ​ល្អ និង​ស្រូប​អុកស៊ីហ្សែន​និង​លូតលាស់​បាន​ល្អ»។​

នៅព័ទ្ធ​ជុំវិញ​ផ្ទះ​របស់ ​លោក ម៉ាន់ សុផល ​មាន​ដំណាំ​ស្ពៃ ​សាឡាត់ ​ខាត់ណា​និង​ប៉េងប៉ោះ​ដុះ​យ៉ាង​ស្រស់​បំព្រង​និង​ខៀវស្រងាត់​លើ​ទុយោ​ទឹក​ពណ៌​ខៀវ​ ហើយ​ដែល​ហើរ​ពណ៌​ស្ទើរ​អស់​ទៅ​ហើយ។​

សំបុរ​ស្រអែម​ដោយសារ​កំដៅ​ថ្ងៃ​ ម្ចាស់​កសិដ្ឋាន​រូប​នេះពន្យល់​ថា​ការ​ដាំ​បន្លែ​លើ​ទុយោ​ទឹក​នេះ​ត្រូវការ​ការ​ដំឡើង​រោង​និង​សម្ភារៈ​ដាំ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទុយោ​ដែល​មាន​មុខ​កាត់​ចាប់​ពីទំហំ​៧,៥សង់ទីម៉ែត្រ​ឡើង​ទៅ អេប៉ុង ប្លាស្ទិក ជីសរីរាង្គ​ប្រភេទ​AB​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ កូន​កញ្ច្រែង​ខ្មៅ និង​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ទឹក។

លោក​រៀបរាប់​បន្ថែម​ថា​ដំបូង​គេត្រូវ​កាត់​អេប៉ុង​ជា​កង់ៗ​បួន​ជ្រុង​ទំហំ​២​សង់ទីម៉ែត្រ និង​ចោះ​ប្រហោង​កណ្ដាល​សម្រាប់​ញាត់​គ្រាប់បន្លែ រួច​ចាក់​ទឹក​ឱ្យ​សើម​ល្មម​ចូល​ក្នុង​អេប៉ុង ដោយ​ទុក​ឱ្យ​អេប៉ុង​ជ្រាប​ទឹក​បាន​ល្មម មុន​នឹង​ញាត់​គ្រាប់​បន្លែ​ចូល។ ការ​បណ្ដុះ​នេះត្រូវ​ប្រើ​រយៈ​ពេល​ពី​មួយ​សប្តាហ៍​ទៅ​១០​ថ្ងៃ ទើប​យក​អេប៉ុង​ដែល​មាន​ពន្លក​បន្លែ​ទៅ​ដាក់​ក្នុង​កូន​កញ្ច្រែង​ខ្មៅ។ ហើយ​យក​កូន​កញ្ច្រែងនេះ​ទៅ​ដាក់​នៅ​ក្នុង​រន្ធ​ទុយោ​ទឹក​ដែល​ចោះ​ជា​រង្វង់ប៉ុន​ពែង​តែ ដោយ​ទុក​គម្លាតពី​គ្នា​ប្រមាណ​មួយ​ចំអាម​ដៃ។

បន្ទាប់​មក​ត្រូវបង្ហូរ​ទឹក​ចូល ដោយ​ប្រើ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ទឹក។ នៅ​ពេល​បន្លែ​ដុះ​បាន​១៥​ថ្ងៃ គេ​យក​ទឹក​១០​លីត្រ​លាយ​ជាមួយ​ជី ​AB​៣០​សេ​សេ ទៅ​ស្រោច​ក្នុង​ថ្នាល​និង​គុម្ព​បន្លែ​នីមួយៗ រហូត​ដល់​ថ្ងៃ​ប្រមូល​ផល ៤០​ទៅ​៤៥​ថ្ងៃ។

លោក សុផល បន្ថែម​ថា​បន្ទាប់​មក​យក​កូន​បន្លែទៅ​ដាំ​ក្នុង​ទុយោ​បង្ហូរ​ទឹក គេ​ត្រូវ​ប្រក់​ប្លាស្ទិក​និង​រាយ​សំណាញ់​ពី​ខាង​ក្រៅ​រោង​ដើម្បី​ការពារ​កម្ដៅ​និង​សត្វ​ល្អិត។

«បើ​យើង​អត់​ធ្វើ​រោង ពេល​ដាំ​ទៅ​វា​នៅ​ទី​វាល​ពេក ​ទាក់ទង​ហ្នឹង​សាឡាត់​យក​មក​ពី​គេ វា​ចាញ់​កម្ដៅ។ បើ​យើង​ធ្វើ​រោង​ទៅ​វា​ប្រក់​ប្លាស្ទិកៗ​ហ្នឹង​វា​UV​កាត់​បន្ថយ​កម្ដៅ​បាន​៣០​ភាគរយ ហើយ​សំណាញ់​ខាង​ៗ​ហ្នឹង​យើង​បាំង​វា​កុំ​ឱ្យ​សត្វ​ល្អិត​ចូល»។

ការដាំដុះបន្លែ​របៀប​នេះ​មាន​ភាព​ងាយ​ស្រួល​ជាង​ការដាំដុះ​លើ​ផ្ទៃដី ​ប៉ុន្តែ​វា​ចាំ​បាច់​ត្រូវ​ប្រើ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ទឹក​ដើម្បី​បូម​និង​ផ្លាស់ប្ដូរ​ទឹក​ជា​ប្រចាំ។

«ទំហំ​ទុយោ​តូច កម្រាស់​វា​ស្ដើង ហើយ​ចំនួន​ទឹក​តិច ហើយ​ពេល​ក្ដៅ​ខ្លាំង​មក​វា​ធ្វើ​ឱ្យ​ទឹក​ហ្នឹង​ក្ដៅ ពេល​ទឹក​ហ្នឹង​ក្ដៅ វា​ធ្វើ​ឱ្យ​ខូច​ដល់​ឫស​ អាច​ថា​រលួយ​ឫសឬ​ការ​ធំធាត់​ហ្នឹង​យឺត។ ហើយ​ពេល​យើង​ដាក់​ម៉ូទ័រ​ឱ្យ​វា​ប្ដូរ​ទៅ ទឹក​ក្ដៅ​អ៊ុនៗខាង​លើ​វា​ប្ដូរ​ទៅ​ធុង​ធំ​ខាង​ក្រោម ហើយ​ធុង​ធំ​ខាង​ក្រោម​ត្រជាក់ ពេល​ប្ដូរ​មក​ធ្វើ​ឱ្យ​បន្លែ​ហ្នឹង​ធំ​ធាត់​លឿន»។

បញ្ហា​ប្រឈម​ចម្បង​នៃ​ដាំ​បន្លែ​ប្រភេទ​នេះ​គឺ​ចាញ់​នឹង​កម្ដៅ និង​អាច​ឆ្លង​រោគ​ដែល​ធ្វើ​ឱ្យ​ស្លឹក​បន្លែ​រួញ​ប្រសិន​បើ​ថែ​ទាំ​មិន​បាន​ដិត​ដល់ ប៉ុន្តែ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​សារជាតិ​ម្យ៉ាង​ឈ្មោះ​ខ្លរ៉ូរ៉ូម៉ា។ ហើយ​ដើម្បី​កម្ចាត់​សត្វ​ល្អិត​ពី​បន្លែ គេ​ត្រូវ​យក​ថ្នាំ​ជក់​១​គីឡូក្រាម លាយ​ជាមួយ​ទឹក​២០​លីត្រ រួច​យក​ទៅ​ស្ងោរ​ឱ្យ​ពុះ​រួច​ទុក​ឱ្យ​ត្រជាក់​ មុន​នឹង​យក​ទៅ​ស្រោច​និង​បាញ់​លើ​បន្លែ។ ការ​កម្ចាត់​សត្វ​ដោយ​វិធី​សាមញ្ញ​នេះ​មិន​មាន​សារជាតិ​គីមីនោះ​ឡើយ។

មួយ​ខែ​ៗ លោក​សុផល អាច​ប្រមូល​ផល​បាន​ប្រហែល​១០០​គីឡូក្រាម ​ដោយ​ដាំ​លើ​ថ្នាល​ចំនួន​បី​រង ដែល​មាន​ប្រវែង​៦​ម៉ែត្រគុណ​១០​ម៉ែត្រ ​១២ម៉ែត្រ​គុណ​នឹង​១៣​ម៉ែត្រ និង​១,៥​គុណ​១០​ម៉ែត្រ។ ហើយ​ក្នុង​មួយ​រង​លោក​ត្រូវ​ចំណាយ​ថ្លៃ​ដំឡើង​ចន្លោះ​ពី​មួយ​ពាន់​ទៅ​បី​ពាន់​ដុល្លារ។

លោក​អាចលក់​បាន​ក្នុង​តម្លៃ​១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ​ហើយ​បន្ទាប់​ពី​ទូទាត់​ទៅ​លើ​ថ្លៃ​ទឹក ភ្លើង ​ជី និង​អេប៉ុង​ហើយ លោក​ចំណេញបាន​ប្រាក់​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ឬ​ប្រហែល​មួយ​លាន​រៀល​ក្នុង​មួយ​ខែ។

បន្លែ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅ​តាម​ហាង​អាហារនិង​លក់​រាយ​ទៅ​ឱ្យ​អតិថិជន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​បរទេស ​ហើយ​តម្រូវការ​បន្លែ​ប្រភេទ​នេះ​កំពុងកើន​ឡើង ដូច្នេះ​លោក​សុផល​គ្រោង​នឹង​ជួល​ឬ​ទិញ​ដី​បន្ថែម​ដើម្បី​ពង្រីក​ការ​ដាំ​ដុះ​នេះ។

អ្នកស្រី ពេញ ច័ន្ទម៉ារីណា ជា​អតិថិជន​ម្នាក់​ដែល​បាន​ទិញ​បន្លែ​សាឡាត់​របស់​លោក សុផល

ប្រមាណ​៥០​គីឡូក្រាម​ក្នុង​មួយ​ខែ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​កុម្ម៉ង់​តាម​ក្រុមហ៊ុន ថ្លែង​ថា​ទោះ​បី​ជា​តម្លៃ​ខ្ពស់​ជាង​បន្លែ​នៅ​តាម​ទីផ្សារ​បន្ដិច​ក៏​ដោយ ប៉ុន្តែ​ការ​ដាំ​ដុះ​ប្រភេទ​នេះមិន​ប្រើ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព។

«ទីផ្សារ​រាង​ថ្លៃ​ជាង​គេ​មែន ប៉ុន្តែ​កន្លែង​ហ្នឹង យើង​អាច​ទុក​ចិត្ត​បាន។ អត់​ប្រើ​គីមី យើង​អាច​ទុក​ចិត្ត​បាន»។

លោក សុផល អះអាង​ថា​ការ​ដាំ​បន្លែ​ដោយ​ប្រើ​ទុយោ​ទឹក​នេះ​សាក​សម​ចំពោះ​អ្នក​ដែល​មាន​ទីធ្លា​ដាំ​ដំណាំតូច​និង​អ្នក​ដែល​រវល់​ធ្វើ​កិច្ច​ផ្សេង​ទៀត ព្រោះ​ការ​ដាំ​របៀប​នេះមិន​ត្រូវ​ការ​ចំណាយ​ពេល​ថែ​ទាំ​ច្រើន​នោះ​ទេ។ ហើយ​មក​ទល់​ពេល​នេះ​មាន​កសិដ្ឋាន​លក្ខណៈ​គ្រួសារ​ប្រភេទ​នេះ​ប្រមាណ​១០​កន្លែង​ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នេះ​បាន​ទាក់ទងឱ្យ​លោក​ជួយ​បណ្ដុះ​បណ្ដាល​និង​ដំឡើង​រោង​ឱ្យ។

សូម​បញ្ជាក់​ថា​បច្ចេកទេស​ដាំ​បន្លែ​ដោយ​ប្រើ​ទឹក​នេះ ត្រូវ​បាន​រក​ឃើញ​ដំបូង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Francis Bacon នៅ​សតវត្សរ៍​ទី​១៧​ និង​អនុវត្ត​បាន​ជោគជ័យ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ដើម​សតវត្ស​ទី​២០​ ហើយ​មក​ទល់​ពេល​នេះ​មាន​ប្រទេស​ជា​ច្រើន​បាន​អនុវត្តបច្ចេកទេស​ដាំ​បន្លែ​ប្រភេទ​ថ្មី​នេះ៕